ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ៖ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន បានជំរុញកម្ពុជាឲ្យមានការលូតលាស់ខាងសេដ្ឋកិច្ច
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន បានជំរុញការរីកលូតលាស់ការងារនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ក៏ដូចជាធ្វើឲ្យកម្ពុជាមានទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ប៉ុន្តែការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាននេះ ក៏មានជ្រុងអវិជ្ជមានមួយចំនួនផងដែរ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ខុសគោលដៅ។

ការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការសកម្មភាពដើម្បី បង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥” នាព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ។ សម្ដេចក្រឡាហោមលើកឡើងថា កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមក្នុងបដិវត្តឧស្សាហកម្ម៤.០ ដោយផ្តោតជាពិសេស លើវិស័យបច្ចេកវិទ្យា ដែលពិភពលោកកំពុងប្រើប្រាស់ជាមធ្យោបាយសម្រាប់វិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចយ៉ាងមានប្រសិទ្ធភាព។
បើតាមសម្ដេចក្រឡាហោម ស ខេង “ការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន បានជំរុញដល់ការរីកលូតលាស់ ការងារ នយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ដែលធ្វើឲ្យកម្ពុជាមានទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកថែមទៀតផង។
ស្របពេលនឹងវិបត្តិកូវីដ-១៩ កំពុងរាតត្បាតទូទាំងពិភពលោក ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន រឹតតែមានសារសំខាន់ ក្នុងការប្រាស្រ័យទាក់ទង និងដោះស្រាយគ្រប់បញ្ហា រួមទាំង ការសិក្សាអប់រំរបស់កុមារ និងយុវជន យុវនារី ទាំងនៅទីក្រុង ទាំងជនបទ ដែលធ្វើឲ្យវិស័យបច្ចេកវិទ្យាព័ត៌មាននេះ រឹតតែទទួលបាននូវការពេញនិយមសម្រាប់ ទំនាក់ទំនង និងអភិវឌ្ឍន៍គ្រប់វិស័យ”។
សម្ដេចក្រឡាហោមបន្ថែមថា សកលភាវូបនីយកម្ម នៃបច្ចេកវិទ្យា និងព័ត៌មាន គឺជាមធ្យោបាយដ៏ស័ក្តិសិទ្ធមួយ ដែលធ្វើឲ្យប្រទេសជាតិទាំងឡាយ និងប្រជាជននៅលើពិភពលោកបានខិតជិតគ្នា និងអាចទំនាក់ទំនងសហការគ្នាយ៉ាងល្អប្រសើរ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា “ទោះបីជាយ៉ាងនេះក្តី ការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ក៏មានជ្រុង អវិជ្ជមានមួយចំនួន ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ខុសគោលដៅ និងដោយមានការជ្រៀតចូលពីក្រុមឧក្រិដ្ឋជនឆ្លៀតឱកាសទាញយកផលប្រយោជន៍ដោយខុសច្បាប់ និងប្រាសចាកពីគន្លងសីលធម៌ និងការអភិវឌ្ឍន៍ ដោយបង្កើតឲ្យមាន ការកេងប្រវ័ញ្ច និងឧក្រឹដ្ឋកម្មគ្រប់រូបភាព រួមទាំងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មី មួយកំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារនៅលើពិភពលោក រួមទាំងកម្ពុជា ផងដែរ”។
សម្ដេចក្រឡាហោម បានបញ្ជាក់ទៀតថា ដោយមើលឃើញនូវបញ្ហាប្រឈម និងផលប៉ះពាល់ជាអវិជ្ជមានបែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលជារដ្ឋភាគីហត្ថលេខី នៃសេចក្តីថ្លែងការណ៍សកម្មភាពសកល (WePROTECT) ដែលបានចុះហត្ថលេខានៅឯកិច្ចប្រជុំកំពូលជាសកលនៅទីក្រុងអាប៊ុយដាប៊ី កាលពីឆ្នាំ២០១៥ ដែលមានក្រសួងមហាផ្ទៃជាតួអង្គសម្របសម្រួល៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


