លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា មានប្រសាសន៍ «ជោគជ័យដ៏ធំធេងនេះ គឺជាការរួមគ្នាជាធ្លុងមួយក្នុងការតស៊ូមតិយ៉ាងយូរ មិនតិចជាង ១ ទសវត្សរ៍»។ មានប្រសាសន៍បែបនេះ នៅក្នុងពិធីអបអរសាទរនូវមោទកភាពជាតិចំពោះការដាក់បញ្ចូលគុនល្បុក្កតោក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំលើកទី ១៧ នៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ហើយបានប្រារព្ធធ្វើពិធីអបអរនៅកម្ពុជា កាលពីព្រឹកម្សិលមិញ នៅអគារ NOCC។
លោក ច័ន្ទ សារុន បានថ្លែងបែបនេះថា «ក្នុងឱកាសដ៏សប្បាយរីករាយនេះ ខ្ញុំនៅតែស្តាយថា លោកគ្រូតាជាច្រើនរូបបានបាត់បង់ជីវិតជាបន្តបន្ទាប់។ ហើយពេលនេះ ប្រសិនបើពួកគាត់នៅមានជីវិត មិនដឹងពួកគាត់សប្បាយចិត្តខ្លាំងប៉ុណ្ណានោះទេ។ យើងសប្បាយ ១ ពួកគាត់សប្បាយ ១០។ បើយើងសប្បាយ ១០ ពួកគាត់សប្បាយ ១០០ ដង។ នេះជាហេតុផលមួយដែលយើងទាំងអស់គ្នាត្រូវចងចាំនូវការខិតខំតស៊ូយ៉ាងច្រើនរបស់ព្រឹទ្ធាចារ្យគុនល្បុក្កតោទាំងអស់ ហើយខ្ញុំសូមឧទ្ទិសនូវស្នាដៃដ៏ធំធេងនេះជូនដល់ពួកគាត់»។
«នេះជាមោទកភាពជាតិកម្ពុជា ដែលប្រជាជននៅលើពិភពលោកបានទទួលដឹងឮរួចហើយនូវគុនល្បុក្កតោត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ បើយើងមិនបានបំពេញលក្ខខណ្ឌបានពេញលេញនោះទេ អង្គការយូណេស្កូ នឹងដកទៅវិញ ដូច្នេះយើងទាំងអស់គ្នាត្រូវថែរក្សាការពារឲ្យបានល្អប្រសើរនូវភាពជោគជ័យនេះ»។ លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានគូសបញ្ជាក់បន្ថែម។
ប្រធានសហព័ន្ធរូបនេះបន្ថែមថា នេះគឺជាជោគជ័យប្រកបដោយមោទកភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការការពារលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយប្រឈមនឹងការបាត់បង់។
«ជោគជ័យនេះ គឺជាសក្ខីភាពបង្ហាញពីការស្រឡាញ់ ការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រឹងប្រែងសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ព្រមទាំងសាលាគុនលោកគ្រូព្រឹទ្ធាចារ្យ និងសិស្សគុនល្បុក្កតោទាំងអស់តាមបណ្ដារាជធានីខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា»។
ជាមួយគ្នានេះដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានទទូចស្នើសុំដល់អ្នកពាក់ព័ន្ធក្នុងវិស័យគុនល្បុក្កតោទាំងអស់ ត្រូវបន្តការខិតខំថែរក្សាក្បាច់គុនព្រលឹងជាតិមួយនេះឲ្យកាន់តែល្អប្រសើរ។ «ប្រសិនបើយើងមិនថែរក្សាបានល្អនោះទេ គឺ ទី ១-គេព្រមាន។ ទី ២- គេនឹងព្យួរ ហើយទី ៣-នឹងដកបេក្ខភាពចេញពីបញ្ជីវិញ»។ ដូច្នេះលោកអគ្គលេខាធិការបានសំណូមឲ្យអ្នកគ្រប់គ្នា ត្រូវបន្តពង្រឹងការខិតខំថែរក្សាអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងជាតិខ្មែរមួយនេះឲ្យបានគង់វង្ស កុំឲ្យបាត់បង់៕
អត្ថបទ ៖ មន្នីរ័ត្ន