ព័ត៌មានជាតិ
ខេត្តភូមិភាគឦសានទាក់ទាញគម្រោងវិនិយោគចំនួន៧ មានទុន ១៣៦លានដុល្លារ អាចបង្កើតការងារថ្មី ១ ៥៨៤កន្លែង
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)បានលើកឡើងថា ខេត្តភូមិភាគឦសាន បានទាក់ទាញគម្រោងវិនិយោគចំនួន ៧ ស្នើសុំគោលការណ៍វិនិយោគ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្រោមទុនវិនិយោគប្រមាណ ១៣៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារថ្មី ១ ៥៨៤ កន្លែង។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១០មេសា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបន្តថា គម្រោងទាំងនេះ រួមមាន ២គម្រោង នៅខេត្តមណ្ឌលគិរី, ៤ គម្រោង នៅខេត្តស្ទឹងត្រែង និង ១ គម្រោង នៅខេត្តក្រចេះ ដែលមានសកម្មភាពចម្រុះ មានជាអាទិ៍ គម្រោងវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម ចិញ្ចឹមសត្វ និង កែច្នៃ, គម្រោងវិនិយោគដាំដុះកៅស៊ូ និងសាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ, គម្រោងវិនិយោគដាំដើមប្រេងខ្យល់ និងរោងចក្រកែច្នៃក្រដាស, កសិដ្ឋានចិញ្ចឹមសត្វ, គម្រោងដាំដុះ និងសិប្បកម្មកែច្នៃ ដំណាំកាហ្វេ និង កាកាវ, គម្រោងវិនិយោគសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី, កសិដ្ឋានចិញ្ចឹមជ្រូកសាច់, និងគម្រោងវិនិយោគកសិដ្ឋានដាំដុះដំណាំ និងដាំដុះឈើសម្រាប់កែច្នៃធ្វើសង្ហារឹម។

លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ទោះបីស្ថិតក្នុងស្ថានភាពពហុវិបត្តិខាងក្រៅ ដូចជា បញ្ហាជម្លោះព្រំដែនជាមួយថៃ និងវិបត្តិប្រេងនៅមជ្ឈិមបូព៌ា, ក្នុងខែមីនា និងខែមេសា ឆ្នាំ២០២៦ នេះ ក្រុមការងារ ក.វ.ឦសាន នៅទទួលបានសំណើគម្រោងវិនិយោគ ជាបន្តបន្ទាប់។ នេះសបញ្ជាក់ឱ្យឃើញច្បាស់អំពី ភាពទាក់ទាញ និងសក្តានុពលវិនិយោគ របស់តំបន់ភូមិភាគឦសាន ទោះបីជាបរិយាកាសសេដ្ឋកិច្ចតំបន់ និងសកល ពុំសូវមានអំណោយផលយ៉ាងណាក្តី។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ទទួលបានសំណើគម្រោងវិនិយោគសរុបចំនួន ៥៨គម្រោង ក្រោមទុនវិនិយោគសរុប ២ ៤០៧ លានដុល្លារអាម៉េរិក និងបានផ្តល់គោលការណ៍លើកទឹកចិត្តគម្រោងវិនិយោគចំនួន ៣៣គម្រោង ក្រោមទុនវិនិយោគ ១ ០៧០ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ ១៧ ២១៣ កន្លែង។ ក្នុងនោះដែរ, សម្រាប់សំណើគម្រោងវិនិយោគ តាមបណ្តាខេត្តនីមួយៗ មានដូចជា ខេត្តក្រចេះ ទទួលបានសំណើគម្រោងចំនួន ១៥ គម្រោង ក្រោមទុនវិនិយោគ ១ ០៦១ លានដុល្លារអាម៉េរិក និង បង្កើតការងារ ២៦ ៦៧៨ កន្លែង,។ ខេត្តស្ទឹងត្រែង ទទួលបានសំណើគម្រោងចំនួន ១៨ គម្រោង ក្រោមទុនវិនិយោគ ១៣០,៩ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៣ ២៦០ កន្លែង។ ខេត្តមណ្ឌលគិរី ទទួលបានសំណើគម្រោងចំនួន ១៦ គម្រោង ក្រោមទុនវិនិយោគ ៣៩៤,០៥ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៤ ៧២៨ កន្លែង និង ខេត្តរតនគិរី ទទួលបានសំណើគម្រោងចំនួន ៩ គម្រោង ក្រោមទុនវិនិយោគ ៨២១,២ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៤២ ៨៨១ កន្លែង ។

លោកបណ្ឌិតសភាចារ្យ បានណែនាំដល់ភាគីពាក់ព័ន្ធ បន្តផ្តល់ការសម្របសម្រួលជូនវិនិយោគិន ឱ្យអស់លទ្ធភាព និង តាមភារកិច្ចរៀងៗខ្លួន ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបប្រទះនឹងវិបត្តិនៃការឡើងថ្លៃប្រេងឥន្ធនៈ ដែលធ្វើឱ្យថ្លៃផលិតកម្ម និងថ្លៃដឹកជញ្ជូនកើនឡើង។ ជាមួយគ្នានេះ, លោកបណ្ឌិតសភាចារ្យ បានជំរុញធ្វើការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ទៅដល់វិនិយោគិន ដើម្បីឱ្យវិនិយោគិនកាន់តែច្រើនឡើង អាចទទួលបាន «អត្ថប្រយោជន៍ពិសេស» ពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


