Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន គោរព និងកោតសរសើរពីភាពក្លាហានរបស់វីរកងទ័ព​ក្នុងបុព្វហេតុការពារជាតិមាតុភូមិ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២៥ បាន​ថ្លែង​នូវ​ការគោរព​កោតសរសើរ​ពី​ភាព​ក្លាហាន​របស់​វីរ​កងទ័ព​ខ្មែរ​​ក្នុង​បុព្វហេតុ​ការពារជាតិ​មាតុភូមិ ​ខណៈពេល​ប្រយុទ្ធ​តតាំង​ស្វិតស្វាញ​មិន​រាថយ​សង្គ្រាម​ឈ្លានពាន​របស់​សៀម​មកលើ​ដែនដី​តាម​ព្រំដែន​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ខណៈពេល​អញ្ជើញ​សួរសុខទុក្ខ​ដល់​វីរ​កងទ័ព​ចំនួន ០៣​រូប ដែល​បាន​រងរបួស​ កាលពី​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២៥ ក្នុង​ការតស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​ការការពារ​បូរណភាព​ទឹក​ដឹក​ដី​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី នូវ​ការ​នឹករលឹក ការ​គិតគូរ​អំពី​សុខទុក្ខ​របស់​កងទ័ព​ទាំងអស់​នៅ​ទូទាំងប្រទេស។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​លើកទឹកចិត្ត និង​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការ​លះបង់​ដ៏​ធំធេង ដែល​មិនអាច​កាត់ថ្លៃ​បាន ក្នុងនាម​ជា​ទ័ព​ជួរមុខ ក្នុង​ការរក្សា​សន្តិភាព ការ​ការពារ​អធិបតេយ្យ​ភាព បូរណភាព​ទឹកដី ការពារ​ពី​ការ​រំលោភបំពាន​ពី​ពួក​ចោរ​ឈ្លានពាន។

វីរ​កងទ័ព​ទាំង ៣​រូប រួមមាន ៖ ១.​លោក បេ សុផាត រងរបួស​ដោយសារ​អំបែង​គ្រាប់​ត្រូវ​ភ្នែក​ទាំង​សង​ខាង​ធ្ងន់ធ្ងរ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះអង្គដួង។ ២.​លោក ទេព ភា​រ៉ា រងរបួស​ដោយសារ​ភ្លើង​ឆេះ បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ព្រះ​កេតុមាលា។ ៣.សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ចាត់​ឲ្យ​លោកជំទាវ​ឧត្ដមសេនីយ៍​ឯក តុ​ប សារ៉ន អនុប្រធាន​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ចុះ​សួរ​សុខទុក្ខ លោក សុខ សា​វិន រងរបួស​ដោយសារ​អំបែង​គ្រាប់ប្លោង បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ ក៏បាន​ជូនពរ​ឲ្យ​វីរ​កងទ័ព​ទាំងអស់​ឆាប់​បាន​ជា​សះស្បើយ និង​វិល​ត្រលប់​ចូល​អង្គភាព ដើម្បី​បន្ត​បេសកកម្ម​ការពារ​ប្រទេសជាតិ។

ជា​ការ​ឆ្លើយតប វីរ​កងទ័ព ក៏បាន​គោរព​ថ្លែងអំណរគុណ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី និង សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏ដូចជា​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ ដែល​បាន​ចាត់​តំណាង និង​ចុះ​មក​សួរសុខទុក្ខ​ពួកគាត់​ដល់​មន្ទីរពេទ្យ និង​សូម​គោរព​ជូនពរ សម្តេច លោកជំទាវ លោក លោកស្រី ទាំងអស់​ ទទួល​បាន​នូវ​ពុទ្ធពរ​ទាំង ៤ ​ប្រការ គឺ​ អាយុ វណ្ណៈ សុខ ពល កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម