Connect with us

ព័ត៌មានអន្ដរជាតិ

ការ​វាយប្រហារ​ដោយ​​ដ្រូន ​​សម្លាប់​ទាហាន​រក្សា​សន្តិភាព​ UN ៦នាក់​នៅ​ស៊ូដង់

បានផុស

នៅ

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក António Guterres បាន​និយាយ​ថា ការ​វាយប្រហារ​ដោយដ្រូន​​​លើ​ទីតាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​ស៊ូដង់​​កាលពី​ថ្ងៃ​សៅរ៍ទី១៣​ខែ​ធ្នូ​ឆ្នាំ​២០២៥ បាន​សម្លាប់​ទាហាន​រក្សា​សន្តិភាព​៦​នាក់ និង​របួស​៨​នាក់​ផ្សេង​ទៀត។

លោក António Guterres (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ AP លោក Guterres បាន​​ប្រាប់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ការ​វាយប្រហារ​នេះ​បាន​កើត​ឡើង​លើ​មូលដ្ឋាន​ភស្តុភារ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ នៅ​ទីក្រុង​ Kadugli ក្នុង​តំបន់ Kordofan នៃ​ប្រទេស​ស៊ូដង់។ ជនរងគ្រោះ​ទាំងអស់​ជា​ជនជាតិ​បង់ក្លាដែស​ ដែល​បម្រើ​ការងារ​ជាមួយ​បេសកកម្ម​សន្តិសុខ​បណ្ដោះអាសន្ន​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​តំបន់ Abyei (UNISFA)។

លោក Guterres បាន​ថ្លែង​ថា «ការ​វាយប្រហារ​ដែល​កំណត់​គោលដៅ​លើ​ទាហាន​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ អាច​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម​ក្រោម​ច្បាប់​អន្តរជាតិ» ដោយ​ហៅ​ការ​វាយប្រហារ​នេះ​ថា «មិន​អាច​លើកលែង​ឲ្យបាន» និង​ជំរុញ​ឲ្យ​ជន​បង្ក​ត្រូវ​តែ​ទទួល​ទោស។

(រូបថត៖ X)

កងទ័ព​ស៊ូដង់​បាន​បន្ទោស​ការ​វាយប្រហារ​នេះ​ទៅលើ​កងកម្លាំង​ RSF ដែល​ជា​ក្រុម​ប៉ារ៉ា​យោធា​ដែល​បាន​ប្រយុទ្ធ​ជាមួយ​កងទ័ព​ ដើម្បី​គ្រប់គ្រង​ប្រទេស​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ។ ក្រុម RSF មិនទាន់​ធ្វើការ​អត្ថាធិប្បាយ​ភ្លាមៗ​នោះ​ទេ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ កងទ័ព​បាន​​អះអាង​ថា ការ​វាយប្រហារ​នេះ «បង្ហាញ​យ៉ាង​ច្បាស់​ពី​វិធីសាស្ត្រ​បំផ្លិចបំផ្លាញ​របស់​ក្រុម​កងជីវពល​បះបោរ» និង​បាន​បង្ហោះ​វីដេអូ​ដែល​បង្ហាញ​ពី​ផ្សែង​ខ្មៅ​ក្រាស់​ហុយ​ចេញពី​អ្វី​ដែល​ខ្លួន​និយាយ​ថា​ជា​ទីតាំង​របស់​អង្គការ​សហប្រជាជាតិ។

បេសកកម្ម​អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​ដាក់ពង្រាយ​នៅ​ក្នុង​តំបន់ Abyei ដែល​សម្បូរ​ប្រេង​ចាប់តាំងពី​ឆ្នាំ​២០១១ នៅ​ពេល​ដែល​ប្រទេស​ស៊ូដង់​ខាង​ត្បូង​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​ស៊ូដង់ ដោយ​បន្សល់ទុក​តំបន់​នោះ​ជា​​តំបន់​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ។

ប្រទេស​ស៊ូដង់​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សង្រ្គាម​ក្នុង​ខែ​មេសាឆ្នាំ​២០២៣ បន្ទាប់ពី​ការ​តស៊ូ​អំណាច​រវាង​យោធា និង​ក្រុម RSF បាន​ផ្ទុះឡើង​ទៅ​ជា​ការ​ប្រយុទ្ធ​គ្នា​នៅ​ទីក្រុង Khartoum និង​បាន​រីករាលដាល​ទូទាំង​ប្រទេស។ ជម្លោះ​នេះ​បាន​សម្លាប់​មនុស្ស​ជាង ៤០ ០០០​នាក់ ដែល​ជា​តួលេខ​ដែល​ត្រូវ​បាន​គេ​ជឿ​យ៉ាង​ទូលំទូលាយ​ថា​ជា​ការ​រាប់​ក្រោម​ការពិត ហើយ​បាន​បង្ក​ឲ្យ​មាន​អ្វី​ដែល​អង្គការ​សហប្រជាជាតិ​ហៅថា​ជា​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​របស់​ពិភពលោក។

ការ​ប្រយុទ្ធ​គ្នា​ថ្មីៗ​នេះ​ បាន​កើនឡើង​នៅ​ក្នុង​តំបន់ Kordofan ជាពិសេស​បន្ទាប់ពី​ក្រុម RSF បាន​ដណ្តើម​យក​ទីក្រុង el-Fasher ដែល​ជា​ទីតាំង​ដ៏​សំខាន់​ចុងក្រោយ​របស់​កងទ័ព​នៅ​តំបន់ Darfur។ សង្រ្គាម​នេះ​​បាន​បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់ទីលំនៅ​ទ្រង់ទ្រាយ​ធំ ទុរ្ភិក្ស និង​អំពើ​ឃោរឃៅ​រួម​ទាំង​ការ​រំលោភ​បំពាន​ផ្លូវភេទ​ទ្រង់ទ្រាយ​ធំ ដែល​អ្នក​ស៊ើបអង្កេត​អង្គការ​សហប្រជាជាតិ​និយាយ​ថា អាច​ចាត់ទុក​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម