សន្តិសុខសង្គម
អាវុធហត្ថរាជធានីបង្ក្រាបក្រុមឆបោក២នាក់ ក្នុងទំហំទឹកប្រាក់៧លានដុល្លារសហរដ្ឋអាមេរិក
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនជាតិស្បែកខ្មៅ ២នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ដែលជាក្រុមឆបោកក្នុងទំហំទឹកប្រាក់៧លានដុល្លារសហរដ្ឋអាមេរិក ខណៈ៣នាក់ទៀតកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ថែម។

តាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ករណីនេះក្រុមជនសង្ស័យបានលួងលោមជនរងគ្រោះឲ្យយកប្រាក់ដុល្លារពិតប្រាកដមកលាងជាមួយម្សៅ ហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅ ដែលក្រុមនោះអះអាងប្រាប់ជនរងគ្រោះថា ក្រោយពីលាងរួចនឹងអាចចាយបាន ហើយនឹងចែកឲ្យជនរងគ្រោះ១ទ្វេ៣ ឬ១ទ្វេជា៥ ដោយខ្លួនមានលុយប្រឡាក់ទឹកខ្មៅនេះច្រើនជាច្រើនលានដុល្លារ។

ដោយចាញ់ល្បិចលួងលោមឆបោករបស់ក្រុមជនសង្ស័យបន្ទាប់ពីទទទួលបានប្រាក់១ម៉ឺនដុល្លារពីក្រុមជនសង្ស័យ ជនរងគ្រោះបានប្រគល់ប្រាក់ជាបន្តបន្ទាប់ទៅឲ្យក្រុមជនសង្ស័យរហូតដល់៧លានដុល្លារដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅ ចំនួន២៨លានដុល្លារដើម្បីបានប្រាក់ចំនួន២៥លានដុល្លារ មកវិញ។

តាមបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដំបូងឡើយជនរងគ្រោះ បានយកប្រាក់ដុល្លារពិតប្រាកដចំនួន ២ពាន់ដុល្លារ ឲ្យក្រុមឆបោកដាក់ចូលម៉ាស៊ីន ក្រឡុកជាមួយម៉្សៅ និងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល ៨ពាន់ដុល្លារ តែមុនពេលក្រឡុក ក្រុមឆបោកបានឲ្យជនរងគ្រោះលេបថ្នាំ ដោយប្រាប់ថាដើម្បីការពារការពុលម្សៅគីមីដែលក្រឡុកប្រាក់ ហើយពួកវាក៏លេបឲ្យមើលមុនផងដែរ។ មួយសន្ទុះក្រោយមកឃើញថា ប្រាក់ចេញមកវិញ ចំនួន១ម៉ឺនដុល្លារ សុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដ អាចចាយបាន (ត្រង់នេះជាល្បិចបន្លំមួយ) បន្ទាប់មក ក្រុមឆបោកក៏ប្រគល់ប្រាក់ដែលទើបលាងរួច ឲ្យទៅជនរងគ្រោះទាំងអស់ (ត្រង់នេះជាល្បិចចិត្តសាស្ត្រមួយ) ក្រោយមកជនរងគ្រោះក៏មានការទុកចិត្ត ជឿលង់ទៅលើជនឆបោកទាំងស្រុង បានប្រគល់ប្រាក់ជាបន្តបន្ទាប់ឲ្យទៅជនឆបោកទាំងនោះ រហូតដល់ចំនួន ៧លានដុល្លារ ដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅ ចំនួន ២៨លានដុល្លារ ហើយក្រុមឆបោក បានបែងចែកឲ្យជនរងគ្រោះ ចំនួន២៥លានដុល្លារ គ្រាន់តែរាងរាល់ពេលដកប្រាក់ចេញពីម៉ាស៊ីនក្រឡុក គឺក្រុមឆបោកបានវេចខ្ចប់រុំស្កុតពណ៌លឿង និងប្រាប់ថា ប្រាក់ទាំងនេះ មិនទាន់ឲ្យហែកភ្លាមៗទេ ត្រូវទុកច្រើនខែសិន ទើបហែកស្កុតបាន បើមិនអញ្ចឹង នឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដឡើយ។ ក្រោយមក១ខែ ជនរងគ្រោះមានការសង្ស័យក៏បានហែកដុំប្រាក់ទាំងនោះមើល ក៏ឃើញថា សុទ្ធតែជាប្រាក់ដុល្លារសែនខ្មោច និងក្រដាស់សសុទ្ធទាំងអស់ ទើបដឹងថាចាញ់បោកគេ។

ជាលទ្ធផល ជនរងគ្រោះខាតបង់ប្រាក់រហូតដល់ ៧លានដុល្លារ ដែលលោកសន្និដ្ឋានថា គឺក្រុមឆបោកបានបន្លំប្តូរប្រាក់ នៅពេលដាក់ចូលក្នុងម៉ាស៊ីន ដោយត្រឡប់ប្រាក់ពិតប្រាកដចុះទៅក្នុងប្រអប់សម្ងាត់នៅបាតម៉ាស៊ីន និងជំនួសមកវិញនូវប្រាក់សែនខ្មោច ហើយសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានត្រឹមជនជាតិស្បែកខ្មៅ ២នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ រីឯបក្ខពួកជនល្មើសដែលនៅសេសសល់កំពុងស្រាវជ្រាវស្វែងរកបន្ត។

ជាមួយនឹងបទពិសោធន៍ដែលធ្លាប់ជួប និងបង្ក្រាបបានជាច្រើនករណី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អំពាវនាវដល់ប្រជាពលរដ្ឋសូមមានការត្រិះរិះដោយប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត កុំឲ្យសេចក្តីលោភលន់ មកបិទបាំងភ្នែក និងរារាំងដល់ការពិចារណាបាន ព្រោះថា លើលោកនេះ ពុំមានផលប្រយោជន៍ឯណារត់មករកយើងដោយឯកឯងទេ៕
អត្ថបទ៖ សុភា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
នយោបាយ៦ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការក្ដៅលើម្ចាស់រថយន្តដែលចតលើ ផ្លូវថ្មើរជើងជាប់របងវិទ្យាល័យសន្ធម៉ុក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស