កីឡា
មកស្គាល់គ្រូបង្គោលក្លិបទាំង១០សម្រាប់លីគកម្ពុជារដូវកាលថ្មី
ខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣ ដោយមានក្លិបចំនួន១០ចូលរួមប្រកួតប្រជែង។
រដូវកាលថ្មីនេះមានក្លិបទាំង៨កាលពីរដូវកាលមុនគឺម្ចាស់ជើងឯកភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា ណាហ្គាវើលដ៍ បឹងកេត ក្រសួងការពារជាតិ អង្គរថាយហ្គឺរ និងគិរីវង់សុខសែនជ័យ ខណៈក្លិបថ្មីពីរទៀតត្រូវបានដាក់បញ្ចូលឲ្យប្រកួតប្រជែងក្នុងរដូវកាលនេះដែរគឺ អាយអេសអាយ ដង្កោសែនជ័យ និង ព្រៃវែងអេហ្វស៊ី។
ទោះបីជាយ៉ាងណា រហូតដល់ពេលនេះ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅមិនទាន់បញ្ចេញឲ្យដឹងពីរូបមន្តនៃការប្រកួតឡើយ។ កាលពីរដូវកាលមុន ការប្រកួត ប្រើរូបមន្តវិលជុំសន្សំពិន្ទុដល់ទៅ៣ដង មុនពេលជ្រើសរើសយកកក្រុមកំពូលទាំង៤ដើម្បីប្រកួតសន្សំពិន្ទុម្តងទៀតទើបរកឃើញក្រុមជើងឯកគឺភ្នំពេញក្រោន។
ស្របពេលក្លិបនីមួយៗ កំពុងត្រៀមខ្លួនយ៉ាងសកម្មសម្រាប់រដូវកាលថ្មី ថ្ងៃនេះ សារព័ត៌មានកម្ពុជាថ្មីសូមបង្ហាញឲ្យស្គាល់ពីគ្រូបង្គោលទាំង១០ដែលត្រូវដឹកនាំក្លិបរៀងៗខ្លួនឆ្ពោះទៅរកការគ្រងជើងឯក។
លោក Listair Heath គ្រូបង្គោលក្លិបអង្គរថាយហ្គឺរ

ក្លិបដែលមានម្ចាស់ជាជនជាតិជប៉ុននៅខេត្តសៀមរាបបានតែងលោក Alistair Heath ជាគ្រូបង្គោលកាលពីឆ្នាំ២០២១។ លោកជាគ្រូបង្វឹកសញ្ជាតិអង់គ្លេសដែលមានសញ្ញាបត្រ UEFA A- LICENCE ឆ្នាំ២០១៦។ គ្រូវ័យ៣៨ឆ្នាំរូបនេះធ្លាប់ធ្វើជាគ្រូបង្វឹកយុវជនក្លិបអាយុ ១៧ឆ្នាំ និង២៣ឆ្នាំ នៅក្លិប Leicester City F.C. របស់ប្រទេសអង់គ្លេស់ តាំងពីឆ្នាំ ២០១៥ ដល់ ២០២១។ លោកមានព័ត៌មានធ្លាប់ដឹកនាំក្លិបនៅកូរ៉េខាងត្បូង និងថៃផងដែរ។
លោក Clement Teo គ្រូបង្គោលក្លិបបឹងកេត

បឹងកេតបានតែងតាំងលោក Clement Teo ជាគ្រូបង្គោលកាលពីខែមករា ឆ្នាំ២០២៣។ លោកជាគ្រូបង្វឹកដែលមានបទពិសោធច្រើននៅលីគកំពូលសិង្ហបុរីក្នុងនោះដឹកនាំក្លិប Katong FC មុនពេលបន្តដឹកនាំក្លិប Woodlands Wellington FC ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ ក្នុងនាមជាគ្រូជំនួយ។ ឆ្នាំ២០១៣ ដល់២០១៥ លោកបានក្លាយជានាយកបច្ចេកទេសរបស់ក្លិប Tampines Rovers Football Club មុនពេលជាគ្រូបង្គោលក្លិប Houngang United FC ពីឆ្នាំ២០១៨-២០២២។ លោកបានក្លាយជាគ្រូបង្វឹកឆ្នើមឆ្នាំប្រចាំនៅលីគសិង្ហបុរីក្នុងឆ្នាំ២០២១។
លោក John Botioba គ្រូបង្គោលក្លិបអាយអេសអាយ ដង្កោសែនជ័យ

សមាជិកថ្មីនៃខេមបូឌានព្រីមៀរលីគ អាយអេសអាយ ដង្កោសែនជ័យដឹកនាំដោយគ្រូបង្វឹកសញ្ជាតិកាមេរ៉ូន Botiba Bouyaloua Jean ដែលជាក្លិបធំដំបូងសម្រាប់លោកក្នុងនាមជាគ្រូបង្វឹក។ ដើមឡើយលោកបានចូលមកកម្ពុជាក្នុងនាមជាកីឡាករបាល់ទាត់ម្នាក់ដោយធ្លាប់បានលេងឲ្យក្លិបពាក់កណ្តាលអាជីព Khmer United និងបានធ្វើជាគ្រូបង្វឹកក្រុមតូចៗជាបន្តបន្ទាប់រហូតបានក្លាយជាគ្រូបង្គោលនៅក្លិបធំតែម្តង។
លោក សាប៊ូន វិនតា គ្រូបង្គោលក្លិបគិរីវង់សុខសែនជ័យ

គ្រូបង្វឹកកាន់សញ្ញាប័ត្រ AFC “A” License ត្រូវបានតែងតាំងជាគ្រូបង្គោលក្លិបគិរីវង់សុខសែនជ័យកាលពីដើមឆ្នាំ២០២៣។ ក្នុងនាមជាគ្រូបង្វឹកថ្មី លោកបាននាំគិរីវង់សុខសែនបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខេមបូឌានលីគខាប ឆ្នាំ២០២៣។ លោក សាប៊ូន វិនតា មានបទពិសោធក្នុងអាជីពបណ្តុះបណ្តាលបាល់ទាត់ ក្នុងនោះលោកធ្លាប់ជានាយកបច្ចេកទេសក្លិបបាល់ទាត់ ISI-DSC FC និង នាយកអភិវឌ្ឍយុវជនក្លិបបាល់ទាត់បឹងកេត ព្រមទាំងថ្នាលយុវជននៅសាលាបាល់ទាត់ជាតិបាទី។
លោក ឃីម បូរី គ្រូបង្គោលក្លិបណាហ្គាវើលដ៍

លោក ឃីម បូរី ពិតជាល្អមែនទែនដែលបានចាប់អាជីពជាគ្រូបង្វឹកលើកដំបូងនៅក្លិបធំតែម្តងកាលពីរដូវកាលមុន។ បន្ទាប់ពីលោក មាស ចាន់ណា បានចាកចេញពីតួនាទីជាគ្រូបង្វឹកនៅក្លិបណាហ្គាវើលដ៍ អតីតកីឡាករនៅក្លិបដដែលនេះត្រូវបានផ្តល់ឱកាសឲ្យកាន់តួនាទីជាគ្រូបង្វឹកបណ្តោះអាសន្ន និងបានក្លាយជាគ្រូពេញសិទ្ធតែម្តង។
កាលពីឆ្នាំ២០២២នេះ លោក ឃីម បូរី មិនទាន់មានអាជ្ញាប័ណ្ណ (License) ស្របទៅតាមលក្ខន្តិកៈ បានកំណត់នៃលីគកំពូលកម្ពុជា ដែលបានកំណត់ឱ្យគ្រូបង្គោលទាបបំផុតត្រូវមានអាជ្ញាប័ណ្ណ A-License ដូច្នេះណាហ្គាវើលដ៍បានចាត់តាំងលោក Jose Alves Borges នាយកបច្ចេកទេស ឱ្យធ្វើជាគ្រូបង្គោលតំណាងក្លិបសិន។
លោក Oleg Starynskyi គ្រូបង្គោលក្លិបភ្នំពេញក្រោន

លោក Oleg Starynskyi ជាគ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនដែលមានសញ្ញាប័ត្រកម្រិត UEFA A-License។ បន្ទាប់ពីចូលខ្លួនមកដឹកនាំភ្នំពេញក្រោនជាលើកទី២ កាលពីឆ្នាំ២០២០ លោកបានជួយឲ្យក្លិបឈ្នះពានរង្វាន់៤ក្នុងពីរដូវកាលជាប់គ្នាគឺជើងឯកលីគកំពូលកម្ពុជារដូវកាល២០២១-២២ និង២០២២-២៣ ហើយបានឈ្នះជើងឯកខេមបូឌានលីគខាប់២រដូវកាល២០២១-២២ និង២០២២-២៣។ លោកធ្លាប់ដឹកនាំភ្នំពេញក្រោនលើកទី១ពីឆ្នាំ២០១៦-២០១៧។
លោក Pep Muñoz គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង

លោក Pep Muñoz បានក្លាយជាគ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀងកាលពីខែឧសភា ឆ្នាំ២០២៣។ បុរសអាយុ៤៣ឆ្នាំ គឺជាគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដែលកាន់អាជ្ញាប័ណ្ណ UEFA Pro-License ដែលមានបទពិសោធជាង១៩ឆ្នាំ។ ចាប់ផ្តើមអាជីពដំបូងនៅក្រុម UE Lleida ក្នុងប្រទេសអេស្ប៉ាញ មុនពេលលោកទៅចូលរួមជាមួយក្លិបយក្ស FC Barcelona។ ចំណាលពេល៤ឆ្នាំជាមួយក្រុមយុវជន U19 និង Barcelona B លោកបានជួយឲ្យក្រុមឈ្នះពានរង្វាន់ U19 UEFA Champion League ម្តង និងឈ្នះពានលីគ២ដង មុនទៅកាន់ប្រទេសចិន ដែលជាកន្លែងលោកចំណាយពេល ៧ឆ្នាំដឹកនាំក្រុមជាច្រើននៅទីនោះដូចជា Huanghai FC, Shandong Fc និងក្រុមជម្រើសជាតិចិន។
លោក ឡុង រិទ្ធា គ្រូបង្គោលក្លិបព្រៃវែងអេហ្វស៊ី

លោក ឡុង រិទ្ធា ដែលជាគ្រូបង្វឹកកាន់សញ្ញាប័ត្រ A-License ធ្លាប់ជាគ្រូបង្វឹកយុវជននៅសាលាបាល់ទាត់ជាតិបាទី មុនពេលចូលដឹកនាំអតីតក្លិបវេស្ទើនជាច្រើនឆ្នាំ។ បន្ទាប់មកលោកបានដឹកនាំក្រុមយុវជនអាយុក្រោម១៥ឆ្នាំរបស់ក្លិបបាល់ទាត់វិសាខា និងចុងក្រោយដឹកនាំក្លិបព្រៃវែងអេហ្វស៊ីរហូតដល់បច្ចុប្បន្ន។
លោក ហោ សុខហេង គ្រូបង្គោលក្លិបក្រសួងការពារជាតិ

លោក ហោ សុខហេង ជាបុរសដែលមានបទពិសោធនៅក្នុងវិស័យបាល់ទាត់កម្ពុជា ប៉ុន្តែមិនសូវលេចធ្លោក្នុងនាមជាគ្រូបង្វឹកឡើយ។ ដើមឡើយលោកគ្រាន់តែជាកីឡាករបាល់ទាត់លេងឲ្យក្លិបតូចធម្មតារហូតដល់ឆ្នាំ២០០៦ លោកបានចូលហាត់ជាមួយក្លិបក្រសួងការពារជាតិ។ នៅឆ្នាំ២០០៧ លោកបានបានក្លាយជាគ្រូយុវជនរបស់ក្រសួងការពារជាតិ និងគ្រូជំនួយឈុតធំ មុនពេលក្លាយជាគ្រូបង្គោល បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង Lee Tae Hoon បានចាកចេញ។ ជាមួយគ្នានេះ លោកក៏មានគ្រូដែលមានបទពិសោធក្រាស់គឺលោក ទេព ឡុងរចនា ជាអ្នកចាត់ការទូទៅនៅក្លិបទ័ពដែរ។
លោក Simon McMenemy គ្រូបង្គោលក្លិបវិសាខា

លោក Simon McMenemy ជនជាតិស្កុតឡេន វ័យ៤៥ឆ្នាំជាគ្រូដែលមានបទពិសោធច្រើនមុនពេលចូលខ្លួនមកដឹកនាំក្លិបវិសាខា។ លោកបានជួយក្រុមជម្រើសជាតិហ្វីលីពីន ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងពានរង្វាន់ AFF Championship កាលពីឆ្នាំ ២០១០ និងបានក្លាយជាគ្រូបង្វឹកឆ្នើមនៅលីគកំពូលឥណ្ឌូណេស៊ី Liga 1 ឆ្នាំ២០១៧ ដែលជាពេលលោកឈ្នះជើងឯកលីគកំពូលឥណ្ឌូណេស៊ី Liga 1 ជាមួយក្លិប Bhayangkara FC និងឆ្នាំ២០១៩ដឹកនាំក្រុមជម្រើសជាតិឥណ្ឌូណេស៊ី៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង