សេដ្ឋកិច្ច
ជប៉ុនដាក់ទិសដៅទាក់ទាញរោងចក្រកែច្នៃស្វាយចន្ទីមកកម្ពុជា
អង្គការជំរុញពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ បានជួបពិភាក្សាការងារជាមួយសមាគមស្វាយចន្ទីកម្ពុជា ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការក្នុងការរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់ចម្ការស្វាយចន្ទី និងទីតាំងពាក់ព័ន្ធនានា សម្រាប់គណៈប្រតិភូវិនិយោគជប៉ុន ក្នុងគោលបំណងលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជា និងទាក់ទាញការវិនិយោគបរទេសនៅខែមីនា ឆ្នាំ ២០២៦។

សមាគមស្វាយចន្ទីកម្ពុជាបានណែនាំ សហគមន៍កសិកម្ម និងកសិករខ្នាតធំ ដែលមានសមត្ថភាពផលិតកម្មរឹងមាំ ជាដៃគូអាជីវកម្មសក្តានុពលសម្រាប់ក្រុមហ៊ុនជប៉ុន។
ការណែនាំទាំងនេះមានបំណងគាំទ្រដល់កិច្ចប្រជុំធុរកិច្ចនាពេលខាងមុខ រវាងភាគីពាក់ព័ន្ធកម្ពុជា និងក្រុមហ៊ុនជប៉ុនដែលចូលរួមក្នុងបេសកកម្មវិនិយោគ។
កម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសផលិតកសិកម្មដ៏សំខាន់ ជាពិសេសគ្រាប់ស្វាយចន្ទីដែលមានគុណភាពខ្ពស់។JETRO មានគោលបំណងនាំយកក្រុមហ៊ុនជប៉ុនដែលមានបទពិសោធន៍ ឬចំណាប់អារម្មណ៍លើការកែច្នៃកសិផលនៅបរទេសមកកាន់កម្ពុជា។

គណៈប្រតិភូជប៉ុនត្រូវបានរំពឹងថានឹងទៅទស្សនា ចំម្ការស្វាយចន្ទី រោងចក្រកែច្នៃ និងសួនឧស្សាហកម្មស្វាយចន្ទី (CIP) នៅក្នុងខេត្តកំពង់ធំ ដើម្បីវាយតម្លៃសមត្ថភាពផលិតកម្ម និងសក្តានុពលវិនិយោគរបស់កម្ពុជា។
JETRO គ្រោងនឹងរៀបចំ វគ្គផ្គូរផ្គងធុរកិច្ច រវាងសហគ្រាសកសិកម្មកម្ពុជាដែលមានសមត្ថភាពសម្របសម្រួលកសិករ និងសកម្មភាពកសិកម្ម ជាមួយក្រុមហ៊ុនជប៉ុន ដោយមានគោលដៅបង្កើនឱកាសសម្រាប់ការវិនិយោគនាពេលអនាគត។
លោក Wakabayashi Kohei នាយកប្រចាំប្រទេសនៃ JETRO ប្រចាំកម្ពុជា បានថ្លែងថា៖ «គោលដៅរបស់យើងគឺទាក់ទាញរោងចក្រកែច្នៃចំណីអាហារជប៉ុនមកកាន់កម្ពុជា ចាប់ផ្តើមពីខេត្តកំពង់ធំ ដោយធានាការផ្គត់ផ្គង់ផ្លែឈើ និងបន្លែប្រកបដោយស្ថិរភាព និងធានានូវអត្ថប្រយោជន៍ថ្លៃដើមតាមរយៈការលើកទឹកចិត្តពន្ធដារដូចជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)»។

លោកបានបន្ថែមថា JETRO សង្ឃឹមថានឹងពង្រីកគំរូជោគជ័យ ដូចជារោងចក្រស្វាយចន្ទីរបស់ក្រុមហ៊ុន MIRARTH Agri Tech ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។
អ្នកស្រី Kikuchi Fumiko អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវនៃផ្នែកស្រាវជ្រាវ និងវិភាគប្រចាំអាស៊ី និងអូសេអានីរបស់ JETRO បានលើកឡើងពីកង្វល់អំពីការផ្គត់ផ្គង់ គ្រាប់ស្វាយចន្ទីឆៅ ជាពិសេសនៅចំពេលមានការប្រកួតប្រជែងខ្លាំងពីឈ្មួញវៀតណាមក្នុងរដូវប្រមូលផល។
ឆ្លើយតបនឹងបញ្ហានេះ លោក ស៊ុយ កុកធាន អនុប្រធាន សមាគមស្វាយចន្ទីកម្ពុជា បានថ្លែងថា សមាគម បានរៀបចំព្រឹត្តិការណ៍ផ្គូរផ្គងធុរកិច្ច ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ដើម្បីភ្ជាប់អ្នកទិញដោយផ្ទាល់ជាមួយអ្នកផលិត កសិករខ្នាតធំ និងសហគមន៍កសិកម្ម។

លោកបានពន្យល់ថា កិច្ចការទាំងនេះជួយភាគីពាក់ព័ន្ធឱ្យយល់ដឹងគ្នាកាន់តែច្បាស់ និងសម្រួលកិច្ចព្រមព្រៀង កសិកម្មតាមកិច្ចសន្យា ក្រោមការត្រួតពិនិត្យរបស់នាយកដ្ឋានកសិ-ឧស្សាហកម្ម (DAI) នៃក្រសួងកសិកម្ម។
លោកបានកត់សម្គាល់ថា យន្តការបែបនេះគឺចាំបាច់សម្រាប់ការកសាងទំនុកចិត្ត និងធានាការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅប្រកបដោយស្ថិរភាពសម្រាប់រោងចក្រកែច្នៃ។
គំនិតផ្តួចផ្តើមនេះក៏ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២-២០២៧» របស់ រដ្ឋា ភិបាល ដែលមានគោលបំណងបង្កើនអត្រាកែច្នៃកសិផលរបស់កម្ពុជា និងបន្ថែមតម្លៃកាន់តែ ច្រើន ដល់ឧស្សាហកម្មស្វាយចន្ទីរបស់ប្រទេស។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមរយៈពេល ៨ ខែ ឆ្នាំ ២០២៥ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅ ចំនួន ៩៦៤៩៥៧ តោន គិតជាទឹកប្រាក់ ១,៤ ពាន់លានដុល្លារ កើនឡើង ២៥% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៤៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


