Connect with us

កីឡា

ចប់​ដំណាក់​កាល​ទី​១ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ​ច្រើន​ជាង​គេ ខណៈ​ភ្នំពេញក្រោន ចាញ់​តិច​ជាង​គេ

បានផុស

នៅ

ព្រះ​ខ័ន​រាជ​ស្វាយរៀង ជាក្រុម​ធ្វើ​​បាន​ល្អ​ជាង​គេ​នៅ​លីគ​បាល់ទាត់​កំពូល​កម្ពុជា រដូវ​កាល ២០២៥-២៦ បន្ទាប់​ពី​ចប់​ដំណាក់​កាល​ទី​១ ដោយ​កាន់តែ​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការ​ឈ្នះ​ជើង​ឯក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លង​កាត់​​ ២០ ប្រកួត ព្រះ​ខ័ន​រាជ​ស្វាយរៀង រក​បាន ៥១ ពិន្ទុ ឈរ​លើ​កំពូល​តារាង តាម​រយៈការ​ឈ្នះ ១៧ ប្រកួត និង​​ ចាញ់ ៣ ប្រកួត។ ពួក​គេ​ នាំ​មុខ ៥ ពិន្ទុលើ​ ភ្នំពេញ​ក្រោន ដែល​មាន ៤៦ ពិន្ទុ ពី​ការ​ឈ្នះ ១៤ ស្មើ ៤ និង​ចាញ់។ ព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​ក្រុម​ទទួល​បាន​ជ័យជម្នះ​ច្រើន​ជាង​គេ គឺឈ្នះ ១៧ ប្រកួត ប៉ុន្តែ​មិន​ធ្លាប់​ស្មើ​ឡើយ​ ខណៈ ភ្នំពេញ​ក្រោន ជា​ក្រុម​​ចាញ់​តិច​ជាង​គេ គឺ ២ ប្រកួត។

ជា​មួយ​គ្នា​នេះ អង្គរថាយហ្គឺរ ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ បន្ទាប់​ពី​ជើង​ទី១​ធ្វើ​បាន​យ៉ាង​ល្អ ហើយ​ដើម​ជើងទី​២ ធ្វើ​មិន​សូវ​បាន​ល្អ ប៉ុន្តែ​ចុង​ជើង​ទី​២ ពួក​គេ​ធ្វើ​បានល្អ​វិញ។ ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀម​រាប ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​តារាង បន្ទាប់​ពី​ឈ្នះ ១១ ស្មើ ៣ និង​ចាញ់ ៦។

ណាហ្គាវើលដ៍ ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ៤ មាន ៣៥ ពិន្ទុ ពី​ការ​ឈ្នះ ១០ ស្មើ ៥ និង​ចាញ់ ៥ ហើយ បឹងកេត ស្ថិត​នៅ​​លេខ ៥ ដោយ​មាន ៣២ ពិន្ទុ ពី​ការ​ឈ្នះ ៩ ស្មើ ៥ និង​ចាញ់ ៦។ ជា​មួយ​គ្នា​នេះ អឹមអូអាយ កំពង់ដេវ៉ា ដណ្តើម​បាន​កៅ​លេខ ៦ ដើម្បី​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ការ​ប្រជែងង​ជើងឯក​ជុំ​ទី​២។ ពួក​គេ​មាន ៣០ ពិន្ទុ តាមរយៈ​ការ​ឈ្នះ ៨ ស្មើ ៦ និង​ចាញ់ ៦។

ក្រុម​ខ្លាំង​ទាំង ៦ ត្រូវប្រកួត​ពីរ​ជើង​ទៀត​ក្នុង​ ​ដំណាក់​កាល​ទី​២ ពោល​គឺ​ក្នុង​ដី ៥ ប្រកួត និង ក្រៅ​ដៅ ៥ ប្រកួត ដូច្នេះ​​ក្រុម​នីមួយ​ៗ​មាន​ការ​ប្រកួត​ចំនួន ១០ ទៀត​ទើប​រក​ឃើញ​ជើង​ឯក នៅ​ក្នុង​រដូវ​កាល​នេះ។

ចំណែក​ក្រុម វិសាខា កង​យោធពល​ខេមរភូមិន្ទ គិរីវង់សុខសែន​ជ័យ ឡាយហ្វព្រះសីហនុ និង អាយអេសអាយ ដង្កោសែន​ជ័យ មិន​បាន​ឡើង​ទៅ​វគ្គ Top  6 ដែល​ជា​ដំណាក់​កាល​ទី​ ២ ​ឡើយ ប៉ុន្តែ​ក្រុម​លំដាប់​ទាប​ទាំង ៥ នេះ​ក៏​ត្រូវ​មាន​ការ​ប្រកួត​ក្នុង​ចំណោម​ក្រុម​ទាំង ៥ នេះ​ទៀត​ដែរ​ដើម្បី​រក​ចំណាត់​ថ្នាក់​ល្អ​រៀង​ៗ​ខ្លួន៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម