សន្តិសុខសង្គម
បង្រ្កាបក្រុមក្មេងទំនើងពីភ្នំពេញ ៥ នាក់ ធ្វើសកម្មភាពប្លន់ម៉ូតូពេលយប់នៅកំពង់ចាម
វិធានការកណ្ដាប់ដៃដែករបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បញ្ជាឱ្យកម្លាំងជំនាញ បើកការស្រាវជ្រាវ រហូតបង្រ្កាបឃាត់បានមុខសញ្ញាក្រុមក្មេងទំនើងចំនួន ៥ នាក់ មកពីរាជធានីភ្នំពេញ ហើយបានធ្វើសកម្មភាព ដោយប្រើអាវុធ (កាំបិតបុ័ងតោ និងកាំបិតផ្គាក់) គំរាមយកម៉ូតូ ក្នុងភូមិសាស្រ្តកំពង់ចាម។

នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០០ និង ១៥ នាទី រំលងធ្រាត ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ មានករណីក្រុមក្មេងទំនើងធ្វើសកម្មភាព ប្រើអំពីហិង្សា ដោយប្រើអាវុធ (កាំបិតបុ័ងតោ និងកាំបិតផ្គាក់) គំរាមយកម៉ូតូតាមផ្លូវ ស្ថិតក្នុងភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បន្ទាប់ពីហេតុការណ៍កើតឡើង និងទទួលបានពាក្យបណ្ដឹង ភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវ រហូតបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យចំនួន ៥ នាក់ និងដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន ៣ គ្រឿង ក្នុងនោះម៉ូតូ ២ គ្រឿងជាមធ្យោបាយប្រព្រឹត្តបទល្មើស និងម៉ូតូ ១ គ្រឿងទៀតជាម៉ូតូរបស់ជនរងគ្រោះ។

ផ្អែកតាមចម្លើយសារភាពរបស់ក្រុមក្មេងទំនើងទាំង ៥ នាក់ខាងលើ បានឱ្យដឹងថា ក្រុមខ្លួនបានធ្វើដំណើរមកពីរាជធានីភ្នំពេញ ឆ្ពោះមកខេត្តកំពង់ចាម ហើយបានធ្វើសកម្មភាព យកកាំបិតបុ័ងតោ និងកាំបិតផ្គាក់ និងមធ្យោបាយម៉ូតូចំនួន ២ គ្រឿង ដេញកាប់ជនរងគ្រោះ គំរាមយកម៉ូតូ នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០០ និង ១៥ នាទី រំលងធ្រាត ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ចំណុចតាមផ្លូវ ស្ថិតក្នុងភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង ៥ នាក់ខាងលើឃាត់ខ្លួន បញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ ចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។ ក្រុមក្មេងទំនើងចំនួន ៥ នាក់នេះ មិនបានរស់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាមឡើយ។

គួរបញ្ជាក់ថា អនុវត្តតាមអនុសាសន៍របស់ សម្ដេចមហាបរវធី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងក្រោមការចង្អុលណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ឯកឧត្តម នាយឧត្ដមសេនីយ៍ ថា ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវវិធានការក្ដៅ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ និងហ្មត់ចត់បំផុត ដល់គ្រប់កម្លាំងជំនាញពាក់ព័ន្ធ ជាវិធានការកណ្តាប់ដៃដែក ដែលត្រូវបន្ដពង្រឹងយុទ្ធនាការ បង្ការ និងបង្ក្រាប រាល់សកម្មភាពក្មេងទំនើង ដូចភ្លើងរលឹម ក្រោមប្រធានបទ “ងើបមួយវៃមួយ ងើបពីរវៃពីរ”៕
អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


