Connect with us

ព័ត៌មានអន្ដរជាតិ

ដើមហេតុធំៗ​៣ ដែលនាំ​ឲ្យ​មានការងើបបះបោរជាថ្មីនៅក្នុងប្រទេសអ៊ីរ៉ង់

បានផុស

នៅ

រលកនៃភាពចលាចលដែលកំពុងបោកបក់ពេញប្រទេសអ៊ីរ៉ង់នាពេលនេះ មិនមែនកើតចេញពីការមិនពេញចិត្តលើបញ្ហាតែមួយនោះទេ ប៉ុន្តែវាគឺជាការរួមបញ្ចូលគ្នានៃការដួលរលំសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ផលវិបាកនៃបរាជ័យយោធា និងការអស់សង្ឃឹមយ៉ាងខ្លាំងចំពោះប្រព័ន្ធនយោបាយ។

ទោះបីជាសម្រែកតវ៉ាដំបូងត្រូវបានគេឮចេញពីត្រឹម​ផ្សារមួយ​កន្លែង​ក្នុងទីក្រុងតេហេរ៉ង់ (Tehran Grand Bazaar) កាលពីចុងខែធ្នូឆ្នាំ២០២៥ក៏ពិត​មែន ក៏ការ​តវ៉ា​នេះ​​បានចាប់ផ្តើមឆេះងំ និង​ចេះ​តែ​រីក​ធំៗ​ទៅ​អស់រយៈពេលជាច្រើនថ្ងៃ​មកហើយ ដែលបានរុញច្រានប្រជាជនអ៊ីរ៉ង់​ឲ្យ​អស់ភាពអត់ធ្មត់ ហើយ​អ្នកវិភាគជាច្រើនជឿថា លើកនេះមានលក្ខណៈខុសប្លែកពីការបះបោរមុនៗទាំងអស់។

បាតុកម្មនៅទីក្រុង Mashhad ប្រទេស​អ៊ីរ៉ង់ ថ្ងៃទី៨មករា២០២៦​ (រូបថត៖ NCRI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដួលរលំនៃប្រាក់ Rial និងតម្លៃជីវភាព

កត្តាជំរុញដ៏ចម្បងសម្រាប់ការបះបោរក្នុងឆ្នាំ​២០២៦ គឺតថភាពដ៏ជូរចត់នៃទីផ្សារ។ នៅចុងឆ្នាំ២០២៥ ប្រាក់ Rial អ៊ីរ៉ង់បានធ្លាក់ចុះយ៉ាងគំហុកដល់កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ គឺ ១.៤៥លាន Rial ក្នុងមួយដុល្លារអាមេរិក។ ការធ្លាក់ថ្លៃនេះមិនមែនគ្រាន់តែជាតួលេខនៅលើក្រដាសនោះទេ ប៉ុន្តែវាបានធ្វើឲ្យប្រាក់សន្សំរបស់វណ្ណៈកណ្តាលរលាយបាត់ទៅក្នុងមួយប៉ប្រិចភ្នែក និងធ្វើឲ្យតម្លៃទំនិញចាំបាច់ដូចជា ស៊ុត អង្ករ និងសាច់ ឡើងថ្លៃទ្វេដង។

ទុក្ខវេទនានេះកាន់តែធ្ងន់ធ្ងរឡើងដោយសារវិធានការរឹតបន្តឹងរបស់រដ្ឋាភិបាលផ្ទាល់។ ដើម្បីដោះស្រាយឱនភាពថវិកាដ៏ច្រើន រដ្ឋបាលរបស់ប្រធានាធិបតី Masoud Pezeshkian បានលុបចោលប្រព័ន្ធ «អត្រាប្តូរប្រាក់អាទិភាព» ដែលធ្លាប់ជួយឧបត្ថម្ភធនដល់តម្លៃអាហារ និងថ្នាំពេទ្យឲ្យនៅទាប។ ទន្ទឹម​នោះ ការដាក់ចេញនូវតម្លៃប្រេងសាំងថ្មីដែលខ្ពស់ជាងមុន បានក្លាយជាចំណុចផ្ទុះនៃកំហឹងសាធារណៈ។ សម្រាប់ប្រជាជនដែលកំពុងប្រឈមមុខនឹងអត្រាអតិផរណាប្រចាំឆ្នាំជាង ៤០% ស្រាប់ គោលនយោបាយទាំងនេះមិនត្រូវបានគេមើលឃើញថាជាការកែទម្រង់ចាំបាច់នោះទេ ប៉ុន្តែជាការប្រកាសសង្រ្គាមសេដ្ឋកិច្ចរបស់រដ្ឋមកលើប្រជាជនខ្លួនឯង។

ការ​បរាជ័យ​នៃ «សង្រ្គាម១២ថ្ងៃ»

ក្រៅពីបញ្ហាហិរញ្ញវត្ថុ មានមូលហេតុជ្រៅជាងនេះដែលទាក់ទងនឹងផ្លូវចិត្ត ដែលកើតចេញពីព្រឹត្តិការណ៍យោធាកាលពីខែមិថុនាឆ្នាំ​២០២៥។ ជម្លោះដ៏ខ្លីប៉ុន្តែខ្លាំងក្លាជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដែលបានវាយប្រហារចំគោលដៅលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់ បានធ្វើ​ឲ្យ​របបដឹកនាំចុះខ្សោយយ៉ាងច្បាស់ក្រឡែត។ សម្រាប់ប្រជាជនអ៊ីរ៉ង់ជាច្រើន សង្រ្គាមនេះបានបំបែករូបភាពនៃ «សាធារណរដ្ឋអ៊ីស្លាម» ដែលធ្លាប់តែត្រូវបានគេចាត់ទុកថាជាមហាអំណាចតំបន់ដែលមិនអាចប៉ះពាល់បាន។

ការដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិកាលពីខែកញ្ញាឆ្នាំ​២០២៥ បានធ្វើ​​ឲ្យ​ប្រទេសនេះកាន់តែឯកោ និងកាត់ផ្តាច់ចំណូលពីការនាំចេញប្រេងដែលនៅសេសសល់តិចតួច។ ក្រុមអ្នកតវ៉ាត្រូវបានគេឮជាញឹកញាប់ស្រែកថា «មិនមែនហ្កាហ្សា មិនមែនលីបង់ ជីវិតខ្ញុំគឺសម្រាប់អ៊ីរ៉ង់» ដែលជា​ពាក្យ​ស្លោកវាយប្រហារដោយផ្ទាល់ទៅលើគោលនយោបាយការបរទេសរបស់របបដឹកនាំ។ អត្ថន័យគឺច្បាស់ណាស់ ប្រជាជនលែងសុខចិត្តបង្អត់អាហារខ្លួនឯង ដើម្បី​ឲ្យ​រដ្ឋយកលុយទៅផ្គត់ផ្គង់ក្រុមប្រដាប់អាវុធក្នុងតំបន់ទៀតហើយ ជាពិសេសបន្ទាប់ពីបានឃើញក្រុមទាំងនោះត្រូវបានកម្ទេច និងការដួលរលំនៃរបបអាសាដក្នុងប្រទេសស៊ីរីកាលពីចុងឆ្នាំ​២០២៤។

ពីភាពអស់សង្ឃឹមផ្នែកសេដ្ឋកិច្ច ទៅជាការប្រឆាំងផ្នែកនយោបាយ

ទោះបីជាចលនានេះបានចាប់ផ្តើមដោយការទាមទារផ្នែកសេដ្ឋកិច្ចពីសំណាក់អាជីវករ និងកម្មករក៏ដោយ ប៉ុន្តែវាបានប្រែទៅជាការបះបោរនយោបាយយ៉ាងឆាប់រហ័ស។ ការផ្លាស់ប្តូរនេះបង្ហាញពីការប្រែប្រួលជាមូលដ្ឋាននៃគោលដៅរបស់អ្នកតវ៉ា។ កាល​បាតុកម្ម​ក្នុងឆ្នាំ២០០៩ ពួកគេបានសួរថា «តើសន្លឹកឆ្នោតរបស់ខ្ញុំនៅឯណា?» ហើយក្នុងឆ្នាំ២០២២ ពួកគេបានទាមទារសេរីភាពសង្គមក្រោមពាក្យស្លោក «ស្ត្រី ជីវិត សេរីភាព»។ ប៉ុន្តែនៅក្នុងឆ្នាំ២០២៦នេះ មតិរួមគ្នានៅលើដងផ្លូវហាក់ដូចជាការបដិសេធទាំងស្រុងចំពោះប្រព័ន្ធដឹកនាំបែបសាសនា។

វិសាលភាពនៃការធ្វើ​បាតុកម្ម​ដែលរីករាលដាល តាំង​ពីតំបន់ Kurdish នៅភាគពាយព្យ រហូតដល់តំបន់អភិរក្សនិយម បង្ហាញថា យុទ្ធសាស្ត្រ​បំបែកបំបាក់របស់រដ្ឋាភិបាលលែងមានប្រសិទ្ធភាពទៀតហើយ។ ជាមួយនឹងការកាត់ផ្តាច់អ៊ីនធឺណិតទូទាំងប្រទេស និងសេចក្តីរាយការណ៍ថា កងកម្លាំងសន្តិសុខបានប្រើប្រាស់គ្រាប់កាំភ្លើងពិតនៅក្នុងទីក្រុងដូចជា Lordegan និង Kermanshah មូលហេតុនៃការតវ៉ានេះបានឈានហួសពីបញ្ហាជីវភាព ហើយក្លាយជាការតស៊ូដោយផ្ទាល់ដើម្បីអនាគតនៃប្រទេសជាតិ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម