Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុង មានអ្នកជំងឺគ្រុនឈាមជិត ៤០០ នាក់ អំឡុងពេល ៣ ខែមកនេះ

បានផុស

នៅ

៣ ខែ មកនេះ ខេត្តកោះកុង បានរកឃើញអ្នកជំងឺគ្រុនឈាមសរុបចំនួន ៣៧៤ នាក់ ដែលបានមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយក្រុមគ្រូពេទ្យក៏ណែនាំដល់ពលរដ្ឋគ្រប់រូប ត្រូវប្រញាប់នាំអ្នកជំងឺដែលសង្ស័យមកមន្ទីរពេទ្យជាបន្ទាន់ ចៀសវាងទុកឱ្យហួសពេល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតចាប់ពីខែមេសា ដល់ ខែមិថុនា ឆ្នាំ ២០២៦ មានប្រជាពលរដ្ឋក្មេងចាស់សរុប ៣៧៤ នាក់ បានពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ តួលេខ ត្រូវបានគ្រូពេទ្យបង្ហាញក្តីព្រួយបារម្ភដែលតម្រូវឱ្យមានវិធានការទប់ស្កាត់ជាបន្ទាន់ផងដែរ។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បង្ហាញថា អត្រាចំនួនអ្នកជំងឺគ្រុនឈាមនៅឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំទៅ កើន ២៥០ នាក់ គិតជាភាគរយស្មើនឹង ២០១.៨%។ ទោះយ៉ាងណា ក្រុមគ្រូពេទ្យអាចគ្រប់គ្រងពិនិត្យព្យាបាលបានដោយកែប្រែពីកម្រិតធ្ងន់មកជាសះស្បើយ ទន្ទឹមនោះក្តីក៏គ្រូពេទ្យនៅតែទាមទារឱ្យគ្រប់ពលរដ្ឋដែលសង្ស័យថាមានជំងឺគ្រុនឈាម សូមប្រញាប់មកកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលទាន់ពេលវេលាបំផុត ចៀសវាងទុកឱ្យអាការជំងឺវិវឌ្ឍន៍ធ្ងន់ធ្ងររហូតដល់ហួសពេល។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បន្ថែមទៀតថា ក្រៅពីការពន្យល់អំពីមូលហេតុដែលកើនឡើង នៃចំនួនអ្នកកើតជំងឺគ្រុនឈាម មន្ទីរពេទ្យ ក៏ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសម្អាតអនាម័យបរិស្ថានជុំវិញលំនៅដ្ឋាន និង លុបបំបាត់ជម្រកមូសខ្លាញីឱ្យអស់ ទើបទប់ស្កាត់ការកើតជំងឺគ្រុនឈាមបានយ៉ាងមានប្រសិទ្ធភាព។

គួរជម្រាបថា រោគសញ្ញាសំខាន់ៗ នៃជំងឺគ្រុនឈាម មានអាការដូចខាងក្រោម សូមប្រញាប់ប្រញាល់នាំកូនទៅកាន់មន្ទីរពេទ្យរដ្ឋជាបន្ទាន់ ៖ ទី១.ក្តៅខ្លួនខ្លាំង (39 – 40 C) រយៈពេល ២ ទៅ ៣ ថ្ងៃ ហើយនៅតែមិនឆ្លើយតបនឹងថ្នាំបញ្ចុះកម្ដៅបារ៉ាសេតាម៉ុល, ទី២.ឈឺក្បាល , ទី៣.ឈឺសាច់ដុំ , ទី៤.ឈឺសន្លាក់ , ទី៥.ក្អួត ចង្អោរ , ទី៦.ចុកពោះ , ៧.ឈាមច្រមុះ ជុះឈាម ក្អួតឈាម សន្លឹម (ករណីធ្ងន់ធ្ងរ និង​ គ្រោះថ្នាក់)។ គ្រូពេទ្យ បានហាមប្រាមប្រើប្រាស់ ទី១ថ្នាំបញ្ចុះកម្ដៅ Asperin និង ២.នៅពេលក្មេងត្រជាក់ខ្លួន និង សន្លឹម ទូទៅថ្ងៃទី ៤ ទៅថ្ងៃទី ៥ គឺជាដំណាក់កាលគ្រោះថ្នាក់ (Critical phase)។

អ្នកស្រី សេន ចាន់ និង អ្នកស្រី ស្រីរៀម ម្តាយរបស់កុមារដែលជំងឺគ្រុនឈាម បានលើកឡើងថា ពួកគាត់នាំកូនមកព្យាបាល ២ ទៅ ៣ ថ្ងៃហើយ ដោយឥឡូវអាការធូរស្រាលច្រើន ក្រោមការយកចិត្តទុកដាក់ពិនិត្យព្យាបាលរបស់ក្រុមគ្រូពេទ្យ។ ដំបូងឡើយ ពួកគាត់ នាំកូនទៅពេទ្យឯកជន ប៉ុន្តែអាការមិនបាត់ ទើបសម្រេចិត្តនាំកូនមកមន្ទីរពេទ្យបង្អែក។

ពលរដ្ឋទាំង ២ ខាងលើ ប្រាប់ទៀតថា នៅតំបន់ពួកគាត់រស់នៅសំបូរទៅដោយជម្រកសត្វខ្លាញី គ្រាមានព្រៃលិចទឹក គំនរសំរាម និង ប្រព័ន្ធប្រឡាយលូចាស់ៗ ដែលជាសំបូរដោយមូស ដូច្នេះទើបងាយនឹងបង្កជាជំងឺគ្រុនឈាម ទោះបីជាពួកគាត់ខិតខំមានវិធីការពារទប់ស្កាត់យ៉ាងណាក្តី។ ទោះយ៉ាងណា ក្រោយការព្យាបាលជាសះស្បើយហើយ គឺ​ ក្រុមគ្រូពេទ្យ នៅតែបង្កើនការផ្សព្វផ្សាយអប់រំយល់ដឹងកាន់តែច្រើនអំពីវិធីកម្ចាត់ប្រភពដែលនាំឱ្យកើតជំងឺគ្រុនឈាមនារដូវវស្សា ដោយចែកជូនថ្នាំអាបែត ជំរុញឱ្យពលរដ្ឋលុបបំបាត់ជម្រកសត្វមូសខ្លា គេងដាក់មុង និង បាញ់ថ្នាំសម្លាប់មូលទៅតាមលំនៅដ្ឋានពលរដ្ឋ និង សាលារៀន៕
អត្ថបទ ៖ សិរិវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម