Connect with us

ព័ត៌មានជាតិ

វិស័យ​សក្តានុពល​ចំនួន ៣ អភិបាល​ខេត្ត​​រតនគិរី​​ លើកទឹកចិត្ត​ចង់​បាន​ការ​​វិនិយោគ​​ក្នុង​ខេត្ត​

បានផុស

នៅ

ខេត្ត​រតនគិរី​មាន​វិស័យ​សក្តានុពល​សំខាន់ៗ​ចំនួន ៣ ត្រូវបានលើកទឹកចិត្ត​ជំរុញ​​ការ​វិនិយោគក្នុង​នោះ​មាន​វិស័យ​កសិកម្ម ​ទេសចរណ៍ និង ធនធាន​រ៉ែ​ធម្មជាតិ។ នេះ​បើ​តាម​លោក ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​រតនគិរី។

ផ្ទៃដី​ខេត្ត​រតនគិរី​ប្រមាណ ៨០% គឺ​ជា​ដី​ក្រហម​ដែល​អំណោយ​ផល​ខ្លាំង​បំផុត​ដល់​វិស័យ​កសិកម្ម។ ខេត្ត​មាន​ដំណាំ​សក្តានុពល​ធំៗ​ដូចជា កៅស៊ូ​ជិត ៨ ម៉ឺនហិកតា និង​ស្វាយចន្ទី​ប្រមាណ ១០​ម៉ឺន ហិកតា ជាប់​ចំណាត់ថ្នាក់លេខ៣ ទូទាំង​ប្រទេស។ ក្រៅពី​នេះ ​ដំណាំ​ទុរេន​ក៏​កំពុង​មាន​សន្ទុះ​ដាំដុះ​យ៉ាង​ច្រើន ស្រប​​ដំណាំ​ចេក ម្រេច ដំឡូងមី ក៏​ដូចជា​កាកាវ និង​កាហ្វេ​ដែល​បច្ចុប្បន្ន​​កំពុង​មានតម្លៃ​ល្អ​នៅ​លើ​ទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញ៉ែម សំអឿន​ បានឲ្យ​ដឹង​ថា ខេត្ត​មាន​ក្រុមហ៊ុន​វិនិយោគ​កសិកម្ម​ធំៗដូចជា​ក្រុមហ៊ុន​ ថាកូអាគ្រី (Thaco Agri) ដែល​ផ្តោត​លើ​ការ​ចិញ្ចឹម​គោ​កម្រិត​ឧស្សាហកម្ម ដែល​បច្ចុប្បន្ន​មាន​គោ​រាប់​ម៉ឺន​ក្បាលនិង​មាន​ទិសដៅ​ពង្រីក​ដល់ ១០ ម៉ឺនក្បាល​។ ក្រុមហ៊ុន​ក៏​មាន​គោលនយោបាយ​ផ្តល់ពូជ និង​បច្ចេកទេស​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជុំវិញ​ដើម្បី​យក​ទៅ​ចិញ្ចឹម ហើយ​ប្រមូល​ទិញ​មកវិញ។

ខេត្ត​រតនគីរី​មាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ចសរុបចំនួន ២៧ (ក្នុង​នោះ​ក្រុមហ៊ុនក្នុងស្រុក​ចំនួន ១០, ក្រុមហ៊ុន​ចិន​ចំនួន ៣, ក្រុមហ៊ុន​វៀតណាម​ចំនួន ១៣ និង ក្រុមហ៊ុន​សិង្ហបុរីចំនួន ១) ដែល​កំពុងវិនិយោគលើវិស័យ​កសិកម្ម។

ខេត្តកំពុង​ត្រូវការ​ការ​​វិនិយោគ​បន្ថែម​លើ​រោងចក្រ​កែច្នៃ​ ដូចជា​រោងចក្រ​កង់ឡាន និង​រោងចក្រកែ​ច្នៃស្វាយចន្ទី ដើម្បី​ចៀសវាង​ការនាំចេញត្រឹមតែវត្ថុធាតុដើម។ លោក ញ៉ែម សំអឿន បញ្ជាក់។

សម្រាប់​វិស័យ​ទេសចរណ៍ ខេត្តរតនគិរីមានផ្ទៃដីព្រៃឈើជិត ៨០ ម៉ឺនហិកតា រួមមាន​ឧទ្យាន​ជាតិ​វីរៈជ័យ ឧទ្យានជាតិ​សៀម​ប៉ាង​វើនសៃ ឧទ្យានជាតិ​អូរយ៉ាដាវ និង​ដែនជម្រកសត្វព្រៃ ដែល​មាន​សត្វ​កម្រ​ដូចជា ស្វា​កន្ទុយ​លឿង និង​ទោចថ្ពាល់លឿង។ ខេត្ត​តំបន់​ឦសាននេះ​មានភាព​លេចធ្លោ​ ដោយសារ​មាន​បឹង​ធម្មជាតិ​ច្រើន ដែល​គ្រាន់​តែនៅក្រុងបានលុង​មានបឹងដល់ទៅ ៤ ដូចជាបឹង​យក្សឡោម បឹង​កន្សែង បឹង​កម្សាន្ត បឹង​វ៉ារី​ឬ​បឹង​ផ្តើម​ស្នេហ៍ រួម​ទាំង​បឹង​លំកុដ) និង​មាន​ទឹកជ្រោះ​ដ៏​ស្រស់ស្អាត​ជាច្រើន​ទីតាំង​ដូចជា​ទឹកជ្រោះ​កាចាញ ចាអ៊ុង កាទៀង និងអូរស៊ីនឡែរ។

ពលរដ្ឋ​ក្នុង​ខេត្ត​រតនគិរី​ប្រមាណ ៦០% គឺជា​ជនជាតិ​ដើម​ភាគតិច​មាន​ដូចជា ទំពួន ចារាយ គ្រឹង កាវ៉ែត គួយ ព្នង និង​ក្រោល។ ខេត្ត​ចង់មានការ​​វិនិយោគ​លើវិស័យ​​ទេសចរណ៍​វប្បធម៌ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​អាច​ធ្វើការ​នៅនឹង​កន្លែង។

ទេសចរណ៍​កសិកម្ម​វិញ ខេត្តមានការ​វិនិយោគ​ចម្ការ​កសិកម្មធំៗ​មើល​ដាច់​កន្ទុយភ្នែកកំពុង​ក្លាយ​ជា​សក្តានុពល​ថ្មី​សម្រាប់​ទេសចរណ៍​កសិកម្ម។ ដោយ​ឡែក​ក្នុង​ខេត្ត​ក៏​មាន​ធនធាន​រ៉ែ​ធម្មជាតិ​ដ៏​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​ទាក់ទាញ​ការ​វិនិយោគ​ផង​ដែរ។ លោក ញ៉ែម សំអឿន​ បន្ថែម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម