Connect with us

ព័ត៌មានជាតិ

គ្រូបង្រៀនខេត្តរតនគិរី បើកយុទ្ធនាការផ្សព្វផ្សាយដល់មាតាបិតានាំកូនៗចុះឈ្មោះចូលរៀន

បានផុស

នៅ

លោកគ្រូ-អ្នកគ្រូ នៃសាលាបឋមសិក្សាកាចូនក្រោម ខេត្តរតនគិរី បានបើកយុទ្ធនាការផ្សព្វផ្សាយប្រកាសតាមដងផ្លូវ ដោយរៀបចំឃោសនាសព្ទ និងចងបដានៅគោយន្ត ដើម្បីផ្តល់ដំណឹងទៅមាតាបិតា ឬអាណាព្យាបាលឱ្យនាំកូន ក្មួយ អាយុ ៦ ឆ្នាំ ទៅចុះឈ្មោះចូលរៀន ឬ ពិនិត្យឈ្មោះចូលរៀនក្នុងឆ្នាំថ្មី ២០២៥-២០២៦ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការនេះធ្វើនៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីដោយមានចូលរួមពី លោក ឡាំ ប៊ុនណយ នាយកសាលាបឋមសិក្សាកាចូនក្រោម , លោក សុខ ផូន មេភូមិកាចូនក្រោម គណៈកម្មការសាលា មាតាបិតា ឬ អាណាព្យាបាល និងសិស្សានុសិស្សចំនួន ៦០ នាក់ ស្ថិតភូមិកាចូនក្រោម ឃុំកាចូន ស្រុកសវើនសៃ ខេត្តរតនគិរី ។

លោក ឡាំ ប៊ុនណយ នាយកសាលាបឋមសិក្សាកាចូនក្រោម បានប្រាប់កម្ពុជាថ្មីថា យុទ្ធនាការនេះធ្វើឡើងដើម្បីផ្តល់ដំណឹងទៅ មាតាបិតា និងប្រមូលសិស្សឱ្យចូលរៀនផង ដោយផ្តោតទៅលើសិស្សឆ្នាំចាស់ដែលបោះបង់ចោលការសិក្សា និងសិស្សថ្មី ដែលមានអាយុចាប់ពី ៦ ឆ្នាំ ឬ ៧០ ខែ ឱ្យប្រញាប់ទៅចុះឈ្មោះចូលរៀន និងពិនិត្យឈ្មោះកូនរបស់ខ្លួនឱ្យបានត្រឹមត្រូវ។

លោកបន្តទៀតថា ចំពោះមាតាបិតាដែលនាំកូនទៅចុះឈ្មោះចូលរៀនក្នុងឆ្នាំ សិក្សា ២០២៥-២០២៦ នេះត្រូវភ្ជាប់ជាមួយសៀវភៅ គ្រួសារ សំបុត្រកំណើត ជាពិសេសបើគ្រួសារណាមានប័ណ្ណក្រីក្រ (ប័ណ្ណសមធម៌) នៅមានសុពលភាព នឹងទទួលបានប្រាក់ឧបត្ថម្ភ ២ម៉ឺនរៀលដើម្បីជាការលើកទឹកចិត្ត។ ការបើកទទួលចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹង រហូតទៅដល់ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០២៥។

លោក សុខ ផូន តួនាទីជាមេភូមិកាចូនក្រោម ជាជនជាតិដើមភាគតិចទំពួន បានប្រាប់កម្ពុជាថ្មីថា ក្នុងនាមលោកជាគណៈកម្មការសាលារៀន សំណូមពរទៅដល់សិស្សដែលបោះបង់ការសិក្សា ឬក្មេងដែលមានពិការភាព ក៏អាចចុះ​ឈ្មោះចូលរៀនបានដែរ។ លោកក៏បានលើកឡើងថា ការនាំកូនៗចុះឈ្មោះចូលរៀន ដើម្បីពួកគេក្លាយទៅជាទំពាំងស្នងឬស្សីជំនាន់ក្រោយ ចូលរួមអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។

គួរជម្រាបថា នៅខេត្តរតនគិរី តំបន់ភូមិភាគឦសាន ជនជាតិដើមភាគតិច តែងធ្វើយុទ្ធនាការចុះឈ្មោះសិស្សនៅពាក់កណ្តាលខែតុលាជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដាស់តឿន មាតាបិតានាំកូនទៅសាលារៀន ឬនាំកូនរបស់ខ្លួនដែលបោះបង់សិក្សាចូលរៀនឡើងវិញ៕

អត្ថបទ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម