Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ៖ ជំនាញចម្អិនអាហារ និង ភេសជ្ជៈ ជាកាតាលីករមិនអាចខ្វះបាន ក្នុងការគាំទ្រដល់ការរីកចម្រើន នៃវិស័យទេសចរណ៍ជាតិ

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានអះអាងថា ការពង្រឹងគុណភាពលើជំនាញចម្អិនអាហារ និង ភេសជ្ជៈ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ និងជាកាតាលីករមិនអាចខ្វះបាន ក្នុងការគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាព នៃវិស័យទេសចរណ៍ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងនេះបានធ្វើឡើងក្នុងឱកាសលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញធ្វើដំណើរទស្សនកិច្ចនៅសមាគមវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (Professional Institute of Excellence – PIE) កាលពីរសៀលថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ ដើម្បីស្វែងយល់បន្ថែមអំពីសកម្មភាព កម្មវិធីបណ្ដុះបណ្ដាល និង គំនិតផ្ដួចផ្ដើមនានា ក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំផ្នែកចម្អិនម្ហូបអាហារ ភេសជ្ជៈ និង ការអភិវឌ្ឍធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ និង សម្ភារឧបទេសទំនើបៗ នៅលើបរិវេណវិទ្យាស្ថាន ដែលជាកន្លែងអនុវត្តជាក់ស្ដែងសម្រាប់សិស្ស-និស្សិត ស្របតាមទស្សនាទាន «ការសិក្សាបែបអនុវត្តផ្ទាល់រួមផ្សំទ្រឹស្ដី» ក្នុងវិស័យចម្អិនម្ហូបអាហារ និង ភេសជ្ជៈរួមមាន ផ្ទះបាយកម្រិតស្តង់ដារឧស្សាហកម្ម បន្ទប់បង្ហាញការចម្អិនអាហារ និង បារីស្តាបារ។

បន្ទាប់ពីបានស្ដាប់ការធ្វើបទបង្ហាញយ៉ាងលម្អិតអំពីប្រវត្តិ បេសកកម្ម និង ទិសដៅយុទ្ធសាស្ត្ររបស់សមាគមវិទ្យាស្ថាន PIE រួចមក តាងនាមក្រសួងអប់រំ យុវជន និង កីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និង វឌ្ឍនភាពរបស់សមាគម PIE ដែលស្ដែងឲ្យឃើញនូវចក្ខុវិស័យច្បាស់លាស់ ផ្អែកលើការច្នៃប្រឌិត វិន័យ និង ការលះបង់ខ្ពស់ក្នុងវិស័យបដិសណ្ឋារកិច្ច ជំនាញចម្អិនម្ហូបអាហារ និង ឧស្សាហកម្មអាហារ និង ភេសជ្ជៈ ដើម្បីធានាបាននូវការបណ្ដុះបណ្ដាលដែលមានគុណភាព និង អាចអនុវត្តបានជាក់ស្ដែងនៅទីផ្សារការងារ។

បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការពង្រឹងគុណភាពលើជំនាញចម្អិនអាហារ និង សេវាកម្មនៅ PIE គឺការចូលរួមចំណែកយ៉ាងសំខាន់ និងជាកាតាលីករមិនអាចខ្វះបាន ក្នុងការគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាព នៃវិស័យទេសចរណ៍ជាតិ តាមរយៈការអភិវឌ្ឍធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ និង មានភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ៕
អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម