Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់៖ មេដឹកនាំកំពូល មិនបានហាមឃាត់ការចរចាជាមួយអាមេរិកទេ

បានផុស

នៅ

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានចេញមុខមកបញ្ជាក់យ៉ាងច្បាស់ៗថា មេដឹកនាំកំពូល លោក Mojtaba Khamenei មិនបានរារាំង ឬហាមឃាត់ការចរចាជាមួយសហរដ្ឋអាមេរិកនោះទេ ហើយកិច្ចពិភាក្សាទាំងឡាយដែលកំពុងតែដើរទៅមុខនេះ គឺធ្វើឡើងត្រឹមត្រូវទៅតាមក្របខ័ណ្ឌ និងការសម្រេចចិត្តជាផ្លូវការរបស់រដ្ឋាភិបាល។

(រូបថត៖ Mehr)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera លោក Pezeshkian បានប្រាប់​នៅ​​ថ្ងៃ​ព្រហស្បតិ៍​ ទី២ ខែកក្កដា នេះ ថា បើមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ពិតជាបានចេញបញ្ជាមិនឱ្យរដ្ឋាភិបាលទៅចរចាមែននោះ ម្ល៉េះសមរដ្ឋាភិបាលរបស់លោកនឹងអនុវត្តតាមភ្លាមៗ ដោយគ្មានការរារែក​ឡើយ។

ការចេញមកបកស្រាយរបស់​ប្រធានាធិបតីអ៊ីរ៉ង់​បែបនេះ គឺធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការវែកញែក និងការជជែកដេញដោលគ្នាយ៉ាងក្តៅគគុកនៅក្នុងប្រទេស អំពីជំហរពិតប្រាកដរបស់លោក Mojtaba Khamenei ជុំវិញការយល់ច្រឡំ ឬការព្រមព្រៀងគ្នានាពេលថ្មីៗនេះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។

ការដេញដោលនៅក្នុងប្រទេសអ៊ីរ៉ង់ បានផ្ទុះឡើងខ្លាំង បន្ទាប់ពីលោក Mojtaba Khamenei ធ្លាប់បានបង្ហើបថា លោកមាន «ទស្សនៈខុសប្លែកបន្តិច» ជុំវិញកិច្ចព្រមព្រៀងមួយនេះ ដែលធ្វើឱ្យមហាជនជាច្រើនយល់ច្រឡំថា លោកអាចនឹងមិនពេញចិត្តចំពោះការត្រូវរ៉ូវគ្នាជាមួយអាមេរិក។

សូម​ជម្រាប​ថា កិច្ចព្រមព្រៀងចុងក្រោយបង្អស់រវាង​វ៉ាស៊ីនតោន និង​តេហេរ៉ង់ គឺអនុស្សរណៈនៃការយោគយល់គ្នាអ៊ីស្លាម៉ាបាត (Islamabad MoU) ដែលត្រូវបានចុះហត្ថលេខាពីចម្ងាយដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរ។

ក្របខ័ណ្ឌនេះ បានចែងពីការបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់នៅគ្រប់រណសិរ្ស (រួមទាំងនៅលីបង់) ការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងការដកទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនពីអាមេរិក ជាដោះដូរនឹងការបន្តបទឈប់បាញ់រយៈពេល ៦០ថ្ងៃ ដើម្បីចរចាលក្ខខណ្ឌលម្អិតចុងក្រោយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម