កីឡា
កម្ពុជារៀបចំការប្រណាំងឡាន Off-road អន្តរជាតិ អមដោយបោះតង់នៅមាត់សមុទ្រលើកដំបូង
សហព័ន្ធកីឡាយានយន្តកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្ត Off-road អន្តរជាតិជាលើកដំបូងនៅមាត់សមុទ្រដើម្បីជាផ្នែកមួយជួយជំរុញវិស័យកីឡាយានយន្ត និងទេសចរណ៍។

លោក ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងជាប្រធានក្លិបកីឡាមហាគ្រួសារ Off-Road កម្ពុជាបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ថា កីឡាករកម្ពុជាមានបទពិសោធច្រើនទាំងការប្រកួតក្នុងស្រុក និងក្រៅប្រទេស ព្រមទាំងទីតាំងមានអំណោយផលផ្នែកវិស័យទេសចរណ៍ផងនោះ ទើបសហព័ន្ធកីឡាយានយន្តកម្ពុជាដែលមានក្លិប«កីឡាមហាគ្រួសារ Off-Road កម្ពុជា»ទទួលរៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្តអន្តរជាតិដ៏ធំនេះ។ អ្វីដែលកាន់តែពិសេសនោះគឺការប្រកួតរៀបចំជាលើកដំបូងនៅមាត់សមុទ្រដ៏ស្រស់ស្អាត។
លោក ជា ស្យាម មានប្រសាសន៍ថា ៖«គោលដៅចម្បងរបស់យើងគឺជំរុញឲ្យវិស័យកីឡាប្រណាំងយានយន្ត Off-Road នេះឲ្យរីកចម្រើន ដើម្បីធ្វើយ៉ាងណាឈានទៅរកការរៀបចំជារៀងរាល់ឆ្នាំ។ គោលដៅរៀបចំជារៀងរាល់ឆ្នាំនេះគឺមិនមែនតែខេត្តព្រះសីហនុទេ ប៉ុន្តែទៅតាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា»។

លោកបានបញ្ជាក់ថា ៖«ខេត្តព្រះសីហនុគឺជាទិសដៅទេសចរណ៍ដ៏មានសក្តានុពល ដូច្នេះហើយបានបានជាយើងរៀបចំនៅទីនោះដើម្បីជំរុញវិស័យកីឡាផង និងទេសចរណ៍ផង។ ខ្ញុំជឿថា កីឡាករបរទេសនឹងមកមុនថ្ងៃប្រកួត ហើយពួកគាត់នឹងមានអ្នកថត អ្នកសរសេរដើម្បីផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះ»។
មិនត្រឹមតែជាការប្រណាំងយានយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានកម្មវិធីបោះតង់កម្សាន្តនៅមាត់សមុទ្រថែមទៀត។ លោក សេក ច័ន្ទដារ៉ា អ្នកទទួលបន្ទុករៀបចំកម្មវិធីបោះតង់បានឲ្យដឹងថា គណៈកម្មការបានរៀបចំកម្មវិធីបោះតង់ចំនួន៤ថ្ងៃជាលក្ខណៈគ្រួសារ និងមិត្តភក្តិ។ ក្នុងនោះការរៀបចំតង់ និងស្តង់ចំណីអាហារដែលមានប្រព័ន្ធទឹកស្អាត ភ្លើងគ្រប់គ្រាន់ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកចូលរួមកម្សាន្ត។ ពេលល្ងាច និងពេលយប់ ពួកគាត់អាចជួបជុំកម្សាន្តសប្បាយរីករាយនៅមាត់សមុទ្រ ហើយនៅពេលព្រឹកទៅទស្សនាព្រឹត្តិការណ៍ប្រណាំងយានយន្ត។ ទីតាំងដែលបោះតង់គឺនៅឆ្នេរថ្ម៣ដុំ ជាតំបន់ដើមឈើចាំស្នេហ៍ដែលអាចបោះតង់ប្រមាណ៣០០ទៅ៤០០តង់។

លោកបានបញ្ជាក់ថា ៖«ការចូលរួមបោះតង់នេះគឺគ្មានការបង់ប្រាក់អ្វីឡើយ។ យើងខ្ញុំគ្រាន់តែឲ្យអ្នកចូលរួមចុះឈ្មោះដើម្បីក្រុមការងារយើងខ្ញុំរៀបចំជូន។ រហូតដល់ពេលនេះមានបងប្អូនចុះឈ្មោះចូលរួមបានច្រើនហើយ។ អ្វីដែលយើងខ្ញុំសំណូមពរបំផុតគឺចូលរួមថែរក្សាបរិស្ថាន និងអនាម័យទាំងអស់គ្នា»។
តាមការឲ្យដឹងពីលោក ទៀ ស្យាម ថា កីឡាករប្រមាណ៦០នាក់ ក្នុងនោះមានកីឡាករកម្ពុជា៤០នាក់ និងកីឡាករបរទេស២០នាក់មកពីប្រទេសថៃ ឡាវ វៀតណាម និងចិន ចូលរួមប្រកួតចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានស្តង់ដាអន្តរជាតិ ក្នុងទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


