Connect with us

ព័ត៌មានជាតិ

ស៊ុយអែត ប្រកាសអាសន្ន​ អំពី​លទ្ធភាពនៃកង្វះ​​ឥន្ធនៈយន្តហោះ​

បានផុស

នៅ

រដ្ឋាភិបាលនៃប្រទេសស៊ុយអែត បានចេញការព្រមាន នៅ​​ថ្ងៃអង្គារ ទី២៨ ខែមេសា អំពីការខ្វះខាតប្រេងឥន្ធនៈយន្តហោះ ដែលអាចកើតមានឡើងដោយសារតែការរអាក់រអួលនៃការផ្គត់ផ្គង់ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រ Hormuz ដោយ​ភាគី​អីរ៉ង់​ និង​​​សហរដ្ឋអាមេរិក​​។ នេះបើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន Reuters

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងថាមពលស៊ុយអែត​ លោកស្រី Ebba Busch បាន​​ថ្លែង​​នៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «យើងចង់ផ្តល់ការជូនដំណឹងជាមុនថា វាមានហានិភ័យនៃ កង្វះខាតប្រេងឥន្ធនៈយន្តហោះ។ ការព្រមាននេះ គឺផ្អែកលើការវាយតម្លៃរបស់ទីភ្នាក់ងារថាមពលស៊ុយអែត (Swedish Energy Agency)

លោកស្រី Busch បានលើកឡើង ខណៈពេលដែលកំពុងឈរក្បែរ នាយករដ្ឋមន្ត្រី Ulf Kristersson និងនាយិកាទីភ្នាក់ងារថាមពល លោកស្រី Caroline Asserup ថា៖ «ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានសម្រេចនៅថ្ងៃស្អែកក៏ដោយ ក៏វានៅតែត្រូវការពេលវេលា មុនពេលការផ្គត់ផ្គង់ប្រេង និងឧស្ម័នអាចត្រូវបានស្តារឡើងវិញដូចដើម»។

នាយករដ្ឋមន្ត្រី Ulf Kristersson បានមានប្រសាសន៍បន្ថែមពីក្រោយដែរថា ស៊ុយអែតបានរងផលប៉ះពាល់ពីវិបត្តិថាមពលបច្ចុប្បន្នតិចជាងប្រទេសដទៃទៀត ដោយលោកបានកត់សម្គាល់ថា ការផលិតអគ្គិសនីរបស់ស៊ុយអែតភាគច្រើនផ្អែកលើ ថាមពលនុយក្លេអ៊ែរ វារីអគ្គិសនី និងថាមពលកកើតឡើងវិញ។ ប៉ុន្តែ ប្រទេសនេះអាចនឹងរងផលប៉ះពាល់នៅពេលខាងមុខ ប្រសិនបើជម្លោះកាន់តែអាក្រក់ទៅៗ ហើយបន្តអូសបន្លាយក្នុងរយៈពេលយូរ។

សង្គ្រាមរយៈពេលពីរខែនៅមជ្ឈិមបូព៌ា បានធ្វើឲ្យបិទច្រកសមុទ្រ Hormuz និងបានកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងសកលអស់ ២០ ភាគរយ ដែលវាជាការរអាក់រអួលនៃការផ្គត់ផ្គង់ដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងពិភពលោក និងបានរុញច្រានតម្លៃប្រេងឆៅឲ្យឡើងថ្លៃជាង ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល។ រដ្ឋាភិបាលស៊ុយអែតបានបញ្ជាក់ថា បច្ចុប្បន្ននេះ ការផ្គត់ផ្គង់ប្រេងឥន្ធនៈយន្តហោះនៅក្នុងប្រទេសគឺនៅមានសភាពល្អប្រសើរនៅឡើយ ប៉ុន្តែអាចនឹងមានការខ្វះខាតនៅពេលខាងមុខ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម