Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី និង រវ៉ាន់ដា ចាប់ដៃគ្នាអភិវឌ្ឍនុយក្លេអ៊ែរខ្នាតតូច SMR ឆ្ពោះទៅរកថាមពលស្អាតត្រឹមឆ្នាំ២០៣០

បានផុស

នៅ

ប្រទេសរុស្ស៊ី និងរវ៉ាន់ដា  (Rwanda) បានចុះហត្ថលេខាលើផែនទីចង្អុល​ផ្លូវ សម្រាប់​កិច្ចសហប្រតិបត្តិការ​​ក្នុងវិស័យ​ថាមពល​​ ដើម្បីអភិវឌ្ឍគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ ដោយប្រើប្រាស់ម៉ាស៊ីនប្រតិកម្មខ្នាតតូច (SMR) ។ នេះបើយោងតាមព័ត៌មានដែលចេញផ្សាយដោយក្រុមហ៊ុនថាមពលនុយក្លេអ៊ែររដ្ឋរុស្ស៊ី Rosatom កាលកាលពីថ្ងៃទី ១ ខែកក្កដា។

លោក Kirill Komarov និងលោក Lassina Zerbo ចុះហត្ថលេខាលើផែនទីបង្ហាញផ្លូវសហប្រតិបត្តិការ រវាងរុស្ស៊ី និង រវ៉ាន់ដា (រូបភាព៖ Rosatom)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា បន្ទាប់ពីអគ្គនាយកក្រុមហ៊ុន Rosatom លោក Alexey Likhachev បានបង្ហើបឲ្យដឹងកាលពីខែឧសភាថា ទីក្រុងមូស្គូ និងទីក្រុងគីហ្គាលី (Kigali) បានឈានដល់ការយល់ព្រមគ្នា លើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ។ ឯកសារនេះត្រូវបានចុះហត្ថលេខានៅក្នុងទីក្រុងមូស្គូ បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការសម្របសម្រួលចម្រុះ​​រុស្ស៊ី-រវ៉ាន់ដា  ស្តីពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ។

ភាគីទាំងពីរ បានពិភាក្សាអំពី គម្រោងថាមពលនុយក្លេអ៊ែរដែលបានគ្រោងទុក ផែនការសាងសង់មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរនៅក្នុងប្រទេសរវ៉ាន់ដា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​នុយក្លេអ៊ែរ​របស់ប្រទេស ការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រង និងការផ្តល់អាជ្ញាប័ណ្ណ។

បើតាមលោកបណ្ឌិត Lassina Zerbo ទីប្រឹក្សាផ្នែកថាមពលរបស់ប្រធានាធិបតីរវ៉ាន់ដា និងជាប្រធានគណៈកម្មការថាមពលអាតូមិករវ៉ាន់ដា  បានឲ្យដឹងថា ប្រទេសនេះមានគោលដៅបញ្ចូលថាមពលនុយក្លេអ៊ែរ ទៅក្នុងរចនាសម្ព័ន្ធប្រភពថាមពល ចាប់ពីដើមទសវត្សរ៍ឆ្នាំ២០៣០ ដើម្បីឆ្លើយតបនឹងតម្រូវការអគ្គិសនីដែលកំពុងកើនឡើង។

លោក Kirill Komarov អនុប្រធាននាយកប្រតិបត្តិទីមួយនៃក្រុមហ៊ុន Rosatom បានថ្លែងថា «យើងកំពុងផ្លាស់ប្តូរពីកិច្ចព្រមព្រៀងក្របខ័ណ្ឌ ទៅជាការអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការជាក់ស្តែង ចាប់ពីការបណ្តុះបណ្តាលធនធានមនុស្សជាតិ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ រហូតដល់គម្រោងវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងម៉ាស៊ីនប្រតិកម្មខ្នាតតូច។ រវ៉ាន់ដា កំពុងបង្កើតកម្មវិធីនុយក្លេអ៊ែរប្រកបដោយប្រព័ន្ធ និងការទទួលខុសត្រូវ ហើយ Rosatom បានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាដៃគូដ៏គួរឲ្យទុកចិត្តរបស់ប្រទេសនេះនៅគ្រប់ដំណាក់កាលទាំងអស់»។

នៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០២៥ លោក Zerbo បានលើកឡើងថា ម៉ាស៊ីនប្រតិកម្មខ្នាតតូច (SMR) អាចជាជម្រើសដែលមានតម្លៃធូរថ្លៃជាង បើធៀបនឹងរោងចក្រថាមពលនុយក្លេអ៊ែរខ្នាតធំបែបប្រពៃណី។ លោកបានពិពណ៌នាថា វាជាដំណោះស្រាយបែប «ដោតភ្លើងភ្លាមប្រើបានភ្លាម» ដែលអាចភ្ជាប់ទៅនឹងប្រព័ន្ធបណ្តាញអគ្គិសនីដែលមានស្រាប់ ដែលជួយចៀសវាងការចំណាយលើការធ្វើបច្ចុប្បន្នភាពហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីខ្នាតធំ ក៏ដូចជាកាត់បន្ថយការចំណាយលើការធ្វើទំនើបកម្មបណ្តាញអគ្គិសនីយ៉ាងច្រើនសន្ធឹកសន្ធាប់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Rosatom បាននិងកំពុងពង្រីកវត្តមានរបស់ខ្លួនយ៉ាងសកម្មនៅក្នុងតំបន់អាហ្វ្រិក រួមទាំងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ El Dabaa នៅក្នុងប្រទេសអេហ្ស៊ីប ដែលជាគម្រោងនុយក្លេអ៊ែរខ្នាតធំដំបូងគេបង្អស់នៅលើទ្វីបមួយនេះ។

គួរបញ្ចាក់ដែរថា រុស្ស៊ី និងរវ៉ាន់ដា  បានចាប់ផ្តើមអភិវឌ្ឍកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ស្តីពីការប្រើប្រាស់ថាមពលនុយក្លេអ៊ែរក្នុងគោលបំណងសន្តិវិធី កាលពីឆ្នាំ២០១៨។ មួយឆ្នាំក្រោយមក ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាដំឡើងមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរនៅរវ៉ាន់ដា ដែលគម្រោងនេះរំពឹងថានឹងរួមបញ្ចូលម៉ាស៊ីនប្រតិកម្មស្រាវជ្រាវកម្លាំង ១០ មេហ្គាវ៉ាត់ (MW) និងបណ្តាញមន្ទីរពិសោធន៍ផ្សេងៗ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម