កីឡា
ម៉ាឡេស៊ី បង្ហាញអត្តពលិកជិត ៧០០ នាក់ ចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា
ក្រុមប្រឹក្សាកីឡាអូឡាំពិក នៃប្រទេសម៉ាឡេស៊ី បានប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះអត្តពលិក និងមន្ត្រី ដែលត្រូវបានជ្រើសរើសតំណាងប្រទេស ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា។

យោងតាមក្រុមប្រឹក្សាកីឡាអូឡាំពិក នៃប្រទេសម៉ាឡេស៊ី តំណាងប្រតិភូកីឡាម៉ាឡេស៊ី ចំនួន ៩១៤ នាក់ ក្នុងនោះមានអត្តពលិក ចំនួន ៦៧៧ នាក់ (កីឡាករ ៤០៣ នាក់ កីឡាការិនី ២៧៤ នាក់) និងមន្ត្រី ចំនួន ២៣៧ នាក់ ដែលនឹងចូលរួមក្នុងការប្រកួតលើកីឡាចំនួន ៣៤ ប្រភេទ ស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា។
អត្តពលិក និងមន្ត្រី នៃប្រភេទកីឡាទាំង ៣៤ ប្រភេទនេះរួមមាន ៖ កីឡាទឹក (លោតទឹក, ហែលទឹក, បាល់ទឹក និងហែលទឹកពាក់ជើងទា), អត្តពលកម្ម, កីឡាវាយសី, បាល់បោះ, ប៊ីយ៉ា ស្នូកឃ័រ, ប្រដាល់សាកល, អុក (អុកចត្រង្គ និងអុកចិន), គ្រីឃីត, ប្រណាំងទោចក្រយាន, កីឡារាំ, កីឡាអេឡិកត្រូនិក, គុនដាវ, ហ្លរប៊ល, បាល់ទាត់, វាយកូនហ្គោល, កាយសម្ព័ន្ធ, ហុកគី, ម៉ូតូទឹក, យូដូ, ការ៉ាតេ, យុទ្ធគុនចម្រុះ (ជឺជិតស៊ូ និងឃីកបុកសីង), កីឡាឧបសគ្គ, បញ្ចសីលា, ប៉េតង់, ទូកក្តោង, សីដក់, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, វាយកូនបាល់, ប្រណាំងទូកប្រពៃណី, ទ្រីយ៉ាត្លុង, បាល់ទះ, លើកទម្ងន់ និងវូស៊ូ។

លោក Dr. Tan Sri Mohamad Norza Zakaria បាននិយាយថា អត្តពលិក និងមន្ត្រីដែលបានទទួលវិញ្ញាបនបត្រជ្រើសរើសនេះ គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានជ្រើសរើសតាមរយៈដំណើរការពិនិត្យនៅក្នុងគណៈកម្មាធិការជ្រើសរើស របស់ក្រុមប្រឹក្សាអូឡាំពិក នៃប្រទេសម៉ាឡេស៊ី ដែលបានប្រជុំនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ និងថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៣។
លោក Dr. Tan Sri Mohamad Norza Zakaria បានផ្តល់ដំបូន្មានថា ៖ «យើងសង្ឃឹមថាការអនុម័ត និងការជ្រើសរើស មិនត្រូវបានខ្ជះខ្ជាយទេ ដោយសារស៊ីហ្គេម ត្រូវបានចាត់ទុកថាជាការត្រៀមចាប់ផ្ដើមការប្រកួតកម្រិតអន្តរជាតិ និងជាជំហានមួយឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) និងអូឡាំពិក (Olympic Games)។ ដូច្នេះគួរតែប្រើឱកាសនេះឲ្យបានច្រើនបំផុត»។
ម៉ាឡេស៊ី ដែលចូលរួមក្នុងការប្រកួតកីឡាឆ្នាំនេះ នឹងក្លាយជាការបញ្ជូនអត្តពលិកច្រើនលំដាប់ទី ៣ របស់ខ្លួនទៅកាន់ការប្រកួតនៅក្រៅប្រទេស។ មានតែការប្រកួតស៊ីហ្គេម ឆ្នាំ ២០០៧ នៅថៃ (មានអត្តពលិក ៨២០ នាក់) និងស៊ីហ្គេម ឆ្នាំ ២០១៩ នៅហ្វីលីពីន (មានអត្តពលិក ៧៧២ នាក់)។
ចំនួនអត្តពលិកម៉ាឡេស៊ី ដែលចូលរួមច្រើនជាងគេក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម គឺក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេមលើទឹកដីរបស់ខ្លួនផ្ទាល់ នាទីក្រុងគូឡាឡាំពួរ ឆ្នាំ ២០១៧ ដែលមានអត្តពលិកចំនួន ៨៤៥ នាក់ និងមន្ត្រីចំនួន ២៩៤ នាក់ ខណៈប្រទេសនេះបានបញ្ជូនអត្តពលិកចំនួន ៥៨៤ នាក់ និងមន្ត្រីចំនួន ២៧២ នាក់ ទៅប្រកួតលើកចុងក្រោយ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ម៉ាឡេស៊ី បានត្រឹមចំណាត់ថ្នាក់លេខ ៦ នៅទីក្រុងហាណូយ កាលពីឆ្នាំមុន ដោយរកមេដាយមាស ៣៩ គ្រឿង, ប្រាក់ ៤៥ គ្រឿង និងសំរឹទ្ធ ៩០ គ្រឿង៕
ប្រភព ៖ bernama.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


