Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ម៉ុង ឫទ្ធី ដាក់ចេញ​ផែនការ ៥ ឆ្នាំ វិនិយោគ​កសិដ្ឋាន​ចិញ្ចឹម​គោ​ផលិត​ទឹកដោះ​​ផ្គត់ផ្គង់ទីផ្សារ

បានផុស

នៅ

ក្រុមហ៊ុន ​ម៉ុង ឫទ្ធី បាន​ដាក់​ចេញ​ផែនការ​ក្នុង​ការ​វិនិយោគ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ ស្រប​ពេល​តម្រូវការ​ទឹកដោះ​គោ​ក្នុង​ស្រុក​កំពុង​មានការ​កើន​ឡើង។

យ៉ាងណាមិញ គម្រោង​​វិនិយោគ​របស់​ក្រុមហ៊ុន​ស្ថិត​នៅ​ក្នុង​ផែនការ​រយៈពេល​វែង​ ដោយសារ​ក្រុមហ៊ុន​មើល​ឃើញ​បញ្ហា​ប្រឈម​មួយ​ចំនួន ខណៈ​ក្រុមហ៊ុន​ត្រូវ​ពង្រឹង​យកចិត្តទុកដាក់​លើ​គម្រោង​អាទិភាព​ផ្សេង​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ឡាវីល នាយក​ចាត់ការ​ទូទៅ​ផ្នែក​ចិញ្ចឹម​សត្វ​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី​ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា គម្រោងបង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹក​ដោះ​ ត្រូវ​បាន​ក្រុមហ៊ុន​ដាក់​​ក្នុង​ផែនការ​វិនិយោគ​ ៥ ឆ្នាំទៅ​មុខ​ទៀត​ ដោយសារ​ត្រូវការ​ពេលវេលា​សិក្សា​​លម្អិត​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​រៀប​ចំ​ទីតាំង​កសិដ្ឋាន។

លោក លី ឡាវីល បាន​បញ្ជាក់ថា «ផ្អែកលើផែនការរបស់ក្រុមហ៊ុន កសិដ្ឋានចិញ្ចឹមគោ​យកទឹកដោះ​នេះ​ អាចនឹងចាប់ផ្ដើមនៅឆ្នាំ ២០២៨ គឺ​​ក្រោយ​គម្រោង​ដទៃ​ទៀត តាមផែនការ​អាទិភាព​​របស់​ក្រុមហ៊ុន»​។

ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅស្រុក​ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា​បាន​ជំរុញឱ្យមានការផលិត​និងកែ​ច្នៃផលិតផល​ប្រើប្រាស់​​ក្នុងស្រុក​ឲ្យបានច្រើន​ និង​​​​ណែនាំ​ឲ្យ​​ក្រសួង​មាន​សមត្ថកិច្ចពិនិត្យ​លទ្ធផល​​ផ្តល់​ការ​លើកទឹកចិត្ត​លើ​មុខ​ទំនិញ​ចាំបាច់ សំដៅធានានូវការផ្គត់ផ្គង់បានគ្រប់​គ្រាន់នៅក្នុងប្រទេស។

​សម្តេច​បានលើកពី​​ផលិតផល​សក្តានុពល​ចំនួន ៣ ដែល​មាន ទឹកដោះគោ មី ស្ករស ដោយសម្តេច​ចង់ជំរុញ​ឱ្យមាន​ការផលិត​ក្នុង​ស្រុក​កាត់បន្ថយ​ការ​នាំចូល និង​ឈាន​ទៅកាត់​ផ្ដាច់ការ​នាំចូល​ទាំង​ស្រុង​។

របាយការណ៍​ពី​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​ពី​កំណើន​ការប្រើប្រាស់ផលិតផលក្នុងស្រុកបានកើនឡើងដល់ ៣០% នៃចំណែកទីផ្សារ ក្រោយ​ការ​ធ្វើ​ពហិការ​ផលិតផល​ថៃ​ដែល​នាំ​ឲ្យ​សហគ្រាស​ក្នុង​ស្រុក​ខិតខំ​ពង្រីក​ខ្សែ​សង្វាក់​ផលិតកម្ម ឆ្លើយតប​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក។

​កំណើននេះឆ្លើយតប​តាមរយៈសន្ទុះ​នៃការងាកមកប្រើប្រាស់​ទំនិញផលិតក្នុងស្រុក ដែល​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការលើកកម្ពស់​សហគ្រាសធុនតូច និងមធ្យម (SMEs) បង្កើន​ផលិតកម្ម​ដើម្បី​ជំនួស​ផលិតផលនាំចូល។

ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា​ នៅ​ក្នុង​វេទិកាសារ​ព័ត៌មាន​ក្រោម​យុទ្ធនាការ​​ «រួម​គ្នា​ផលិត ​រួម​គ្នា​ប្រើ​ផលិត​ផល​ជាតិ» បាន​បង្ហាញ​ការ​​ភ្ញាក់​ផ្អើល​ក្រោយ​លោក​ទទួល​បាន​របាយការណ៍​ពី​ក្រសួង​ពាណិជ្ជកម្ម​ពី​កំណើន​ការ​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​ ដែល​បាន​ស្រូប​ចំណែក​ទីផ្សារ​កើនឡើង​ដល់​ប្រមាណ ៣០%។

លោក​ឧកញ៉ា តែ តាំងប៉ បាន​សង្កេត​ឥរិយាបថ​របស់​ប្រជាជនខ្មែរ បានងាកមកគាំទ្រ​ផលិតផល​ក្នុង​ស្រុកក្នុង​សន្ទុះ​មួយ​យ៉ាង​ផុលផុស​ មិន​ថា​តែ​ប្រជា​ពលរដ្ឋ​ទូទៅ សូម្បី​តែ​ក្មេងៗ​ក៏មា​នការយល់​ដឹងច្រើន​ក្នុង​ការ​ចូលរួម​​ពហិការ​មិនប្រើប្រាស់​ផលិតផលថៃ។

លោក​ប្រៀបធៀប​កាល​ពី​ជិត ២០ ឆ្នាំមុន ផលិតផល​ខ្មែរ​មាន​ចំណែក​ទីផ្សារ​ត្រឹម​តែ ២% ប៉ុណ្ណោះ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ចំណែក​ទីផ្សារ​ផលិតផលក្នុងស្រុក​បាន​កើន​ដល់ ៣០% ឯ​ការនាំចូល​នៅសល់ ៧០%​។ នេះ​បង្ហាញ​នៃ​ឆន្ទៈ​នៃ​ការ​គាំទ្រ​ផលិតផល​ផលិតក្នុងស្រុក កំពុង​មាន​សន្ទុះ​គាំទ្រ​កាន់តែ​ខ្លាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម