Connect with us

ព័ត៌មានជាតិ

ខេត្ត​រតនគិរី សំបូរ​តំបន់​អេកូ​ទេសចរណ៍ តែ​ខ្វះ​ការ​​វិនិយោគ

បានផុស

នៅ

ខេត្ត​រតនគិរី​មាន​សក្តានុពលអេកូទេសចរណ៍​ទាំង​ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច ប៉ុន្តែ​មិន​ទាន់​មាន​ការវិនិយោគធំ​ដុំនៅឡើយទេ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ពី​លោក ញ៉ែម សំអឿន អភិបាលនៃ​គណៈអភិបាល​​ខេត្ត​រតនគិរី។

តំបន់​អេកូ​ទេសចរណ៍​មួយ​ចំនួន​ក្នុង​ខេត្ត​ធ្លាប់​មាន​អ្នកមាន​​បំណង​ចង់​វិនិយោគ ប៉ុន្តែ​ដោយ​សារ​មាន​បញ្ហាមួយចំនួន​ក៏​បាន​ដកខ្លួន​ទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា គោលដៅទេសចរណ៍​សំខាន់ៗក្នុង​ខេត្ត​មាន​ដូចជា បឹងយក្សឡោម បឹងលំកុត និងទឹកធ្លាក់ជាច្រើនកន្លែង​ផ្សេង​ទៀត ស្ថិត​នៅ​ក្រោម​​ការ​គ្រប់គ្រង​របស់ក្រសួងបរិស្ថាន ហើយត្រូវបានប្រគល់សិទ្ធិឲ្យ​សហគមន៍​មូលដ្ឋាន​ជា​អ្នក​អភិវឌ្ឍន៍​ដូចជាករណីបឹងយក្សឡោមជាដើម។

ដោយសារ​សហគមន៍​ខ្វះខាតធនធានថវិកាក្នុងការអភិវឌ្ឍ និង​ចំណេះដឹងនៅមានកម្រិត អាជ្ញាធរ​​ខេត្ត​ចង់ឃើញមានការវិនិយោគ​ពី​វិស័យ​ឯកជន​ដោយ​ភ្ជាប់​ការ​​ថែរក្សា​ធនធាន​ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច។ លោក ញ៉ែម សំអឿន បញ្ជាក់។

«ការវិនិយោគប្រភេទនេះ​នឹងផ្តល់ឱកាស​ការងារដល់កូនចៅជនជាតិភាគតិចនៅនឹងកន្លែងផ្ទាល់ និង​ជួយ​លើក​ស្ទួយដល់ការអភិរក្សប្រពៃណីរបស់ជនជាតិ​ដើមភាគតិច​ដូចជា ការ​ស្លៀកពាក់ ទំនៀមទម្លាប់ការរស់នៅ និងផលិតផលអត្តសញ្ញាណ​ដូចជា​ការ​ផលិត​ស្រាពាងជាដើម»។ លោក ញ៉ែម សំអឿន បន្ថែម។

លោក​អភិបាល​ខេត្ត​បន្ត​ថា ស្រាពាងរបស់សហគមន៍ត្រូវបាន​ចុះបញ្ជីជាផ្លូវការ​នៅក្នុងចលនា​ភូមិមួយ​ផលិតផល​មួយរួចរាល់ហើយ។

ពាក់ព័ន្ធ​កិច្ចការអភិវឌ្ឍ​នេះដែរ​​ លោក ញ៉ែម សំអឿន​ បានលើកឡើង​ពី​ការផ្លាស់ប្តូរផ្នត់គំនិតរបស់​សហគមន៍ជនជាតិភាគតិច​ ដែល​កាល​ពី​មុនធ្លាប់​មានការជំទាស់នឹងការអភិវឌ្ឍឬអ្នកវិនិយោគខាងក្រៅ ដោយសារ​តែមាន​ការចាក់​រុក​ពី​អ្នក​​ដទៃ ប៉ុន្តែនាពេលបច្ចុប្បន្ននេះសហគមន៍​បាន​ផ្លាស់ប្តូរគំនិតនិង​​គាំទ្រ​​ទាំងស្រុង ដោយពួក​គេត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសហការជាមួយ​វិស័យ​ឯកជន​ក្នុងការ​អភិវឌ្ឍ​ ប្រសិន​បើមានអ្នក​វិនិយោគ​ទាំំង​នោះ​ដើរតាម​គន្លង​នៃការអភិរក្សវប្បធម៌និងធម្មជាតិរបស់ពួកគេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម