ព័ត៌មានជាតិ
លោកវេជ្ជបណ្ឌិត គួច ម៉េងលី ៖ ចាក់វ៉ាក់សាំងដល់កុមារ គឺពិត ជាល្អចំពោះសិស្ស ស្ថាប័នអប់រំ និងសុខុមាលភាពទូទៅ
អ្នកជំនាញផ្នែកសុខភាព បានលើកឡើងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារអាយុពី១២ឆ្នាំ ដល់១៧ឆ្នាំ គឺជាចំណុចដ៏ល្អមួយ ដែលអាចឲ្យពួកគេមានប្រព័ន្ធការពារ ដូចមនុស្សពេញវ័យដែរ។ ម្យ៉ាងទៀត នៅពេលបានចាក់វ៉ាក់ដល់កុមាររួចរាល់ នឹងធ្វើឲ្យឪពុក-ម្ដាយ និងអាណាព្យាបាលសិស្ស មានទំនុកចិត្តខ្លាំងក្នុងការបញ្ជូនកូន របស់ពួកគេទៅរៀន នៅពេលដែលសាលារៀនចាប់ផ្ដើមបើកដំណើរការឡើងវិញ។
ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ខាងមុខ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅវិមានសន្តិភាព។ ក្រសួងសុខាភិបាល ក៏បានជូនព័ត៌មាន កាលពីថ្ងៃម្សិលមិញដែរថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យ មានអាយុចាប់ពី១២ ដល់អាយុក្រោម១៨ឆ្នាំ នឹងចាប់ផ្ដើមនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ដែលចេញពីរាជធានីភ្នំពេញ និងបន្តបន្ទាប់នៅខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តកោះកុង។

មជ្ឈដ្ឋានជាច្រើន បានប្រកាសគាំទ្រ នូវការបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យនាពេលនេះ ហើយរំពឹងថា សកម្មភាពនានានៅក្នុងសង្គម នឹងអាចប្រសើរឡើងវិញក្នុងពេលឆាប់ៗខាងមុខ ជាពិសេសការបើកដំណើរការសាលារៀន ដែលជាកន្លែងបណ្ដុះបណ្ដាលដ៏សំខាន់សម្រាប់កុមារ និងយុវវ័យ។
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី អ្នកជំនាញផ្នែកសុខភាពទូទៅ និងសាធារណៈ ដែលតែងតែចែករំលែកអំពីវិធីសាស្ត្រថែរក្សាសុខភាព នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី២៧ ខែកក្កដាថា ចំពោះការចាក់វ៉ាក់សាំង ដល់កុមារពីអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ ជាចំណុចដ៏ល្អមួយ ដែលធ្វើក្មេងៗមានប្រព័ន្ធការពារដូចគេដូចឯងដែរ ហើយប្រសិនបើពួកគេមានប្រព័ន្ធការពារនោះ យើងអាចឆាប់បើកដំណើរការសាលារៀនវិញបាន។
លោកថា សាលារៀន ជាកន្លែងសំខាន់ណាស់ ពោលគឺជាកន្លែងបណ្ដុះបណ្ដាលចំណេះដឹង។ ប្រសិនបើមានការផ្អាកដំណើរការសាលារៀនយូរពេកនោះ នឹងធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់ក្មេងៗ។ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែងយ៉ាងដូច្នេះថា «ចឹងបើយើងចាក់វ៉ាក់សាំង សម្រាប់ឲ្យក្មេងអាយុពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅថ្ងៃទី១ ខែសីហានេះ ខ្ញុំគិតថា ប្រជាពលរដ្ឋយើងនឹងមានទំនុកទុកចិត្តខ្លាំង ក្នុងការឲ្យកូនទៅរៀនឡើងវិញ»។

អ្នកជំនាញផ្នែកសុខភាពរូបនេះ បានលើកឡើងទៀតថា ចាប់តាំងពីជំងឺកូវីដ-១៩ ផ្ទុះឡើងនៅកម្ពុជា ពីខែកុម្ភៈឆ្នាំ២០២១មក គឺសាលារៀនបានផ្អាកដំណើរការយូរណាស់មកហើយ។ ការខកខាន ការសិក្សានៅសាលារៀន ធ្វើឲ្យមានការប៉ះទង្គិចច្រើន ដល់ការសិក្សារបស់ក្មេងៗ។
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE)ផងនោះ បានគោរពថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានយកចិត្តទុកដាក់ ស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋយើង ទាំងក្មេង ទាំងចាស់នៅទូទាំងប្រទេស ហើយធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ។ លើសពីនេះទៀត ក៏នឹងធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចដំណើរការឡើងវិញ ធ្វើឲ្យវិស័យអប់រំបានបើកដំណើរការឡើងវិញ ដែលធ្វើឲ្យក្មេងៗមានឱកាសចូលរៀន ព្រមទាំងដំណើរការប្រទេសជាតិ បានធម្មតាឡើងវិញផងដែរ។

លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ទៀតថា «ខ្ញុំគិតថា វាជាចំណុចសំខាន់ ទាក់ទងនឹងការចាក់វ៉ាក់សាំងនេះ ពីព្រោះបើយើងបានចាក់មែន គឺវាពិតជាល្អចំពោះសិស្ស និងចំពោះស្ថាប័នអប់រំ ក៏ដូចជាសុខុមាលភាពទូទៅផងដែរ»។
មន្ត្រីជាន់ខ្ពស់ ក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា នៅពេលបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យអាយុពី១២ឆ្នាំ ដល់១៧ឆ្នាំរួចរាល់នាពេលខាងមុខ នោះនឹងមានឱកាសកាន់តែច្រើនថែមទៀត ដល់ការត្រៀមបើកដំណើរការ គ្រឹះស្ថានមធ្យមសិក្សាឡើងវិញ ជាជំហានៗ។
លោកបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី កាលពីដើមសប្ដាហ៍នេះថា «ការសម្រេចចិត្តជាយុទ្ធសាស្រ្តនេះ នឹងបង្កើនឱកាសកាន់តែច្រើនថែមទៀត ដល់ការត្រៀមបើកដំណើរការ គ្រឹះស្ថានមធ្យមសិក្សាឡើងវិញជាជំហានៗ នៅពេលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចរាល់នាពេលខាងមុខ»។

គួររំលឹកដែរថា កាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពានាវដល់មាតាបិតា ក៏ដូចជាអាណាព្យាបាល ត្រៀមខ្លួនដើម្បីនាំកូនចៅរបស់ខ្លួន ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នាពេលខាងមុខ ដោយសម្ដេចតេជោ ចង់ឲ្យមានភាពស៊ាំនៅក្នុងសង្គម ដែលនាំទៅដល់ការបើកឡើងវិញ នូវសង្គមសេដ្ឋកិច្ច ជាពិសេសគឺសាលារៀន៕ (ដោយ)៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


