Connect with us

សេដ្ឋកិច្ច

របាយការណ៍​ធនាគារ​ពិភព​លោក​ថា​កម្ពុជា​រង​ផល​ប៉ះពាល់​ធំៗ​៣​ក្នុង​ឆ្នាំ​២០២៦ តែ​នៅ​តែ​រក្សា​ភាព​ធន់​បាន​

បានផុស

នៅ

ធនាគារ​ពិភព​លោក​បាន​ព្យាករណ៍​ថា​ក្នុង​ឆ្នាំ​២០២៦​នេះ​ សេដ្ឋកិច្ច​កម្ពុជា​អាច​មាន​កំណើន​ត្រឹម​៣,៩%​ប៉ុណ្ណោះ​ ដែល​បណ្ដាល​មក​ពី​វិបត្តិ​​ចំនួន​៣​គឺ​ ការ​កើន​ឡើង​តម្លៃ​ប្រេង ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ផ្ញើ​ពី​ពលកម្ម​ក្រៅ​ប្រទេស​ និង​ការ​ផ្ដល់​កម្ចី​កាន់​តែ​តឹង​រឹង។ ទោះ​ជា​យ៉ាង​ណា​សេដ្ឋកិច្ច​ប្រទេស​នេះ​កំពុង​បង្ហាញ​ភាព​ធន់​ ដោយ​មាន​ការ​ទ្រទ្រង់​ពី​ការ​កើន​ឡើងនៃការវិនិយោគបរទេស និងការនាំចេញដ៏រឹងមាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​របាយការណ៍​មាន​ចំណង​ជើង​ថា ពុះពារ​ឆ្លង​វិបត្តិ (Navigationg Shocks) ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៦​នេះ ធនាគារ​ពិភពលោក​បាន​វាយ​តម្លៃ​ថា​ វិបត្តិ​ប្រេង​សាំង​សាកល​បាន​ជះ​ផល​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ និង​តម្លៃ​ផលិតកម្ម​របស់​ក្រុម​ហ៊ុន​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ពិបាក​ក្នុង​ការ​រក្សា​ការងារ​សម្រាប់​ពលករ​ ហើយ​ស្ថានភាព​នេះ​កើត​ឡើង​ចំ​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​វិស័យ​អចលនទ្រព្យ និង​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ផ្ញើ​ពី​ក្រៅ​ប្រទេស​បន្ទាប់​ពី​ពលករ​ខ្មែរ​ត្រលប់​ពី​ថៃ​វិញ​ ហើយ​អតិផរណា​កើន​ឡើង​៥,៨%​ ដែល​ប៉ះ​ទង្គិច​ខ្លាំង​ដល់​គ្រួសារ​ដែល​មាន​ចំណូល​ទាប​។

ក្នុង​របាយការណ៍​នោះ​បាន​សរសេរ​ថា៖ «ការ​រួម​បញ្ចូល​គ្នា​នៃ​ការ​កើន​ឡើង​តម្លៃ​ប្រេង​ឥន្ធនៈ ការ​ផ្ទេរ​ប្រាក់​ពី​ក្រៅ​ប្រទេស​ធ្លាក់​ចុះ​បន្ទាប់​ពី​ការ​វិល​ត្រឡប់​របស់​ពលករ​​ចំណាក​ស្រុក​ជិត​មួយ​លាន​នាក់​ និង​ឥណទាន​ក្នុង​ស្រុក​ខ្សោយ​ ជាមួយ​នឹង​ការ​ធ្លាក់​ចុះ​វិស័យ​សំណង់ និង​កង្វះ​ការ​ធានា​រ៉ាប់រង​គម្រោង​កំពុង​រារាំង​កំណើន​ដល់​ការ​ព្យាករណ៍​ ៣,%ភាគរយ​នៅ​ឆ្នាំ២០២៦ដែល​បំផ្លាញ​ប្រាក់​ចំណូល​ពិត​ប្រាកដ និង​បាន​គំរាម​កំហែង​ដោយ​ជំរុញ​ឱ្យ​មនុស្ស​ជាង​មួយ​លាន​នាក់​ឱ្យ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ»


ប្រធាន​គ្រប់​គ្រង​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា​លោកស្រី Tania Meyer បាន​ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៦​នេះ នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់​ភ្នំពេញ​ថា សម្ពាធ​ទាំង​នេះ​បាន​ធ្លាក់​ដល់​ពលរដ្ឋ និង​អ្នក​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោលនយោបាយ​មួយ​ចំនួន​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ទាំង​អស់​នេះ​ដែល​មាន​ប្រសិទ្ធភាព​​។

លោកស្រី​ថា៖ «សេដ្ឋកិច្ច​កម្ពុជា​កំពុង​ប្រឹង​ទប់​ខ្លួន​បាន​នៅ​ចំពោះ​មុខ​សភាព​ការណ៍​ប៉ះ​ទង្គិច​ច្រើន​យ៉ាង​ក្នុង​ពេល​ដំណាល​គ្នា​ ប៉ុន្តែ​នៅ​តែ​បង្ហាញ​នូវ​ភាព​ធន់​ទ្រាំ ដែល​អាច​រក្សា​បាន​តាម​រយៈ​វិធាន​ការ​គោលនយោបាយ​ដែល​មាន​គោលដៅ​ច្បាស់លាស់ ដើម្បី​ការពារ​ការងារ និង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​»

រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី វង្ស៊ី វិស្សុត បាន​បញ្ចេញ​យោបល់​របស់​លោក​ផង​ដែរ​ក្នុង​វេទិកា​នេះ​ដោយ​ថា​ រដ្ឋាភិបាល​ក៏​បាន​ពិភាក្សា​គ្នា​លំអិត​លើ​បញ្ហា​នេះ​ដែរ ខណៈ​លោក​ជំរុញ​ដល់​អង្គការ​ពាក់ព័ន្ធ និង​ធនាគារ​ពិភព​លោក​ជួយ​ដល់​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​លើ​វិបត្តិ​។

លោក​បន្ថែម​ថា​៖ «រដ្ឋាភិបាល​ធ្វើ​ការ​យ៉ាង​សកម្ម​ដូច​ដែល​ខ្ញុំ​បាន​និយាយ​ឆ្លើយ​តប​នឹង​វិបត្តិ​យើង​ត្រូវ​ធ្វើ​ឱ្យ​មូលដ្ឋាន​គ្រឹះ​យើង​រឹង​មាំ វា​ក៏​ពាក់ព័ន្ធ​នឹង​បញ្ហា​រចនាសម្ព័ន្ធ​របស់​យើង​ដែរ​។ តែ​ខ្ញុំ​គិត​ថា​កម្ពុជា​មាន​ភាព​ធន់ បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ទៀត​បើ​យើង​មើល​លើ​មូលដ្ឋាន​គ្រឹះ​។ បញ្ហា​មួយ​ទៀត​គឺ​ការ​ឆ្លើយ​តប​បើ​សិន​យើង​ឆ្លើយ​តប​ល្អ​​ប្រទេស​យើង​នឹង​មាន​សុវត្ថិភាព​នៅ​ឆ្នាំ​ទៅ​មុខ​»


ផ្ទុយទៅនឹងការប្រឈមទាំងនេះ ការវិនិយោគផ្ទាល់ពីបរទេសបានឡើងដល់ ៥,១ ប៊ីលានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៥ ដោយជួយបង្កើតការងារផ្លូវការប្រមាណ ៤០០ ០០០ ការងារ ហើយ​តាមរយៈ​នេះ​វា​បាន​ផ្តល់​ឱកាស​ការងារសំខាន់ៗច្រើន សម្រាប់​កម្មករដែលប្តូរពីវិស័យកសិកម្ម និងសម្រាប់​ពលករ​ចំណាក​ស្រុក​ដែល​បាន​ត្រឡប់មកពីប្រទេសថៃវិញ។ ការនាំចេញទំនិញក៏នៅរឹងមាំផងដែរ ដោយកើនឡើងបាន​ ១៧,៧ ភាគរយ នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៦។ កំណើនផលិតផលក្នុងស្រុក​សរុបពិត​ប្រាកដ​ត្រូវ​បានព្យាករថានឹងថយចុះមកត្រឹម ៣,៩ ភាគរយ នៅឆ្នាំ២០២៦ មុនពេលងើបឡើងវិញដល់ ៤,៩ ភាគរយ នៅឆ្នាំ២០២៧៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម