Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកសភា ៧០រូប ជំរុញ លោក Keir Starmer ឲ្យ​បោះបង់តំណែង​មេបក្ស​ពលករ​

បានផុស

នៅ

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កំពុងប្រឈមមុខនឹងសម្ពាធកាន់តែធ្ងន់ធ្ងរ នៅក្នុងផ្ទៃក្នុងគណបក្សពលករ (Labour Party) បន្ទាប់ពីសមាជិកសភាដល់ទៅ ៧០រូប បានអំពាវនាវឲ្យលោកលាលែងពីតំណែង ឬទាមទារឲ្យលោកកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការចុះចេញពីតំណែង​ជា​ប្រធានគណបក្ស​នេះ​​។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer(រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រលកនៃភាពមិនពេញចិត្តនេះ បានកើតឡើង បន្ទាប់ពីលទ្ធផលបោះឆ្នោតដ៏គួរឲ្យខកចិត្តសម្រាប់គណបក្សពលករនៅទូទាំងចក្រភពអង់គ្លេស ដែលធ្វើឲ្យមន្ត្រីជាន់ខ្ពស់ជាច្រើនចាប់ផ្ដើមចោទសួរអំពីទិសដៅនៃការដឹកនាំរបស់លោក Starmer។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Anadolu នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Starmer បានទទួលស្គាល់ថា រដ្ឋាភិបាលរបស់លោកពិតជាមានកំហុសឆ្គងមែន ប៉ុន្តែ លោកបានអះអាងយ៉ាងមុតមាំថា លោកបានសម្រេចចិត្ត​​ផ្នែកនយោបាយ​បានត្រឹមត្រូវ។ លោកក៏បានប្តេជ្ញាថា នឹងបង្ហាញឲ្យអ្នកដែល «សង្ស័យ» លើរូបលោកឃើញថា ពួកគេគិតខុស ខណៈដែលពាក្យចចាមអារ៉ាមអំពីអនាគតរបស់លោកកាន់តែឡើងកម្ដៅខ្លាំង។

ដោយឡែក យោងតាមកាសែត The Times រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Shabana Mahmood ស្ថិតក្នុងចំណោមរដ្ឋមន្ត្រីយ៉ាងតិច ៤រូប ដែលបានជួបពិភាក្សាដោយសម្ងាត់ជាមួយនាយករដ្ឋមន្ត្រី ដើម្បីជំរុញឲ្យលោកពិចារណាលើការកំណត់កាលបរិច្ឆេទចុះចេញពីវិមាន​​រដ្ឋាភិបាល​​ Downing Street។

សម្ពាធនេះបានកើតឡើង បន្ទាប់ពីគណបក្សពលករ បានបរាជ័យជាបន្តបន្ទាប់ នៅក្នុងការបោះឆ្នោត។ នៅប្រទេសវែល (Wales) គណបក្សបានរងបរាជ័យជាប្រវត្តិសាស្ត្រក្នុងការបោះឆ្នោតសភា ខណៈនៅស្កុតឡែន គណបក្សជាតិនិយមស្កុតឡែន (SNP) នៅតែបន្តរក្សាអំណាចជាអាណត្តិទី៥ ជាប់ៗគ្នា។

ការបោះឆ្នោតដែលបានធ្វើឡើងនៅស្កុតឡែន, វែល និងអាជ្ញាធរមូលដ្ឋានចំនួន ១៣៦ ក្នុងប្រទេសអង់គ្លេស គឺជាការសាកល្បងដ៏ធំបំផុតចាប់តាំងពីគណបក្សពលករបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសកលឆ្នាំ ២០២៤។ ទន្ទឹមនឹងនេះ គណបក្សស្ដាំនិយម Reform UK ក៏នៅតែបន្តទទួលបានប្រជាប្រិយភាព ដោយដណ្ដើមបានអាសនៈក្នុងក្រុមប្រឹក្សាចំនួនជាង ១,៤៥០ អាសនៈ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

នាយករដ្ឋមន្ត្រី​អង់គ្លេស ​Keir Starmer ប្តេជ្ញាមិនលាលែងតំណែង ទោះរង​សម្ពាធ​ធ្ងន់​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម