ព័ត៌មានអន្ដរជាតិ
ចិន ព្រមានអាមេរិក៖ តែហ៊ានដើរខុសបន្តិចរឿងកោះតៃវ៉ាន់ ទំនាក់ទំនងប្រទេសទាំងពីរ អាចរង្គោះរង្គើ
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានផ្ញើសារព្រមានយ៉ាងខ្លាំងក្លាទៅកាន់សហរដ្ឋអាមេរិក ដោយជំរុញឱ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដោះស្រាយរាល់បញ្ហាដែលពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ជាមួយ «ការប្រុងប្រយ័ត្នជាទីបំផុត»។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរសព្ទមួយ កាលពីចុងខែមិថុនា កន្លងទៅ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ។
នៅក្នុងឱកាសនោះ លោក វ៉ាង យី បានសង្កត់ធ្ងន់ថា បញ្ហាកោះតៃវ៉ាន់ គឺជាចំណុចដ៏សែនប្រទាំងប្រទើសបំផុត ដែលរាល់ការផ្លាស់ប្តូរ ឬការខុសឆ្គងបន្តិចបន្តួចណាមួយ ក៏អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានភាពទូទៅទាំងមូលដែរ។ ហេតុនេះទើបលោកយល់ថា ទាំងប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែសហការគ្នា ដើម្បីគ្រប់គ្រងរាល់ហានិភ័យទាំងឡាយ ដែលអាចកើតមានឡើង។
ថ្វីដ្បិតតែបែបនេះក្ដី នៅក្នុងជំនួបតាមទូរសព្ទដដែលនោះ លោក វ៉ាង យី បានសម្តែងបំណងចង់ឱ្យអាមេរិក និងចិន រួមគ្នាបង្កើតទំនាក់ទំនងមួយប្រកបដោយលក្ខណៈស្ថាបនា និងមានស្ថិរភាពជាយុទ្ធសាស្ត្រ។ លោកបានបន្ថែមថា ភាគីទាំងពីរគួរតែលុបបំបាត់រាល់ការរំខាន ជម្នះរាល់ឧបសគ្គ និងបន្តដើរទៅមុខយ៉ាងរឹងមាំលើផ្លូវដ៏ត្រឹមត្រូវមួយ។ ជាចុងក្រោយ ក្រសួងការបរទេសចិន បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នានឹងបន្តរក្សាទំនាក់ទំនងគ្នាយ៉ាងជិតដិត និងមានភាពបត់បែនទៅតាមកាលៈទេសៈជាក់ស្តែងជាបន្តទៀត។
សូមជម្រាបថា កិច្ចពិភាក្សានេះ បានធ្វើឡើង បន្ទាប់ពីជំនួបកំពូលកាលពីពាក់កណ្តាលខែឧសភា រវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងប៉េកាំង ដែលកាលនោះ លោក ស៊ី ជិនពីង ក៏បានព្រមានចំៗរួចមកហើយថា ការដោះស្រាយមិនបានដិតដល់លើរឿងតៃវ៉ាន់ អាចរុញច្រានទំនាក់ទំនងចិន-អាមេរិកឱ្យធ្លាក់ចូលទៅក្នុង «ស្ថានភាពដ៏គ្រោះថ្នាក់បំផុត»។
ជាយូរមកហើយ រដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែចាត់ទុកកោះតៃវ៉ាន់ ដែលដឹកនាំតាមបែបប្រជាធិបតេយ្យនោះ ថាជាទឹកដីរបស់ខ្លួន ហើយចិនមិនដែលបដិសេធ ក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីគ្រប់គ្រងកោះនេះឡើយ ប្រសិនបើចាំបាច់។ ផ្ទុយទៅវិញ ខាងភាគីតៃវ៉ាន់ បានទាត់ចោលការទាមទាររបស់ចិន ចំណែកឯសហរដ្ឋអាមេរិកវិញ ក៏មានកាតព្វកិច្ចតាមផ្លូវច្បាប់ ក្នុងការផ្តល់មធ្យោបាយផ្សេងៗ ដើម្បីជួយតៃវ៉ាន់ការពារខ្លួនផងដែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


