Connect with us

ព័ត៌មានជាតិ

បើ​មាន​ការ​ផាក​ពិន័យ​លុយ ៣ ម៉ឺន​ដុល្លារ ប្រមុខ​រដ្ឋាភិបាល​​​បញ្ជាឲ្យ​សង​ត្រឡប់​ទៅ​ម្ចាស់​តោ​វិញ

បានផុស

នៅ

ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន បាន​សម្រេច​អនុញ្ញាត​ឲ្យ​ម្ចាស់​តោ​ជា​ជនជាតិ​ចិន យក​តោ​ដែល​ខ្លួន​ចិញ្ចឹម​ជាច្រើន​ឆ្នាំ​ដែល​អាជ្ញាធរ​ដក​ហូត​ត្រឡប់​យក​ទៅ​​ថែទាំ​វិញ តែ​តម្រូវ​ឲ្យ​ម្ចាស់​ធានា​សុវត្ថិភាព​ទាំង​មនុស្ស​ក្នុង​ផ្ទះ​និង​អ្នក​រស់នៅ​ជិត​ខាង។

ក្នុង​ពេល​​អាជ្ញាធរអនុវត្ត​ការ​​រឹបអូស​សត្វ​តោ តាម​មន្រ្តី​ឲ្យ​ដឹង​ថាបើ​​បុរស​ជន​ជាតិ​ចិន​ដែល​យក​ប្រភេទ​សត្វ​ព្រៃ​ទៅ​ចិញ្ចឹម​​ដោយ​ខុស​ច្បាប់​គ្មាន​ការ​អនុញ្ញាតិ​ អាច​ប្រឈម​នឹង​ការ​ពិន័យ​អន្តរ​ការណ៍​ជា​ប្រាក់​ប្រមាណ​ ​៣ ​ម៉ឺន​ដុល្លារ។

យ៉ាងណា​បន្ទាប់​ពី​ការ​សម្រេច​ដោយ​ប្រគល់​សត្វ​តោ​ទៅ​ម្ចាស់​ដើម​មើល​ថែ​វិញ​នោះ ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា បើ​សិន​ម្ចាស់​សត្វ​តោ​នេះ​រង​ការ​ផាក​ពិន័យជា​លុយ​កាក់​ អាជ្ញាធរ​ត្រូវ​តែ​សង​ត្រឡប់​ទៅ​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ល្ងាច​មិញនេះ ​ក្រោយ​បាន​ពិភាក្សាជាមួយ​រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រមុខ​រដ្ឋាភិបាល​បាន​សម្រេច​អនុញ្ញាតឱ្យម្ចាស់​សត្វ​តោ​ជា​ជនជាតិ​ចិន​យក​សត្វ​តោ​ចិញ្ចឹម​របស់​ខ្លួនទៅ​ថែទាំ​វិញ ក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើទ្រុង​ឱ្យ​បានត្រឹមត្រូវ​ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុង​ផ្ទះ និងអ្នករស់នៅជិតខាង និងក៍ត្រូវគិតដល់សុខភាពរបស់​សត្វ​​នេះ​ផងដែរ​។

ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជាក់ការ​សម្រេច​នេះ​ថា ជាករណីយពិសេស​ដោយសារ​ម្ចាស់​ជនជាតិ​ចិន​នេះ​ បានចិញ្ចឹមតោនេះតាំងពីតូចរហូតដល់​ធំ ប្រៀបដូចជាសមាជិកគ្រួសារទៅហើយ ទើបអនុញ្ញាតិឲ្យ​យកទៅចិញ្ចឹមវិញ។

គួរ​បញ្ជាក់ថា កាល​ពី​ថ្ងៃទី ​២៧​ ​ខែ​មិថុនា​ឆ្នាំ ​២០២១ ​អាជ្ញាធរបាន​សហការ​ជាមួយ​អង្គការ​ Wildlife Alliance ​បាន​រឹបអូស​សត្វ​តោ​ចិញ្ចឹម​មួយ​ក្បាល​ នៅ​ក្នុង​ផ្ទះ​វីឡា​មួយ​កន្លែង ​ស្ថិត​នៅ​ផ្ទះ​លេខ​ ២២​ ផ្លូវ​ ៣០៦ ភូមិ​ ​៧​ សង្កាត់​បឹង​កេងកង​ ​១​ រាជ​ធានី​ភ្នំពេញ​។​​

សត្វ​តោ​នោះ​ជា​សត្វ​តោ​ឈ្មោល​មាន​អាយុ ១៨​ ខែ ​និង​ទម្ងន់​ ៧០ គីឡូ​ក្រាម​ ​ហើយ​ក្រោយ​ការដក​ហូត ​ក្រុម​ជួយ​សង្គ្រោះ​​បាន​បញ្ជូន​សត្វ​តោ​នេះ​ទៅ​កាន់​មជ្ឍមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តា​ម៉ៅ។​

ក្រោយ​សេចក្តី​សម្រេច​របស់ប្រមុខ​រដ្ឋាភិបាល ម្ចាស់​តោ​ជា​ជនជាតិ​ចិនក៏​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រដ្ឋាភិបាល​ដែល​បាន​​យកចិត្តទុកដាក់ចំពោះបញ្ហានេះ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម