Connect with us

សេដ្ឋកិច្ច

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ពិនិត្យគម្រោងចំនួន ១៥ ក្រោមទុនវិនិយោគជិត ៤០ លានដុល្លារ

បានផុស

នៅ

លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ នៅថ្ងៃទី ០៥ មិថុនា ២០២៦ បានដឹកនាំកិច្ចប្រជុំលើកទី ២៥ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ចំនួន ១៥ រួមមាន គម្រោងរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍បំពង់ខ្យល់, គម្រោងអគារពហុមុខងារ, គម្រោងផ្សាររាត្រី, គម្រោងរមណីយដ្ឋាន និងគម្រោងអគារពហុមុខងារ ក្រោម​ទុនវិនិយោគជាង ៣៩ លានដុល្លារ និងអាចបង្កើតការ​ងារ​ប្រមាណ ១០០០ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ាន សាហ៊ីប មានប្រសាសន៍ថា ការងារជំរុញវិនិយោគ ត្រូវធ្វើទន្ទឹមគ្នា ទាំងលើការពិនិត្យផ្តល់ការលើកទឹកចិត្តជាកញ្ចប់ និងទាំងលើការសម្រួលនីតិវិធី ការថែទាំវិនិយោគ ការប្រឹក្សាយោបល់ និងការសម្របសម្រួលផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់វិនិយោគិន។

ក្រៅពីនេះ ក្រុមការងារត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល រួមទាំងការបណ្តុះបណ្តាលជំនាញ ការជំរុញការប្រើប្រាស់ធាតុផ្សំក្នុងស្រុក និងការតភ្ជាប់ឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់។

អង្គប្រជុំបានពិភាក្សាលើរបាយការណ៍សិក្សាអំពីសក្តានុពល និងកាលានុវត្តភាពនៃការអភិវឌ្ឍកោះតាមប្រទេសនានា និងកោះរ៉ុង ក្នុងខេត្តព្រះសីហនុ ព្រមទាំងលទ្ធភាពដាក់ចេញវិធានការបន្ថែម និងយុទ្ធសាស្ត្រទាក់ទាញការវិនិយោគនៅកោះរ៉ុង ក្រោមវិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីប្រែក្លាយកោះរ៉ុង ជាគោលដៅទេសចរណ៍អន្តរជាតិដ៏សំខាន់មួយ ក្នុងពិភពលោក ដោយផ្តោតលើទេសចរណ៍ធម្មជាតិ បដិសណ្ឋារកិច្ចកម្រិតខ្ពស់ និងទេសចរណ៍សុខភាព។

ក្រុងកោះរ៉ុង មានផ្ទៃដីសរុប ១១ ៣២៣,៨៩ ហិកតា, មានឆ្នេរសរុបប្រមាណ ៦១ គីឡូម៉ែត្រ ក្នុងនោះ ប្រមាណ ៤៣ គីឡូម៉ែត្រ ជាឆ្នេរខ្សាច់ ដែលទទួលបានចំណាត់ថ្នាក់លេខ ៩ ក្នុងបញ្ជីឆ្នេរល្អបំផុតទាំង ៥០ នៅលើពិភពលោក ប្រចាំឆ្នាំ ២០២៦, ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា បណ្ដាញផ្លូវ, គម្រោងអាកាសយានដ្ឋានកម្រិត 4C និងបណ្តាញអគ្គិសនីក្រោមបាតសមុទ្រជាដើម។

លោក ហ៊ាន សាហ៊ីប បញ្ជាក់ថា គោលដៅទេសចរណ៍កោះរបស់កម្ពុជា នៅមានសក្តានុពល​វិនិយោគធំ​ខណៈដែលភ្ញៀវទេសចរតាមបណ្ដាកោះកើនឡើងជាលំដាប់ ជាពិសេសភ្ញៀវមកពីអឺរ៉ុប។

លោកបណ្ឌិតសភាចារ្យ បន្ថែមថា ស្ថានភាពនេះ ទាមទារឱ្យមានការគិតគូរទុកមុន ឱ្យបានច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយ ដើម្បីដាក់ចេញវិធានការជាក់លាក់ និងបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីជំរុញសម្ទុះនៃការអភិវឌ្ឍកោះរ៉ុង ជាទីក្រុងទេសចរណ៍ ដែលមានភាពទាក់ទាញ និង បង្កើតតម្លៃបន្ថែមខ្ពស់ ព្រមទាំងចូលរួមទាក់ទាញវិនិយោគក្នុងខេត្តព្រះសីហនុ ការដោះស្រាយបញ្ហាអគារជាប់គាំង និង ការតភ្ជាប់ទៅកាន់គោលដៅ​ទេសចរណ៍ផ្សេងទៀត។

លោកបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និងឆន្ទៈខ្ពស់របស់ក្រុមការងារ និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសវិនិយោគ នៅខេត្តព្រះសីហនុ ឱ្យកាន់តែប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្ត អនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ។

លោកបណ្ឌិតសភាចារ្យ បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និង អនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគ និង លើកកម្ពស់ការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ តាមរយ: ការរួមគ្នាដោះស្រាយបញ្ហាជាកញ្ចប់ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” និងការលើកស្ទួយស្មារតី “ឧត្តមនិយម” នៃផលប្រយោជន៌រួមជាចំបង។

ស្ថានភាពវិវត្តថ្មីៗនេះ ទាំងក្នុងពិភពលោក និងក្នុងប្រទេស បានបង្កើតបញ្ហាប្រឈមផង និងកាលានុវត្តភាពផង ដូច្នេះ ពេលនេះ ជាងពេលណាៗ ដែលក្រុមការងារត្រូវខិតខំ ដោយបុរេសកម្ម និងសកម្មជានិច្ច ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីរួមចំណែកលើកកម្ពស់បរិយា​កាស​ធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែប្រសើរ សម្រាប់ការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម