កីឡា
សមិទ្ធផលការងារសំខាន់ៗ ៧ចំណុច កម្ពុជា សម្រេចបានមុនត្រៀមធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣
ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ កាន់តែខិតជិតមកដល់ហើយ ខណៈគណៈកម្មាធិការជាតិរៀបចំការប្រកួត ក៏បានបង្ហាញពីសមិទ្ធផលការងារសំខាន់ៗ ៧ចំណុច ដែលកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម២០២៣។

លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅថ្ងៃទី១៥ ខែតុលា បានអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្ដីពីការប្រកាសវឌ្ឍនភាពការងាររបស់ CAMSOC និងការប្រកាសផ្សព្វផ្សាយការរាប់ថយក្រោយ ២០០ថ្ងៃ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានបង្ហាញនូវសមិទ្ធផលសំខាន់ៗ ៧ចំណុច ត្រូវបានកំណត់ និងសម្រេចផ្លែផ្កាជាបន្ដបន្ទាប់ ដែលជាសញ្ញាណវិជ្ជមានឆ្ពោះទៅរកភាពជោគជ័យ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការដឹកនាំផ្ទាល់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ជាមួយការខិតខំប្រឹងប្រែងរបស់គណៈកម្មការជំនាញ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្ត ។
ចំពោះមុខសញ្ញាការងារសំខាន់ៗជាអាទិភាព ដែលត្រូវបានកំណត់ និងសម្រេចបានជាផ្លែផ្កា ជាបន្ដបន្ទាប់ ដែលលោក ថោង ខុន បានគូសបញ្ជាក់ខាងលើ រួមមាន៖
១-ការជួសជុលទីលានប្រកួត ការកំណត់ទីលានប្រកួត បានសម្រេចតាមផែនការកំណត់ជាស្ថាពរ។
២-ការកំណត់ប្រភេទកីឡា វិញ្ញាសាកីឡា ទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមូលដ្ឋាននៃការរៀបចំការប្រកួតបច្ចេកទេសឲ្យឆ្ពោះទៅមុខយ៉ាងរលូន។
៣-ការផ្ដល់សិទ្ធិធ្វើប្រតិភូកម្ម នូវមុខងារបម្រើសេវា និងរៀបចំជំនាញមួយចំនួន ត្រូវបានផ្ដល់ជូន ក្រុមហ៊ុនឯកជន ដូចជាការជួសជុល សាងសង់ទីលានប្រកួត ការតម្លើងរៀបចំប្រព័ន្ធគ្រប់គ្រងព្រឹត្តិការណ៍ “Games Management System” ការស្វែងរកចំណូលតាម Sponsor ការដេញថ្លៃម្ហូបអាហារ ការរៀបចំប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិ International Broadcasting Center ។ល។
៤-ទីកន្លែងស្នាក់នៅ ហូបចុកជាង ៥,៥០០នាក់ ក្នុងមួយថ្ងៃ ត្រូវបានកំណត់ទាន់ពេលវេលាក្នុងភូមិកីឡា ដែលកំពុងជំរុញការសាងសង់យ៉ាងមមាញឹកបំផុត ដែលក្រុមហ៊ុន Sport Village សន្យាប្រគល់ជូន CAMSOC នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។
៥-ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ក្នុងការពន្លឿនដាក់ប្រព័ន្ធលូ ជួសជុលផ្លូវ ការតភ្ជាប់ផ្លូវទៅមហាវិថីឈ្នះឈ្នះ ជាមួយការតុបតែងបង្គោលភ្លើង និងបំពាក់ភ្លើងបំភ្លឺតាមដើមឈើជាដើម។
៦-ខេត្តត្រៀមទទួលរៀបចំការប្រកួតកីឡាមួយចំនូន ដូចជាខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប ក៏សម្ដេចពិជ័យសេនាប្រធាន បានដាក់គោលការណ៍ឲ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធ អនាម័យ សោភណ្ឌភាព និងរៀបចំគណៈកម្មការចំពោះកិច្ចរបស់ខេត្ត គាំទ្រសហការជាមួយ CAMSOC រួចរាល់ហើយដែរ។
៧-ពិធីផ្សេងៗ ពិសេសពិធីបើក-បិទ រត់ភ្លើងគប់ ក៏ត្រូវបានឯកភាពគ្នាគ្រប់ភាគីពាក់ព័ន្ធ និងកំពុងដំណើរការរៀបចំឲ្យមានភាពអស្ចារ្យផងដែរ។
សូមបញ្ជាក់ថា កីឡាស៊ីហ្គេម លើកទី៣២ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៅថ្ងៃទី០៥ ខែឧសភា និងបិទ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ហើយបើគិតពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃបើក គឺនៅសល់រយៈពេល ២០០ថ្ងៃគត់។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងប្រព្រឹត្តទៅពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


