Connect with us

កីឡា

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បង្ហាញពីការត្រៀមរៀបចំខ្លួនរួចរាល់

បានផុស

នៅ

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC-CAMAPGOC បាន​ថ្លែង​ក្នុង​ព្រះ​រាជពិធី​ប្រោស​ព្រះរាជទាន​ព្រះ​អគ្គិ​ជ័យ​កីឡា​សម្រាប់​ព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023 នៅ​ថ្ងៃ​ទី ២១ ខែ​មីនា ឆ្នាំ ២០២៣ នៅ​ប្រាសាទអង្គរវត្ត​ថា «​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​ប្រោស​ព្រះរាជទាន​ព្រះ​អគ្គិ​ជ័យ​កីឡា ថ្ងៃនេះ បាន​បង្ហាញ​ថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​គណៈកម្មាធិការ​ជាតិ CAMSOC-CAMAPGOC បាន​ត្រៀម​រៀបចំខ្លួន​រួចរាល់​»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នៅ​ក្នុង​ព្រះរាជ​ពិធី​ប្រោស​ព្រះរាជទាន​ព្រះ​អគ្គិ​ជ័យ​កីឡា​សម្រាប់​ព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023 ក្រោម​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ក្រាប​បង្គំ​ទូល​ថ្វាយ និង​បាន​ជម្រាប​ជូន​បន្ថែម​ថា ការ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា ឆ្នាំ ២០២៣ នេះ គឺ​កម្ពុជា​បាន​ត្រៀម​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​គាំទ្រ​ដទៃ​ទៀត អភិវឌ្ឍន៍​បណ្ដុះបណ្ដាល​ធនធាន​កីឡា មន្ត្រី​ជំនាញ​បច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម គ្រូ​បង្វឹក ការ​ប្រកួត​កីឡា​គ្រប់​ប្រភេទ និង​ការ​ពង្រឹង​សហព័ន្ធ​កីឡា​ជាតិ ដោយ​មាន​ការ​គាំទ្រ និង​សម្រេច​រួមគ្នា​ពី​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ និង​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ាន លើ​ប្រភេទ​កីឡា និង​វិញ្ញាសា​ប្រកួត​ទាំងអស់។ «​ក្នុងនាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី ១២ ខ្ញុំ​ព្រះករុណា​ខ្ញុំ មាន​កិត្តិយស​ដ៏​ឧត្ដុង្គឧត្ដម និង​មាន​សេចក្ដី រំភើប​សោមនស្ស​រីករាយ​ឥតឧបមា សូម​សម្ដែង​នូវ​អភិវន្ទនាការ និង​កតញ្ញុតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​ព្រះរាជ​វត្តមាន​ដ៏​ថ្លៃថ្លា​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​ទ្រង់​សព្វព្រះរាជហឫទ័យ​យាង​ជា​ព្រះរាជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង “​ព្រះរាជ​ពិធី​ប្រោស​ព្រះរាជទាន​ព្រះ​អគ្គិ​ជ័យ​កីឡា សម្រាប់​ព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023 នៅ​ប្រាសាទ​អង្គរវត្ត​ដ៏​មហា​នក្ខត្តឫក្ស​នេះ​»។

បន្ថែម​ពី​លើ​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​បញ្ជាក់​ដែរ​ថា ផែនការ​ប្រារព្ធ​ពិធី​រត់​ភ្លើង​គប់​នា​ពេលនេះ បាន​រៀបចំ​ឡើង​មាន​ភាព​ហ្មត់ចត់ ប្រទាក់​ក្រឡា​គ្នា​យ៉ាង​ស្អិតល្មួត ត្រៀមលក្ខណៈ​បាន​គ្រប់​ជ្រុងជ្រោយ ដោយមាន​កិច្ចសហការ​ល្អ​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ រវាង​គណៈកម្មាធិការ​ជាតិ CAMSOC-CAMAPGOC, ក្រសួង​អប់រំ យុវជន និង​កីឡា​, គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​, គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​, សហព័ន្ធ​កីឡា​ជាតិ​, អាជ្ញាធរ រាជធានី​ខេត្ត ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថានទូត​កម្ពុជា​ប្រចាំ​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍ និង​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អន្តរជាតិ នៃ​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​ដែល​ភ្លើង​គប់​កីឡា ត្រូវ​ដង្ហែ​ឆ្លងកាត់។

«​ព្រះរាជ​ពិធី​ប្រោស​ព្រះរាជទាន​ព្រះ​អគ្គិ​ជ័យ​កីឡា សម្រាប់​ព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023 ប្រារព្ធ​ឡើង​ក្រោម​ព្រះរាជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នា​ឱកាស​ដ៏​មហោឡារិក​នេះ បាន​បង្កប់​ដោយ​ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ផូរផង់​របស់​ខ្មែរ ដែល​ជា​សិល្បៈ និង​វប្បធម៌​ដ៏​ចំណាស់​មួយ​នៅ​ក្នុង​តំបន់ និង​ជា​ព្រះ​អគ្គិ​ជ័យ​កីឡា​ប្រកបដោយ​អច្ឆរិយ​ភាព ដែល​មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​អំពី​អំណាច​ទេវតា ថាមពល មិត្តភាព សាមគ្គីភាព និង​និរន្តរភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ព្រះ​អគ្គិ​តំណាង​ឲ្យ​ភាព​រុងរឿង នៃ​កីឡា​នៅ​ក្រោម​ម្លប់​សន្តិភាព និង​ការ​អភិវឌ្ឍ ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា កីឡា​រស់​ក្នុង​សន្តិភាព​»។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ក្រាប​បង្គំ​ទូល​ថ្វាយ និង​បាន​ជម្រាប​ជូន​បន្ថែម។

សូម​បញ្ជាក់​ថា ក្រោយ​សន្ទរកថា​ចប់ ស្គរជ័យ នឹង​បន្លឺ​ឡើង ការ​សម្ដែង​របាំ​បួងសួង ចាប់ផ្ដើម។ បន្ទាប់​មក​ទៀត​អត្ត​ព​លិ​ក ១ នាក់ កាន់​គប់​កីឡា អម​ដោយ​អត្ត​ព​លិ​ក ២ នាក់ រត់​តិចៗ ចេញពី​ទិស​ខាងកើត នៃ​ប្រាសាទអង្គរវត្ត មក​ទទួលព្រះរាជទាន ព្រះ​អគ្គិ​ជ័យ​កីឡា នៅ​ទិស​ខាងលិច ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ស្ដេចយាង​ប្រោស​ព្រះរាជទាន ព្រះ​អគ្គិ​ជ័យ​កីឡា (​សម្តេច​ចៅហ្វា​វាំង ថ្វាយ​ដង​ឆ្នូ​ន​) ដល់​គប់​កីឡា​ដែល​កាន់​ដោយ​អត្ត​ព​លិ​ក ១ នាក់ អម​ដោយ​អត្ត​ព​លិ​ក ២ នាក់ រួច​បន្ត​រត់​ជុំវិញ​វង់​តូច​អង្គរ ស្គរជ័យ​បន្លឺ​ឡើង​ជា​និមិត្តរូប នៃ​សន្តិភាព ”​កីឡា​រស់​ក្នុង​សន្តិភាព​”។

ភ្លើង​អគ្គិកីឡា នឹង​ត្រូវ​បាន​រក្សាទុក​នៅ​ក្នុង​ចង្កៀង​ពិសេស​មួយ ដើម្បី​រត់​ដង្ហែ​យក​តាម​ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​ជា​និមិត្តរូប នៃ​បំផុស​ចលនា​ឲ្យ​ប្រទេស​ទូទាំង​អាស៊ីអាគ្នេយ៍ ត្រៀម​ស្វាគមន៍​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ របស់​កម្ពុជា៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម