Connect with us

កីឡា

ការ​ប្រកួត«វឌ្ឍនៈ​លេជេនស៍» បើក​ជា​ផ្លូវ​ការ​ក្រោម​វត្តមាន​ឥស្សរជន និង​កីឡាករល្បីៗ​លំដាប់​ពិភព​លោក

បានផុស

នៅ

ការ​ប្រកួត​កីឡា​វាយកូនហ្គោល​អន្តរជាតិ​ធំ​បំផុត​លើក​ដំបូង​នៅ​កម្ពុជា​គឺ «ពាន​រង្វាន់ វឌ្ឍនៈ​លេជេនស៍»​ត្រូវ​បាន​បើក​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​ទី​​១៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នៅ​ទី​លាន​ វឌ្ឍនៈ ហ្គោល រីហ្សត ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សម្តេច​ ទ្រង់​ឯកឧត្តម អ្នក​ឧកញ៉ា លោក​ឧកញ៉ា កីឡាករ​ល្បី​ៗ​លំដាប់​ពិភព​លោក និង​ភ្ញៀវ​កិត្តិយស​យ៉ាង​ច្រើន​កុះករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​បើក្រោម​វត្តមាន​ដ៏​ខ្ពង់​ខ្ពស់របស់​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ, សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ, ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, លោក ថោង ខុន ទេសរដ្ឋ​មន្ត្រី​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា តំណាង​អង្គទូត អ្នក​ឧកញ៉ា លោក​ឧកញ៉ា ដែល​ជា​សហស្ថាបនិក​​វឌ្ឍនៈ អ្នក​ឧកញ៉ា​ជា​អគ្គនាយក ឯកឧត្តម​ លោក​ជំទាវ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត។

ជា​ពិសេស​ទៀត​នោះ កីឡាករ​វាយកូនហ្គោល​ល្បី​ៗ​លំដាប់​ពិភព​លោក​ប្រមាណ​៦០​នាក់​មក​ពី​ទូទាំង​ពិភព​លោក​បាន​ចូល​រួម​ការ​ប្រកួត។ កីឡាករល្បី​ៗ​ទាំង​នោះ​​មាន​កីឡាករ​ជន​ជាតិ​អង់គ្លេស ៨ នាក់ និង​កីឡាករ​មក​ពី​ប្រទេស​ ស្កុតឡេន វែលស៍ ប្រេស៊ីល អូស្ត្រាលី ស៊ុយអែត អាហ្វ្រិក​ខាង​ត្បូង នូវែលហ្សេឡង់ អាល្លឺម៉ង់ ឥណ្ឌា អៀរឡង់ ហូឡង់ និង អ៉ីតាលី​​ ជា​ដើម។

ក្នុង​នោះ​មាន​លោក Michael Campbell ដែល​ជា​ម្ចាស់​ជើង​ឯក​​ U.S Open កាល​ពី​ឆ្នាំ ២០០៥ ក៏​បាន​ចូល​រួម​វាយកូនហ្គោល​ដើម្បី​បើក​ព្រឹត្តិការណ៍​ប្រកួត​ដែរ។

ថ្លែង​ក្នុង​ពិធី​បើក អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិក​ក្រុម​ហ៊ុន​វឌ្ឍនៈគ្រុប បាន​ចាត់​ទុក​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​វាយកូន​ហ្គោល​អន្តរជាតិ​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន​នៅ​កម្ពុជា​នេះ​​​ប្រៀប​ដូច​ជា​ប្រសិទ្ធពរ​ជ័យ និង​អបអរសាទរ​ដល់​កិច្ច​ព្រៀម​ព្រង​សន្តិភាព​រវាង​កម្ពុជា និង ថៃ។

តាមរយៈ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កាប្រកួត​ជើង​ឯក​លំដាប់​ពិភព​លោក ​កម្ពុជា​កំពុង​ប្រកាស​ប្រាប់​ពិភពលោក​ថា៖ «យើង​ជា​ទិសដៅ​សកល​ដ៏​លេចធ្លោ​មួយ​»។

ការ​ប្រកួត​នេះ​​ជា​ការ​បំផុស​គំនិត​សម្រាប់​យុវជន​ជំនាន់​ក្រោយ និង​ជា​ឱកាស​ដ៏​កម្រ​មួយ​សម្រាប់​យុវជន​កម្ពុជា​បាន​ឃើញ​ភាព​លេចធ្លោ​កម្រិត​ពិភពលោក​នៅ​លើ​ទឹកដី​របស់​ខ្លួន។ នេះ​ជា​ឱកាស​សម្រាប់​បដិសណ្ឋារកិច្ច និង​វប្បធម៌​​—ដែល​តំណាង​ដោយក្រុមហ៊ុន​ ទីលានវាយកូនហ្គោល វឌ្ឍនៈហ្គោលរីហ្សត ដែល​បញ្ចូល​កេរដំណែល​វប្បធម៌​ខ្មែរ—ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​អន្តរជាតិ ពង្រឹង​កេរ្តិ៍ឈ្មោះ​កម្ពុជា​សម្រាប់​ការ​រួបរួម និង​ការ​រីកចម្រើន។ ព្រឹត្តិការណ៍​ជើងឯក​នេះ​កំពុង​បើក​ទំព័រ​ថ្មី​សម្រាប់​ទេសចរណ៍ និង​កីឡា​កម្ពុជា ព្រមទាំង​ពង្រឹង​ចំណង​មិត្តភាព​អន្តរជាតិ​ជា​លំដាប់។

ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​នៅ ទីលាន​វាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត គឺ​ជា​ភស្តុតាង​ដែល​ថា​កម្ពុជា​មាន​លទ្ធភាព​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ដ៏​ធំ និង​បង្ហាញ​ពី​ភាព​រីកចម្រើន​របស់​ខ្លួន​ជា​ទិសដៅ​ទេសចរណ៍ និង​កីឡា​ដ៏​ប្រណីត។

ព្រឹត្តិការណ៍​កីឡា​វាយ​កូន​ហ្គោល​អន្តរជាតិ​ដ៏​ធំ​លើក​ដំបូង​នេះ​មិន​ត្រឹម​តែផ្សព្វផ្សាយ​​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​ផ្សាយ​ទៅ​កាន់​ទ្វីប​អាស៊ី អឺរ៉ុប សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ដើម្បី​ឲ្យ​ឃើញ​ពី​សក្តានុពល​កម្ពុជា។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ៗ​នៅ​លើ​ពិភព​លោក​​ជា​ច្រើន​នឹង​ផ្សាយ​បន្តពី​កម្ពុជា​មាន​ដូច​ជា ​Sky Sports, GOLF, CANEL+, VIASAT SPORT និង Super Sport ជា​ដើម។

ជើង​ឯកវឌ្ឍនៈឡេជិន​ នឹង​រៀបចំ​នៅ​លើ​ទី​លានកីឡា​វាយកូន​ហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់ ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥។ នៅ​ថ្ងៃចន្ទ អង្គារ៍ ពុធ ជា​ពេល​វេលា​​អញ្ជើញ​មក​ដល់ និង​ការ​ហ្វឹក​ហាត់​របស់​កីឡាករ។ ថ្ងៃ​ព្រហស្បតិ៍ ការ​ប្រកួត​ប្រូ-អែម ផ្លូវ​ការ​រវាង​ភ្ញៀវ និង​កីឡាករ​អាជីព។ ថ្ងៃ​សុក្រ ការ​ប្រកួត​ជុំ​ទី១ សម្រាប់​តែ​កីឡាករ​អាជីព និង​ថ្ងៃ​សៅរការ​ប្រកួត​ជុំ​ទី​២ សម្រាប់​តែ​កីឡាករ​អាជីព ខណៈ​ថ្ងៃអាទិត្យ ការ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម