អត្ថាធិប្បាយ
ដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំក្នុងនីតិសមុទ្រ
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងកាលពីថ្ងៃទី២ ខែមិថុនាថារដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់លិខិតផ្លូវការទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រទេសថៃដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្នុងនីតិសមុទ្រ លើដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃ។

តើអ្វីជាយន្តការនៃការផ្សះផ្សាដោយបង្ខំ ហើយវាមានដំណើរការយ៉ាងណា?
យន្តការនៃការផ្សះផ្សាដោយបង្ខំគឺជាយន្តការមួយដែលបានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដែលរដ្ឋភាគីនៃអនុសញ្ញានេះអាចផ្ដើមយន្តការនេះបានដោយមិនចាំបាច់មានការយល់ព្រមពីភាគីម្ខាងទៀតឡើយ ហើយការខកខានណាមួយពីភាគីម្ខាងទៀតក៏មិនអាចបង្អាក់ដំណើរការផ្សះផ្សានេះឡើយ។
ដំណើរការរបស់យន្តការផ្សះផ្សាដោយបង្ខំ
យោងតាមឧបសម្ព័ន្ធទី៥ នៃនីតិសមុទ្រ UNCLOS នីតិវិធីនៃការផ្សះផ្សាដោយបង្ខំចាប់ផ្ដើមដំណើរការពេលដែលមានភាគីណាមួយផ្ញើការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់ភាគីម្ខាងទៀត ទោះបីជាភាគីនោះមិនឆ្លើយតប ឬបដិសេធមិនចូលរួមក៏មិនអាចរារាំងដំណើរការនេះបានដែរ។
ក្នុងរយៈពេល២១ថ្ងៃបន្ទាប់ពីទទួលបានការជូនដំណឹង ភាគីចុងចម្លើយត្រូវតែងតាំងអ្នកសម្រុះសម្រួល២នាក់ ហើយបើសិនមិនបានតែងតាំងទេ ភាគីដើមបណ្ដឹងអាចសុំឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិតែងតាំងជំនួស។
បន្ទាប់ពីរកបានអ្នកផ្សះផ្សាទាំង៤នាក់ហើយ ក្នុងរយៈពេល៣០ថ្ងៃ អ្នកទាំង៤ត្រូវសម្រេចជ្រើសរើសសមាជិកទី៥ ឱ្យធ្វើជាប្រធាននៃគណៈកម្មការផ្សះផ្សា ហើយបើរើសមិនត្រូវទេ ភាគីណាមួយអាចស្នើសុំឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិជ្រើសរើសឱ្យបាន។
ក្រោយពីសម្រេចបានការបង្កើតគណៈកម្មការផ្សះផ្សារួចមក គណៈកម្មការនេះត្រូវកំណត់នូវនីតិវិធីផ្ទាល់ខ្លួន ដោយនីតិវិធី របាយការណ៍ និងអនុសាសន៍ ត្រូវធ្វើឡើងតាមសំឡេងភាគច្រើននៃសមាជិក។ ការបង្កើតបាននូវនីតិវិធីនេះនឹងឈានដល់ដំណើរការនីតិវិធីដែលគណៈកម្មការនឹងស្ដាប់ការបកស្រាយរបស់ភាគីទាំងសងខាង ពិនិត្យលើការទាមទារ និងការតវ៉ា រួចដាក់សំណើផ្សេងៗដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។
ក្នុងរយៈពេល១២ខែ គណៈកម្មការនេះនឹងស្ដាប់ការបកស្រាយ ពិនិត្យឯកសារ និងភស្តុតាងដែល«រដ្ឋទាំងសង» ខាងដាក់ជូន ដើម្បីយល់ពីជំហរផ្លូវច្បាប់ និងស្វែងរកចំណុចរួម មុននឹងចេញរបាយការណ៍ សេចក្ដីសន្និដ្ឋាន និងអនុសាសន៍មួយជាចុងក្រោយ។
យ៉ាងណាក្ដីរបាយការណ៍ សេចក្ដីសន្និដ្ឋាន និងអនុសាសន៍នេះ មិនមានលក្ខណៈបង្ខំឱ្យអនុវត្ត ចំពោះភាគីជម្លោះនោះឡើយ ហើយដំណើរការនៃការបញ្ចប់នីតិវិធីនឹងត្រូវចប់នៅពេលដែលភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងដោះស្រាយជម្លោះ ឬភាគីណាមួយបដិសេធអនុសាសន៍ក្នុងរបាយការណ៍ដោយផ្ញើលិខិតទៅអគ្គលេខាធិការអង្គការសហប្រជាតិ ឬផុតរយៈពេល៣ខែដោយគ្មានការតវ៉ាគិតចាប់ពីថ្ងៃដែលរបាយការណ៍ត្រូវបានបញ្ជូនទៅភាគីទាំងសងខាង។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបញ្ជាក់ប្រាប់សារព័ត៌មាន BTV កាលពីថ្ងៃទី២ ខែមិថុនាថា បន្ទាប់ជម្រាបទៅកាន់អង្គទូតនានានៅកម្ពុជាពីជំហររបស់កម្ពុជាលើព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃនៅទីស្ដីការក្រសួងការបរទេស ថាដំណើរការនីតិវិធីនេះគឺចាប់ផ្ដើមហើយក្រោយពីកម្ពុជាបានផ្ញើលិខិតទៅប្រទេសថៃ និងអង្គការសហប្រជាជាតិ ខណៈកម្ពុជាបានរើសអ្នកផ្សះផ្សាដែលជាអ្នកជំនាញច្បាប់អន្តរជាតិ២នាក់រូបរួចរាល់អស់ហើយ គឺនៅរង់ចាំការឆ្លើយតបពីថៃប៉ុណ្ណោះក្នុងរង្វង់៣សប្ដាហ៍ទៀត។

ពិនិត្យលើការប្រើប្រាស់នីតិវិធីផ្សះផ្សាដោយបង្ខំរបស់ទីម័រខាងកើតជាមួយអូស្រ្តាលី
នីតិវិធីផ្សះផ្សាដោយបង្ខំក្នុងច្បាប់សមុទ្រត្រូវបានប្រើប្រាស់ជាលើកដំបូងដើម្បីដោះស្រាយវិវាទត្រូវបានប្រើប្រាស់ដោយប្រទេសទីម័រខាងកើតកាលពីឆ្នាំ២០១៦ បន្ទាប់ពីព្យាយាមក្នុងការស្វែងរកការខណ្ឌព្រំដែនសមុទ្រជាមួយអូស្ត្រាលីអស់ជាច្រើនឆ្នាំបន្ទាប់ពីប្រទេសនេះបានឯករាជ្យនៅឆ្នាំ២០០២។
យោងតាមការបង្ហោះលើគេហទំព័រការិយាល័យព្រំដែនដី និងសមុទ្រ នៃប្រទេសទីម័រខាងកើត ឱ្យដឹងថា មុនពេលទីម័រខាងកើតទទួលបានឯករាជ្យ២សប្ដាហ៍ប្រទេសអូស្ត្រាលីបានប្រកាសដកខ្លួនចេញពីសមត្ថកិច្ចកាត់សេចក្ដីរបស់តុលាការអន្តរជាតិដើម្បីកុំឱ្យទីម័រខាងកើតប្ដឹងខ្លួនបាន។ ការដកខ្លួនរបស់អូស្ត្រាលីបានធ្វើឱ្យការចរចាទ្វេភាគីជាប់គាំងជាច្រើនឆ្នាំ រហូតដល់ឆ្នាំ២០១៦ ទើបទីម័រខាងកើតសម្រេចចិត្តប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយបង្ខំតែម្ដង ដែលជាលើកទី១ក្នុងប្រវត្តិសាស្ត្រពិភពលោក។
យ៉ាងណាក្ដីប្រទេសអូស្ត្រាលីបានតវ៉ាថា គណៈកម្មការផ្សះផ្សាគ្មានសមត្ថកិច្ចលើខ្លួនទេ ប៉ុន្ដែត្រូវបានគណៈកម្មការផ្សះផ្សាបញ្ជាក់ថាការដកខ្លួនរបស់អូស្ត្រាលីក្នុងឆ្នាំ២០០២ អាចគេចផុតពីតុលាការកាត់ក្ដី ប៉ុន្ដែមិនអាចគេចផុតពីយន្តការផ្សះផ្សាដោយបង្ខំនោះទេ ព្រោះអូស្ត្រាលីនៅតែជារដ្ឋសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ។ ដំណើរការនេះបានបង្ខំឱ្យអូស្ត្រាលីចូលដំណើរការនៃនីតិវិធីផ្សះផ្សាដោយបង្ខំ។
រយៈពេល២ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ២០១៨ ប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែនសមុទ្រអចិន្ត្រៃយ៍ថ្មីមួយនៅទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក ដោយបានកំណត់យកខ្សែបន្ទាត់ពាក់កណ្ដាលស្របតាមច្បាប់អន្តរជាតិ ដែលធ្វើឱ្យតំបន់ប្រេងកាត និងឧស្ម័នធម្មជាតិភាគច្រើនត្រូវស្ថិតក្រោមអធិបតេយ្យភាពរបស់ទីម័រខាងកើត៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


