Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ គំរាម ធ្វើឲ្យតម្លៃប្រេង ហក់ឡើងដល់ ១៤០ដុល្លារ ក្នុងមួយបារ៉ែល

បានផុស

នៅ

ច្រកសមុទ្រ Hormuz គឺជាចំណុចក្តៅនៃសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ដោយការបិទខ្ទប់ផ្លូវទឹកនេះ បានរុញតម្លៃប្រេងសកលឲ្យហក់ឡើងខ្ពស់ បង្កជាវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយឥឡូវ អ៊ីរ៉ង់ ព្រមានថា នឹងធ្វើឲ្យតម្លៃប្រេង ហក់ឡើងដល់ ១៤០ដុល្លារ ក្នុងមួយបារ៉ែល។ នេះបើតាមការផ្សាយរបស់ CNN

ស្ថានីយ៍ប្រេងឥន្ធនៈនៅទីក្រុង San Salvador នៃប្រទេស អែលសាល់វ៉ាឌ័រ (រូប៖ Reuters)

ជុំវិញការកើនឡើងនៃតម្លៃប្រេងនេះដែរ អ៊ីរ៉ង់តែងស្តីបន្ទោសចំៗទៅទីក្រុងវ៉ាស៊ីនតោន ដោយពេលនេះ ទីក្រុងតេហេរ៉ង់ ថែមទាំងចំអកដាក់ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៀតផង។

ប្រធានសភាអ៊ីរ៉ង់ Mohammad Bagher Ghalibaf បានដៀមដាមទៅលោកត្រាំ ហើយចំអកឲ្យ «ទ្រឹស្ដីនៃការបិទខ្ទប់» របស់ទីក្រុងវ៉ាស៊ីនតោន ដោយលោក Ghalibaf និយាយបញ្ឈឺថា មន្ត្រីអាមេរិក បែរជានាំគ្នា ទៅផ្តល់ដំបូន្មានឥតប្រយោជន៍ ដល់រដ្ឋបាលលោកត្រាំ ទៅវិញ។

ប្រធានសភាអ៊ីរ៉ង់ Mohammad Bagher Ghalibaf (រូប៖ Reuters)

បង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ លោក Ghalibaf បញ្ជាក់ថា៖ «ការដែលអាមេរិកបិទខ្ទប់ នៅច្រក Hormuz បានរួមចំណែក ធ្វើឲ្យតម្លៃប្រេងហក់ឡើង ទៅរក ១២០ដុល្លារក្នុងមួយបារ៉ែល។ យ៉ាងណា ចំណុចបន្ទាប់គឺ នឹងឡើងដល់ ១៤០ ដុល្លារ។ បញ្ហាជាមួយការបិទខ្ទប់នេះ មិនមែនស្ថិតនៅលើទ្រឹស្ដីទេ គឺវាស្ថិតនៅលើផ្នត់គំនិត»។

ការគំរាមរបស់ប្រធានសភាអ៊ីរ៉ង់ កើតឡើង ចំពេលតម្លៃប្រេង បានហក់ឡើងយ៉ាងខ្លាំង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងរៀបចំផែនការសម្រាប់ ការបិទខ្ទប់អូសបន្លាយពេល លើប្រទេសអ៊ីរ៉ង់។

តម្លៃប្រេងឆៅម៉ាក Brent ដែលជាតម្លៃគោលសកល បានហក់ឡើងលើស ១២០ ដុល្លារ ក្នុងមួយបារ៉ែល កាលពីថ្ងៃពុធ ហើយបានឡើងដល់ ១២២ដុល្លារក្នុងរយៈពេលដ៏ខ្លី ដែលនេះ គឺជាកម្រិតតម្លៃខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០២២ មក៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម