កីឡា
ប្រវត្តិខ្លះៗពីពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម
កម្ពុជាជាម្ចាស់ផ្ទះគ្រោងរៀបចំពិធីរត់ភ្លើងគប់ឆ្លងកាត់ប្រទេសអាស៊ានទាំង១០ មុនពេលពិធីបើកជាផ្លូវការឈានចូលមកដល់នាថ្ងៃទី៥ ខែឧសភា ខាងមុខនេះ។
តាមការស្រាវជ្រាវ ប្រទេសដែលជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ភាគច្រើនរៀបចំពិធីរត់ដង្ហែភ្លើងគប់តែនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះ ហើយក៏មិនសូវមានព័ត៌មានលំអិតអំពីប្រវត្តិនៃភ្លើងគប់នីមួយៗឡើយ។ ចាប់ពីស៊ីហ្គេម លើកទី១ ឆ្នាំ១៩៥៩ ដល់លើកទី២០ ឆ្នាំ១៩៩៩ មានការអុជភ្លើងគប់ ប៉ុន្តែមិនមានព័ត៌មានជាក់លាក់ពីការរត់ភ្លើងគប់ឡើយ។

ស៊ីហ្គេម លើកទី២១ ឆ្នាំ២០០១ ធ្វើនៅប្រទេសម៉ាឡេស៊ី។ ភ្លើងគប់ត្រូវបានរៀបចំពិធីរត់ដង្ហែនៅក្នុងប្រទេសចម្ងាយ៧,៨៨៤គីឡូម៉ែត្រពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី៨ ខែកញ្ញា។ ការរត់ចាប់ពីតំបន់ Labuan បន្ទាប់មកចូលទីក្រុង Sabah, Sarawak និងឆ្នេរសមុទ្រដែលឆ្លងកាត់រដ្ឋ១២ មុនពេលបញ្ចប់នៅទីក្រុងកូឡាឡាំពួរ។
ស៊ីហ្គេម លើកទី២២ ឆ្នាំ២០០៣ ធ្វើនៅប្រទេសវៀតណាម។ ពិធីរត់ដង្ហែភ្លើងគប់ចាប់ផ្តើមពីទីក្រុងហូជីមិញ និងឆ្លងកាត់ទីក្រុងជាច្រើនទៀតមុនពេលបញ្ចប់នៅទីក្រុងហាណូយ។
ស៊ីហ្គេម លើកទី២៣ ឆ្នាំ២០០៥ ធ្វើនៅហ្វីលីពីន។ ពិធីទទួលភ្លើងគប់នៅវៀតណាមដែលបានផ្តល់ឲ្យហ្វីលីពីនជាម្ចាស់ផ្ទះបន្ត។ ពិធីរត់ភ្លើងគប់ក៏ធ្វើតែក្នុងប្រទេសឆ្លងកាត់រដ្ឋជាច្រើនមុនពេលបញ្ចប់នៅទីក្រុងម៉ានីល ថ្ងៃទី២៧ ខែវិច្ឆិកា។

ស៊ីហ្គេម លើកទី២៤ ឆ្នាំ២០០៧ ធ្វើនៅប្រទេសថៃ។ ថ្ងៃទី៨ វិច្ឆិកា ព្រះអង្គម្ចាស់ Vajiralongkorn ព្រះរាជតំណាងព្រះបិតា Bhumibol Adulyadej ប្រទានភ្លើងទៅលោក Suvit Yodmani ប្រធានគណៈកម្មាធិការរៀបចំការប្រកួតថៃ។ ការរត់ចេញពីក្រុងបាងកកទៅខេត្តជាច្រើនមុនពេលបញ្ចប់នាថ្ងៃទី២៦ វិច្ឆិកា នៅខេត្ត Nakhon Ratchasima ជាកន្លែងប្រារព្ធពិធីបើក។
ស៊ីហ្គេម លើកទី២៥ ឆ្នាំ២០១១ នៅឥណ្ឌូនេស៊ី។ ភ្លើងយកចេញពី Desa Mrapen ខេត្តជ្វាកណ្តាល ជាកន្លែងដែលធ្លាប់យកភ្លើងសម្រាប់កីឡាឆ្នេរខ្សាច់អាស៊ីឆ្នាំ២០០៨ និងកីឡាស៊ីហ្គេម ឆ្នាំ១៩៩៧។ ការរត់ភ្លើងគប់ចាប់ផ្តើមពីទីក្រុង Purwodadi និងបានទៅដល់ Palembang ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១១។ ភ្លើងគប់បានឆ្លងកាត់ខេត្តរបស់ឥណ្ឌូនេស៊ីជាច្រើនមុនពេលប្រារព្ធកីឡាស៊ីហ្គេម លើកទី២៦ ចាប់ពីថ្ងៃទី១១ ដល់ទី២២ ខែវិច្ឆិកា។
ស៊ីហ្គេម លើកទី២៧ ឆ្នាំ២០១៣ ប្រារព្ធនៅមីយ៉ាន់ម៉ា។ ភ្លើងគប់រត់បានចម្ងាយប្រមាណ៣២០គីឡូម៉ែត្រចាប់ផ្តើមរត់ចេញពីកីឡដ្ឋាន Thuwunna ក្នុងទីក្រុងយ៉ាំងហ្គោន និងបញ្ចប់នៅទីក្រុង Nay Pyi Taw ជាកន្លែងប្រារព្ធពិធីបើកពីថ្ងៃទី១១ ដល់ទី២២ ខែវិច្ឆិកា។

ស៊ីហ្គេម លើកទី២៨ ឆ្នាំ២០១៥ ប្រារព្ធនៅសិង្ហបុរី។ រត់ភ្លើងគប់ចាប់ពីថ្ងៃទី៤ ខែមិថុនា ដោយឆ្លងកាត់តំបន់ Marina Bay ឆ្លងទៅ Clifford Square, Merlion Park, Esplanade Plaza, Art Science Museum និងបញ្ចប់នៅ Marina Bay Sand ជាកន្លែងដែលប្រារព្ធពិធីបើកថ្ងៃទី៥ ខែមិថុនា។
ស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ ធ្វើនៅម៉ាឡេស៊ី។ ការរត់ភ្លើងគប់នេះត្រូវបានដាក់ឈ្មោះថា Rising Together Baton ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម។ ភ្លើងគប់បានឆ្លងកាត់ទីក្រុង១០នៅក្នុងប្រទេសអាស៊ាន។ ចូលព្រុយណេ ថ្ងៃទី៥ មីនា, ចូលហ្វីលីពីន ថ្ងៃទី១២ មីនា, ចូលឡាវ ថ្ងៃទី១៨ មីនា, ចូលមីយ៉ាន់ម៉ា ថ្ងៃទី២៥ មីនា, ចូលថៃ ថ្ងៃទី១ មេសា, ចូលវៀតណាម ថ្ងៃទី៩ មេសា, ទីម័រខាងកើត ទី១៧ មេសា, ចូលកម្ពុជា ថ្ងៃទី២២ មេសា និងចូលឥណ្ឌូនេស៊ី ទី៣០ មេសា មុនពេលបញ្ចប់នៅសិង្ហបុរី ថ្ងៃទី១៣ ឧសភា។

ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ ធ្វើនៅហ្វីលីពីន។ ភ្លើងគប់ត្រូវបានរចនាដ៏ល្អវិចិត្រមានទម្ងន់១.៥គីឡូក្រាម។ យោងតាមអ្នករៀបចំថា ភ្លើងគប់នេះមាននិម្មិតសញ្ញាតំណាង«សាមគ្គីភាព អធិបតេយ្យភាព សមធម៌សង្គម និងឯករាជ្យភាព» ព្រមដោយមានទង់ជាតិហ្វីលីពីន។ គប់នេះបង្ហាញជាផ្លូវការថ្ងៃទី២៣ ខែសីហា ក្នុងពិធីរាប់ថយក្រោយ១០០ថ្ងៃ។ ការអុជភ្លើងគប់នៅសារមន្ទីរជាតិ Bukit Jalil ក្នុងទីក្រុងកូឡាឡាំពួរ ថ្ងៃទី៣ តុលា ហើយក៏បានរត់ឆ្លងកាត់ទូទាំងប្រទេស។
ការរត់លើកទី២ ចេញពីទីក្រុង Davao នៅថ្ងៃទី៣០ ខែតុលា ដោយមានអ្នកចូលរួមរត់ប្រមាណ៦៥០០នាក់ និងការរត់ចុងក្រោយថ្ងៃទី២៣ វិច្ឆិកា ដើម្បីយកទៅតម្កល់នៅឧទ្យាន Bayanihan រហូតដល់ថ្ងៃបើកទី៣០ ខែវិច្ឆិកា។
ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) ធ្វើនៅវៀតណាម។ ពិធីរត់ធ្វើមុន៣១ថ្ងៃដែលចាប់ផ្តើមចេញពីព្រះវិហារ Hùng Temple ក្នុងខេត្ត Phú Thọ នាថ្ងៃទី១១ ខែមេសា ដោយឆ្លងកាត់ខេត្តទាំងអស់ដែលទទួលរៀបចំការប្រកួត មុនពេលទៅដល់កីឡដ្ឋានជាតិ Mỹ Đình ទីក្រុងហាណូយ ជាកន្លែងប្រារព្ធពិធីបើកថ្ងៃទី១២ ខែឧសភា។

ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ធ្វើនៅកម្ពុជា។ ព្រះរាជពិធីសុំព្រះអគ្គីកីឡាគ្រោងធ្វើនៅថ្ងៃទី២១ ខែមីនា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មក ថ្ងៃទី២២ ខែមីនា ភ្លើងគប់នឹងត្រូវបានដង្ហែរត់ទៅកាន់គ្រប់ប្រទេសអាស៊ានទាំង១០ផ្សេងទៀតមុនពេលត្រឡប់ចូលមកកម្ពុជាវិញនៅថ្ងៃ២៧ ខែ មេសា ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ