សេដ្ឋកិច្ច
រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរតម្លៃ ១.៥ លានដុល្លារ នៅខេត្តកំពង់ចាម នឹងបើកដំណើការក្នុងខែកញ្ញា ខាងមុខនេះ
រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរ TL Agri Foods Import Export Co.,Ltd ជាក្រុមហ៊ុនកូនខ្មែរ ១០០% ចាយទុនវិនិយោគប្រមាណ ១.៥ លានដុល្លារអាមេរិក ដែលមានទីតាំងស្ថិតនៅស្រុកចម្ការលើ ខេត្តកំពង់ចាម គ្រោងនឹងបើកដំណើរការជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ។

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នេះ លោកឧកញ៉ា ឡាង ទីលាង អគ្គនាយក TL Agri Foods Import Export បានឱ្យ «កម្ពុជាថ្មី» ដឹងថា រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់លោក ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីប្រមាណជា ២ហិតា ដែលគ្រោងនឹងបើកឱ្យដំណើរជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ បច្ចុប្បន្ន រោងចក្របាននិងកំពុងដំណើរការដំឡើងគ្រឿងចក្របច្ចេកវិទ្យាទំនើបចុងក្រោយ ដែលមានសមត្ថភាពបកគ្រាប់ស្វាយចន្ទីខ្មែរ ៥០ តោនក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់លក់ក្នុងស្រុក និងនាំចេញទៅកាន់ពិភពលោក។
ជាក់ស្ដែង ក្រោយបើកឱ្យដំណើរការជាផ្លូវការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមួយនេះ គ្រោងនាំចេញគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិមួយចំនួនដូចជា ទីផ្សារប្រទេសចិន ជប៉ុន អាមេរិក កូរ៉េ និងអឺរ៉ុប ជាដើម។

បន្ថែមពីលើដំណើរការចង្វាក់ផលិតកម្ម លោកឧកញ៉ា ឡាង ទីលាង បានបន្ថែមដែរថា ក្រុមហ៊ុន គឺមានចម្ការដាំដុះស្វាយចន្ទីដោយខ្លួនឯងនៅលើផ្ទៃដីប្រមាណ ១០ ហិតា ហើយក្រៅពីនេះក៏និងមានការប្រមូលទិញគ្រាប់ស្វាយចន្ទីបន្ថែមពីប្រជាពលរដ្ឋផងដែរ ដោយក្នុង ១ឆ្នាំៗ ក្រុមហ៊ុន គ្រោងទិញចូលគ្រាប់ស្វាយចន្ទីប្រមាណ ១០ ម៉ឺន ដើម្បីបំពេញតម្រូវការខ្សែសង្វាក់ផលិតកម្ម និងសម្រាប់កែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោកឧកញ៉ា បានអះអាងដែរថា នៅក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូលនៅក្នុងរោងចក្រត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយប្រើប្រាស់កម្លាំងពលកម្មតិច តែប្រសិទ្ធភាពការងារខ្ពស់ សំដៅធ្វើយ៉ាងណាឱ្យផលិតកម្មគ្រាប់ស្វាយចន្ទីផលិតចេញមកមានគុណភាពខ្ពស់ ដោយគោរពទៅតាមបទដ្ឋានស្តង់ដារចំណីអាហារ មិនត្រឹមតែសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក តែក៏សម្រាប់នាំចេញទីផ្សារក្រៅប្រទេសបន្ថែមទៀត។

ទន្ទឹមនេះ ដោយសារកម្ពុជាយើងមានបរិមាណវត្ថុធាតុដើមដែលជាផលិតផលស្វាយចន្ទីខ្ពស់ ជាមួយនិងបច្ចេកវិទ្យានៃដំណើរការចង្វាក់ផលិតកម្មរបស់យើងស្វ័យប្រវត្តិ គឺអាចធ្វើឱ្យយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយនិងដៃគូរផលិតក្នុងស្រុក និងផលិតនៅក្នុងប្រទេសជិតខាងផងដែរ។
ជាមួយគ្នានេះ តាមរយៈការបង្កើតឱ្យមានរោងចក្រកែច្នៃនៅក្នុងស្រុក លោកឧកញ៉ា ឡាង ទីលាង បានគូសបញ្ជាក់ថា ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចជា ទី១ ជួយរក្សាតម្លៃឱ្យមានស្ថិរភាព ព្រោះរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីអាចជួយទិញគ្រាប់ស្វាយចន្ទីពីកសិករដោយផ្ទាល់ តម្លៃក៏មានស្ថិរភាពជាងមុន កសិករមិនចាំបាច់ពឹងផ្អែកលើឈ្មួញកណ្ដាល ឬអ្នកនាំចេញក្រៅប្រទេសដែលតែងតែបម្លែងតម្លៃឡើងចុះ។ មិនតែប៉ុណ្ណោះ ជាមួយនឹងតម្លៃដែលមានស្ថិរភាព កសិករក៏អាចមានប្រាក់ចំណូលបន្តិចបន្តួចប្រកបដោយភាពទៀងទាត់ និងអាចរៀបចំផែនការផលិតបានល្អជាងមុន។

ទី២ គឺការបង្កើតការងារ ដោយសារតែរោងចក្រកែច្នៃត្រូវការកម្មករច្រើនសម្រាប់ដំណើរការផ្សេងៗ ដូចជា ការជ្រើសរើស ការកាត់សំបក ការក្រឡុក ការវេចខ្ចប់ និងការដឹកជញ្ជូនជាដើម ដែលនេះគឺបង្កើតជាឱកាសការងារសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ ជាពិសេសស្ត្រី និងយុវជននៅតាមតំបន់ជនបទ។ ក្រៅពីការងារក្នុងរោងចក្រ ក៏បង្កើតឱកាសការងារពាក់ព័ន្ធដទៃទៀតផងដូចជា ដឹកជញ្ជូន ផ្គត់ផ្គង់ និងសេវាសហគមន៍។ ទី៣ បង្កើតតម្លៃបន្ថែមលើផលិតផលស្វាយចន្ទី និងផលិតផលពាក់ព័ន្ធផ្សេងៗ។ ជំនួសឱ្យនាំចេញគ្រាប់ស្វាយចន្ទីឆៅ ប្រទេសអាចកែច្នៃជាផលិតផលរួចរាល់ ទៀតសោតវាជួយបង្កើនតម្លៃលក់ និងទិន្នផលប្រាក់ចំណេញ បើប្រៀបធៀបនឹងការនាំចេញឆៅ ព្រមទាំងជួយលើកកម្ពស់ឧស្សាហកម្មពាក់ព័ន្ធផ្សេងៗ ដូចជា ការវេចខ្ចប់ ការផ្សព្វផ្សាយ និងការចែកចាយ។
ទី៤ ការរួមចំណែកក្នុងកំណើន GDP។ ការកែច្នៃមានតម្លៃបន្ថែម ជួយបង្កើនការរួមចំណែករបស់វិស័យកសិកម្មទៅក្នុង GDP របស់ប្រទេស លើសពីនេះទៀតការនាំចេញផលិតផលស្វាយចន្ទីកែច្នៃ ក៏ជួយបង្កើនដល់ប្រាក់ចំណូលចូលប្រទេស (Foreign Exchange) ជាមួយនឹងឧស្សាហកម្មស្វាយចន្ទីកែច្នៃកម្ពុជាអាចក្លាយជាប្រទេសដែលមានសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។

និងទី៥ លើកកម្ពស់ផលិតផលស្វាយចន្ទីកម្ពុជា ឱ្យឈានទៅកាន់ពិភពលោក។ ព្រោះការផលិតស្វាយចន្ទីកែច្នៃជួយឱ្យកម្ពុជាមានអត្តសញ្ញាណថាជាប្រទេសផលិតផលស្វាយចន្ទីមានគុណភាព ហើយផលិតផលកែច្នៃអាចចូលទៅដល់ផ្សារទំនើបអន្តរជាតិ និងប្រកួតប្រជែងជាមួយប្រទេសផលិតស្វាយចន្ទីដ៏ធំៗដូចជា វៀតណាម ឥណ្ឌា និងកូឌីវរ័ ជាដើម ដែលទាំងអស់នេះនឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់កម្ពុជា និងបើកទ្វារឱ្យផលិតផលកសិកម្មផ្សេងទៀតអាចនាំចេញទៅកាន់ទីផ្សារបរទេស៕
ដោយ៖ ឌិន ថារី


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


