Connect with us

កីឡា

ក្លិប Win Streak ជូនពរខួបកំណើត វឿន វាសនា ដោយឱ្យរហស្សនាម ថា«មេទ័ពធំ ព្រះនៃសង្គ្រាម»

បានផុស

នៅ

ក្លិបបាល់ទះ Win Streak នៃលីគបាល់ទះអាជីព តៃវ៉ាន់ បានបង្ហោះសារជូនពរស្មាត់ធំ វឿន វាសនា ក្នុងថ្ងៃខួបកំំណើត ខណៈនៅក្នុងសារនោះ ក្លិបបានឱ្យរហស្សនាមស្មាត់ជម្រើសជាតិ កម្ពុជា រូបនេះយ៉ាងភ្ញាក់ផ្អើល ជា «មេទ័ពធំ ព្រះនៃសង្គ្រាម»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៦ នេះ ជាថ្ងៃខួបកំណើតរបស់កីឡាករជម្រើស​ជាតិ​កម្ពុជា វឿន វាសនា ឈានចូលវ័យ ២៥ ឆ្នាំ។ ក្លិប Win Streak បានចូលរួមបង្ហោះសារជូនពរកូនខ្មែរអ្នកខេត្តបាត់ដំបងដូច្នេះ ថា៖ «រីករាយថ្ងៃកំណើត។ ថ្ងៃទី ៥ ខែ ៥ ជាថ្ងៃកំណើតរបស់មេទ័ពធំ ដែលគេស្គាល់ ថាជា ព្រះនៃសង្គ្រាមរបស់យើង សឺឡាង»

ក្លិបបានបន្តទៀត ថា៖ «សឺឡាង បានប្រយុទ្ធជាមួយក្រុម Win Streak ឈានចូលរដូវកាលទី ៣ ហើយ។ នៅក្នុងឆ្នាំដំបូងនៃលីគអាជីព គាត់ក៏បានឈរលេខ ១ លើតារាងពិន្ទុជាប់រហូត។ នៅពេលក្រុមកំពុងត្រៀមខ្លួនសម្រាប់ដំណាក់កាលចុងក្រោយមុនប្រកួតជុំ Playoffs យើងទាំងអស់គ្នាសូមចូលរួមជូនពរ សឺឡាង រីករាយថ្ងៃកំណើត»

តាមរយៈសារខាងលើ ក្លិប Win Streak បានបង្ហាញយ៉ាងច្បាស់ ថា ពួកគេបានចាត់ទុក វឿន វាសនា ជាកីឡាករជួរមុខដ៏សំខាន់បំផុតម្នាក់របស់ក្រុម បន្ទាប់ពីពួកគេបានឱ្យរហស្សនាមកីឡាករជម្រើសជាតិ កម្ពុជា នេះ ជាព្រះនៃសង្គ្រាម ឬ God of war។ ពាក្យ ព្រះនៃសង្គ្រាម គឺនៅប្រទេស ចិន តែងតែប្រើសម្តៅលើមេទ័ពកំពូលៗក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ដូចជាលោកមេទ័ព គួនអ៉ី ក្នុងសម័យសាមកុកជាដើម។

គួរបញ្ជាក់ ថា វឿន វាសនា បានលេងជាមួយក្រុម Win Streak ចំនួន ៣ រដូវកាលមកហើយ ដោយគិតទាំងរដូវកាល ២០២៥-២០២៦ ។ ជាមួយគ្នានេះ កីឡាករខ្មែរវ័យ ២៥ ឆ្នាំ បានរួមចំណែកយ៉ាងធំធេង ក្នុងការជួយឱ្យ Win Streak ឈ្នះពានលីគ ២ រដូវកាលជាប់ៗគ្នា។ ដោយឡែកនៅរដូវកាលនេះវិញ ពួកគេក៏ស្ថិតជាបេក្ខភាពធំ ដើម្បីឈ្នះពានលីគបាល់ទះអាជីព តៃវ៉ាន់ ជាថ្មីម្តងទៀតផងដែរ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម