Connect with us

សន្តិសុខសង្គម

មុខរបរដកព្រលឹត អាចរកប្រាក់ចំណូលក្នុងមួយថ្ងៃពី ៤មុឺន ទៅ៦ មុឺនរៀល

បានផុស

នៅ

ការប្រកបមុខរបរចិញ្ចឹមជីវិត គឺសុទ្ធតែមានតម្លៃទាំងអស់ មិនថាមុខរបរនោះជាមុខរបរទាប ឬខ្ពស់នោះឡើយ ហើយជាមុខរបរដ៏ថ្លៃថ្នូរបំផុត និងប្រកបដោយភាពសុច្ចរិត លើកលែងតែមុខរបរទុច្ចរិតប៉ុណ្ណោះ ដែលសង្គម និងមនុស្សទូទៅស្អប់ខ្ពើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីវ័យជាង ៣០ឆ្នាំ ឈ្មោះ វ៉ន ស៊ីណា រស់នៅក្បែរទំនប់អាងភាស ស្ថិតក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលកំពុងអង្គុយលាងសម្អាតដើមព្រលឹត បានរៀបរាប់ថា រៀងរាល់ថ្ងៃរូបគាត់តែងតែចែវទូកចូលទៅក្នុងផ្ទៃអាងភាសធំល្វឹងល្វើយដើម្បីរកដកព្រលឹត និងរើសខ្យងជាដើម ដើម្បីយកមកលក់ចិញ្ចឹមគ្រួសារ។

អ្នកស្រីបានបន្តថា នៅរៀងរាល់ថ្ងៃ គឺគាត់ដកដើមព្រលឹតយកមកកាត់ប្រវែងប្រហែលកន្លះម៉ែត្រ រួចចងជាបាច់ប៉ុនៗកដៃ ដើម្បីយកទៅលក់ឲ្យគេនៅទីផ្សារ ដោយបានតម្លៃក្នុងមួយបាច់ ៣០០ រៀល។ បើទោះជាតម្លៃដើមព្រលឹតថោកយ៉ាងណាក៏ដោយ ក៏ការព្យាយាមប្រឹងប្រែងរបស់អ្នកស្រី គឺក្នុងមួយថ្ងៃគាត់អាចលក់បានចាប់ពីជាង ១០០បាច់ឡើងទៅ បើគិតជាទឹកប្រាក់ក្នុងមួយថ្ងៃគាត់អាចរកចំណូលបានចាប់ពី ៤មុឺន ទៅ ៦មុឺនរៀល ដែលមុខរបរនេះគឺជាមុខរបរក្បែរផ្ទះដែលធ្វើឲ្យគ្រួសារគាត់រស់បាន ហើយមិនចាំបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេសនោះឡើយ។

ជាចុងក្រោយស្ត្រីរូបនេះបានសង្កត់ធ្ងន់ថា អ្វីដែលយើងរកបាននៅក្នុងស្រុក ហើយអាចរស់ល្មមសមរម្យក៏យើងមិនចាំបាច់នាំគ្នាធ្វើចំណាកស្រុក ទៅក្រៅប្រទេសនោះឡើយ ដោយសារម្យ៉ាងរស់បែកពីក្រុមគ្រួសារសាច់ញាត ម្យ៉ាងទៀតនៅក្រៅស្រុកក៏មិនជាស្រួលប៉ុន្មាននោះឡើយ។ ដោយស្ត្រីរូបនេះក៏បានផ្ដាំផ្ញើទៅប្រជាពលរដ្ឋថា បើមានការងារអ្វីរកបានហើយល្មមនឹងរស់ស្រួល គួរតែធ្វើនៅក្នុងស្រុកយើងប្រហែលប្រសើរជាងធ្វើពនេចរ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម