កីឡា
ក្រុមបាល់ទាត់ក្នុងសាលជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្ម តែលទ្ធផលមិនបានល្អ
ក្រុមបាល់ទាត់ក្នុងសាលជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួនក្នុងពានរង្វាន់បាល់ទាត់ក្នុងសាល ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Futsal Championship 2022) នៅប្រទេសថៃ ហើយត្រឹមថ្ងៃទី០៦ មេសា ម្សិលមិញ។
ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមតាំងពីថ្ងៃទី០២ ខែមេសា ហើយជម្រើសជាតិក្នុងសាលកម្ពុជា ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះថៃ, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងព្រុយណេ។ ជាលទ្ធផលកម្ពុជា រកបាន ១ពិន្ទុពីការប្រកួត ៣ដង ពោលគឺប្រកួតបើកឆាកចាញ់ ម៉ាឡេស៊ី ៧-៦ ប្រកួតទី២ ចាញ់ម្ចាស់ផ្ទះដែលជាក្រុមខ្លាំងកម្រិតពិភពលោក លើកីឡាបាល់ទាត់ក្នុងសាលនេះ ១៦-០ បន្ទាប់មកស្មើជាមួយ ព្រុយណេ ២-២ និងចុងក្រោយចាញ់ឥណ្ឌូនេស៊ី ១១-២។

ជុំវិញលទ្ធផលនេះ កីឡាករ រស់ ស៊ីចំរើន ដែលជាសមាជិកក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា បានរៀបរាប់ទាំងមោទកភាព ក៏ដូចជាលាយឡំជាមួយនឹងភាពសោកស្ដាយ ក្រោយទទួលបានលទ្ធផលពុំសូវគាប់ប្រសើរ។
កីឡាករដែលរកបាន១គ្រាប់ក្នុងព្រឹត្តិការណ៍នេះបានឲ្យដឹងថា «ខ្ញុំរីករាយដែលបានចូលរួមព្រឹត្តិការណ៍តំណាងឲ្យជាតិ។ ថ្វីដ្បិតបើលទ្ធផលមិនល្អប្រសើរ តែពួកខ្ញុំប្រឹងប្រែងអស់ពីលទ្ធភាព ពីព្រោះខ្ញុំគិតថា ដៃគូប្រកួតរបស់យើងសុទ្ធតែមានសមត្ថភាពល្អៗ»។
កីឡាករមកពីក្រុម Alpha FT នៃពានរង្វាន់បាល់ទាត់ក្នុងសាលកម្ពុជា បានសម្ដែងការសោកស្ដាយជាមួយនឹងការប្រកួតទល់ព្រុយណេ ដ្បិតពេលនោះកម្ពុជាមានឱកាសច្រើន។ «ប្រកួតដែលខ្ញុំសោកស្ដាយជាងគេ គឺការប្រកួតជាមួយនឹងព្រុយនេ យើងមានឱកាសច្រើន ប៉ុន្តែការបញ្ចប់ទីគឺអត់សូវបានល្អ»។

គួរបញ្ជាក់ថា បាល់ទាត់ក្នុងសាលកម្ពុជា ទើបតែចាប់ផ្ដើមមានសកម្មភាពផុសផុលឡើងវិញនាប៉ុន្មានឆ្នាំចុងក្រោយពោលគឺអំឡុងឆ្នាំ២០១៧ ខណៈនៅឆ្នាំ២០១៨ បានត្រលប់ចូលរួមការប្រកួតលើឆាកអន្តរជាតិ ក្នុងពានរង្វាន់ដដែលខាងលើ។ បាល់ទាត់ក្នុងសាល ក៏ស្ថិតនៅក្នុងមុខព្រួញទាំង ១២របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផងដែរ ដេលបានដាក់ចេញក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២២ របស់សហព័ន្ធ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។
ពានរង្វាន់បាល់ទាត់ក្នុងសាល ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Futsal Championship) ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែទើបតែអាក់ខាន ២ឆ្នាំចុងក្រោយ (២០២០, ២០២១) ដោយសារបញ្ហាជំងឺរាតត្បាតកូវីដ-១៩។ លើកចុងក្រោយដែលកម្ពុជា ចូលរួមប្រកួតក្នុងឆ្នាំ២០១៩ គឺរកបាន ១ពិន្ទុដូចគ្នា ពីការប្រកួត ៣ដង ចាញ់២ និងស្មើ១៕
រូបភាព៖ Cambodia Futsal
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ