Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ណែនាំអភិបាលស្រុកបាទី ថ្មី ពង្រឹងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបញ្ហាក្មេងទំនើង

បានផុស

នៅ

អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានណែនាំដល់លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី ដែលត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកថ្មី ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព ជាពិសេសការទន្ទ្រានកាន់កាប់ដីរដ្ឋ ដីបឹង ស្ទឹង និងព្រៃឈើខុសច្បាប់នៅក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក សាយ វណ្ណៈ ជាអភិបាលនៃគណៈអភិបាលស្រុកបាទីថ្មី នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រោមវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ លោកអភិបាលខេត្តបានលើកឡើងថា អាជ្ញាធរមូលដ្ឋានត្រូវរួមគ្នាការពារ និងថែរក្សាធនធានធម្មជាតិ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ និងប្រជាពលរដ្ឋទាំងមូល ដោយមិនអនុញ្ញាតឲ្យមានការទន្ទ្រាន ឬកាប់បំផ្លាញដោយខុសច្បាប់ឡើយ។

ជាមួយគ្នានេះ លោកក៏បានណែនាំដល់គណៈអភិបាលស្រុកបាទីថ្មី ត្រូវបន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន ជាពិសេសបញ្ហាក្មេងទំនើង ដែលកំពុងជាក្តីបារម្ភរបស់ប្រជាពលរដ្ឋ។
អភិបាលខេត្តបានបញ្ជាក់ថា ការងារទប់ស្កាត់ និងអប់រំ ត្រូវអនុវត្តជាមុន ដើម្បីបង្ការកុំឲ្យបញ្ហាកើតឡើង ព្រោះបើរង់ចាំដល់មានហេតុការណ៍ហិង្សា ឬបទល្មើសកើតឡើងហើយទើបចាត់វិធានការ និងស្រាវជ្រាវចាប់ខ្លួន នោះអាចបង្កផលប៉ះពាល់ និងវិប្បដិសារីដល់ជនរងគ្រោះ និងសង្គមទាំងមូល។

លោកក៏បានជំរុញឲ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម