Connect with us

ព័ត៌មានអន្ដរជាតិ

ទោះ ចិន ដកថយ តែតៃវ៉ាន់ នៅតែប្រុងជើងការខ្ពស់ដដែល

បានផុស

នៅ

តៃវ៉ាន់នៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់នាថ្ងៃពុធទី ៣១ ខែធ្នូនេះ ទោះជាភាគីចិនបានដកថយបន្ទាប់ពីធ្វើសមយុទ្ធយោធាដ៏ធំនៅជុំវិញកោះកាលប៉ុន្មានថ្ងៃមុន ដោយរក្សាមជ្ឈមណ្ឌលឆ្លើយតបបន្ទាន់តាមសមុទ្ររបស់ខ្លួនឲ្យដំណើរការ នេះបើយោងតាមប្រធានឆ្មាំឆ្នេរសមុទ្របញ្ចាក់ និងចុះផ្សាយដោយសារព័ត៌មាន CNA

រូបភាព៖REUTERS/Tsai Hsin-Han
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធដែលមានឈ្មោះថា «បេសកកម្មយុត្តិធម៌ ២០២៥» ដោយប្រទេសចិនបាញ់រ៉ុក្កែតរាប់សិបគ្រាប់ឆ្ពោះទៅកាន់តៃវ៉ាន់ និងដាក់ពង្រាយនាវាចម្បាំង និងយន្តហោះមួយចំនួនធំនៅជិតកោះនេះ ក្នុងការបង្ហាញកម្លាំងដែលទាក់ទាញការព្រួយបារម្ភពីសម្ព័ន្ធមិត្តលោកខាងលិច រួមទាំងគណៈកម្មការអឺរ៉ុប និងចក្រភពអង់គ្លេស។

ពេលនោះ ទីក្រុងតៃប៉ិបានថ្កោលទោសសមយុទ្ធមួយនេះថា «ជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងជាការញុះញង់ដោយចំហ»។

បើទោះបីពេលនេះ នាវាចិនកំពុងធ្វើដំណើរចេញពីតៃវ៉ាន់ ប៉ុន្តែទីក្រុងប៉េកាំងមិនទាន់បានប្រកាសជាផ្លូវការអំពីការបញ្ចប់សមយុទ្ធនៅឡើយទេ នេះបើយោងតាមលោកស្រី Kuan Bi-ling ប្រធានក្រុមប្រឹក្សាកិច្ចការសមុទ្ររបស់តៃវ៉ាន់ចេញការបញ្ចាក់ភ្លាមៗ។

លោកស្រីបាននិយាយនៅក្នុងការបង្ហោះមួយនៅលើហ្វេសប៊ុកកាលពីយប់ថ្ងៃអង្គារថា «ស្ថានភាពសមុទ្របានស្ងប់ស្ងាត់ ដោយ​កប៉ាល់​និង​នាវា​តូចៗ​បាន​ចាកចេញ​ជា​បណ្តើរៗ។ ដោយសារប្រទេសចិនមិនទាន់បានប្រកាសពីការបញ្ចប់សមយុទ្ធយោធា មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់នៅតែដំណើរការដដែល»។

ដោយឡែក មន្ត្រីឆ្មាំសមុទ្រតៃវ៉ាន់ម្នាក់បានប្រាប់រ៉យទ័រថា នាវាឆ្មាំសមុទ្រចិនទាំង ១១ គ្រឿងបានចាកចេញពីដែនទឹកក្បែរតៃវ៉ាន់ ហើយកំពុងបន្តធ្វើដំណើរចេញម្ដងមួយៗ។ ប៉ុន្តែ មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់សម្រាប់យោធា និងឆ្មាំសមុទ្រនៅតែសកម្ម។

ក្រសួងការពារជាតិតៃវ៉ាន់នាថ្ងៃដដែលបាននិយាយថា យន្តហោះយោធាចិនចំនួន ៧៧ គ្រឿង និងនាវាកងទ័ពជើងទឹក និងឆ្មាំសមុទ្រចំនួន ២៥ គ្រឿង បានប្រតិបត្តិការនៅជុំវិញកោះនេះក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ ក្នុងចំណោមនោះ យន្តហោះយោធាចំនួន ៣៥ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់កណ្តាលច្រកសមុទ្រតៃវ៉ាន់ ដែលបំបែកភាគីទាំងពីរ។

សមយុទ្ធ «បេសកកម្មយុត្តិធម៌ ២០២៥» ជាសមយុទ្ធសង្គ្រាមដ៏ទូលំទូលាយបំផុតរបស់ចិន បានបង្ខំឲ្យតៃវ៉ាន់លុបចោលជើងហោះហើរក្នុងស្រុករាប់សិបជើង និងបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងដើម្បីតាមដាន។ ទាហានត្រូវបានគេឃើញកំពុងធ្វើសមយុទ្ធឆ្លើយតបរហ័ស រួមទាំងការដាក់របាំងនៅទីតាំងផ្សេងៗ។

អ្នកនាំពាក្យយោធាចិន លោក Shi Yi បានបោះសម្ដីនៅក្នុងថ្ងៃធ្វើសមយុទ្ធថា ទីក្រុងប៉េកាំងនឹងបញ្ជូនកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស និងកងកម្លាំងរ៉ុក្កែតសម្រាប់សមយុទ្ធសង្គ្រាម ដោយផ្តោតលើ ការល្បាតត្រៀមខ្លួនប្រយុទ្ធតាមសមុទ្រ-អាកាស ការបិទផ្លូវកំពង់ផែ និងតំបន់សំខាន់ៗ ក៏ដូចជាការរារាំងគ្រប់វិមាត្រនៅខាងក្រៅខ្សែសង្វាក់កោះ។

លោកថា សមយុទ្ធនេះគឺជា ការព្រមានយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងកងកម្លាំងបំបែកខ្លួន ឯករាជ្យតៃវ៉ាន់ និងសកម្មភាពស្របច្បាប់ និងចាំបាច់ដើម្បីការពារអធិបតេយ្យភាព និងឯកភាពជាតិរបស់ចិន។ ប្រទេសចិននៅតែអះអាងដដែលៗថា តៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយបដិសេធមិនព្រមច្រានចោលការប្រើប្រាស់សកម្មភាពយោធាដើម្បីដណ្តើមយកលទ្ធិប្រជាធិបតេយ្យរបស់កោះដាច់ខាត។ ប៉ុន្តែទីក្រុងតៃប៉ិឯណោះវិញ បានបដិសេធការអះអាងរបស់ចិនយ៉ាងដាច់អហង្កា៕

រូបភាព៖Reuters/Maxim Shemetov)

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

សមយុទ្ធចិនថ្ងៃទី២ ជុំវិញ តៃវ៉ាន់ ក្ដៅខ្លាំងជាងម្សិលមិញ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម