ព័ត៌មានអន្ដរជាតិ
វ៉េណេស៊ុយអេឡា ត្រៀមតតាំងក្តីនៅ ICJ ដណ្ដើមយកទឹកដី ដែលសម្បូរមាស និងប្រេង
លោកស្រី Delcy Rodríguez ប្រធានាធិបតីស្តីទីនៃប្រទេសវ៉េណេស៊ុយអេឡា បានធ្វើដំណើរទៅដល់ប្រទេសហូឡង់ហើយ កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា ដើម្បីត្រៀមតតាំងក្តី នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹងវិវាទដីធ្លីដ៏រ៉ាំរ៉ៃជាមួយប្រទេសហ្គីយ៉ាន (Guyana)។

យោងតាម Washington Times ជម្លោះ ដែលអូសបន្លាយរាប់សិបឆ្នាំមកនេះ គឺការដណ្តើមគ្នាកាន់កាប់តំបន់ Essequibo ដែលជាទឹកដីព្រៃភ្នំមានទំហំជិត ១៦ម៉ឺនគីឡូម៉ែត្រការ៉េ។ តំបន់នេះ មិនមែនជាដីធម្មតាឡើយ ប៉ុន្តែវាជាជម្រកនៃធនធានធម្មជាតិមហាសាល រួមមាន មាស ពេជ្រ ឈើប្រណីត និងជាពិសេសគឺមានប្រភពប្រេងកាតដ៏ធំសម្បើម នៅតាមបណ្តោយឆ្នេរសមុទ្រ។ វ៉េណេស៊ុយអេឡា បានអះអាងថា តំបន់នេះ ជារបស់ខ្លួនតាំងពីសម័យអាណានិគមអេស្ប៉ាញមកម្ល៉េះ ប៉ុន្តែតាមការសម្រេចកាលពីឆ្នាំ១៨៩៩ ដោយក្រុមអាជ្ញាកណ្តាលមកពីអង់គ្លេស រុស្ស៊ី និងអាមេរិក បានបោះបង្គោលព្រំដែនឱ្យទឹកដីភាគច្រើនធ្លាក់ទៅក្នុងដៃហ្គីយ៉ានវិញ។
ក្រោយពីចុះពីយន្តហោះនៅទីក្រុង Amsterdam លោកស្រី Rodríguez ដែលទើបឡើងកាន់អំណាចកាលពីខែមករា ជំនួសលោក នីកូឡាស ម៉ាឌូរ៉ូ បានថ្លែងថា ប្រទេសរបស់លោកស្រី មានភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ តាំងពីសម័យកកើតរដ្ឋធានីដំបូងមកម្ល៉េះ ដើម្បីបង្ហាញថា ទឹកដីនេះជារបស់វ៉េណេស៊ុយអេឡា។ លោកស្រី នឹងឡើងការពារក្តីជាលើកចុងក្រោយនៅថ្ងៃចន្ទនេះ ខណៈដែលតុលាការ អាចនឹងចំណាយពេលរាប់ខែទៀត ទើបចេញសេចក្តីសម្រេចជាផ្លូវការ ដែលបិទផ្លូវតវ៉ា។
សម្រាប់ភាគីខាងហ្គីយ៉ានវិញ រដ្ឋមន្ត្រីការបរទេសលោក Hugh Hilton Todd បានលើកឡើងប្រាប់ចៅក្រមអន្តរជាតិថា វិវាទនេះ ប្រៀបដូចជាស្រមោលអាក្រក់ ដែលតាមលងបន្លាចអធិបតេយ្យភាពរបស់ប្រទេសលោក តាំងពីដើមមក។ លោកបានបញ្ជាក់ថា ប្រសិនបើចាញ់ក្តីនេះ ហ្គីយ៉ាន នឹងត្រូវបាត់បង់ទឹកដីរហូតដល់ទៅ ៧០ភាគរយនៃប្រទេសទាំងមូល។
សូមជម្រាបថា បើទោះបីជាវ៉េណេស៊ុយអេឡា ចូលរួមតតាំងក្តីក៏ដោយ ប៉ុន្តែក៏បានព្រមានទុកជាមុនដែរថា ខ្លួនមិនទាន់ទទួលស្គាល់អំណាចពេញលេញរបស់តុលាការអន្តរជាតិមួយនេះទាំងស្រុងនោះឡើយ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


