រដ្ឋាភិបាលថៃបានខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចដែលកំពុងដើរអូសជើង ក្នុងមហិច្ឆតាទាក់ទាញភ្ញៀវបរទេសឱ្យបាន ៣៥ លាននាក់ក្នុងឆ្នាំនេះ។ ក្នុងជំហានចុងក្រោយដើម្បីសម្រេចគោលដៅនេះ ថៃកាលពីសប្ដាហ៍មុន បានពង្រីកបញ្ជីលើកលែងទិដ្ឋាការចំនួន ៦០ ថ្ងៃ សម្រាប់ប្រមាណ ៩៣ ប្រទេស។
ពិតណាស់ ផលប៉ះពាល់អាចត្រូវបានវាស់វែងក្នុងទម្រង់ផ្សេងៗ ហើយច្បាស់បំផុត គឺការផ្អែកលើទិន្នន័យភ្ញៀវទេសចរ ដែលរដ្ឋាភិបាលថៃកត់ត្រាប្រចាំថ្ងៃ។ អ្វីដែលគេដឹងភ្លាមៗនោះគឺថា ភាពរហ័សនៃព័ត៌មាន បង្កជាការព្រួយបារម្ភផ្សេងៗ ដែលនេះមានផលប៉ះពាល់ដោយផ្ទាល់លើកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ ដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍សម្រាប់ដង្ហើមសេដ្ឋកិច្ច។