Connect with us

ព័ត៌មានជាតិ

តើអ្វីជាមេរៀន សម្រាប់អ្នកនយោបាយ និងប្រជាពលរដ្ឋខ្មែរ គួរចាំចង ក្នុងព្រឹត្តិការណ៍ នៅអាហ្វហ្គានីស្ថាន?

បានផុស

នៅ

ព្រឹត្តិការណ៍ ដែលបានកើតឡើង នៅប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បាន​នឹងកំពុង​ស្ថិតនៅក្នុងក្រសែភ្នែក របស់ប្រជាជននៅទូទាំងពិភពលោក។ ក្នុងនោះ ប្រជាជនកម្ពុជា ក៏មានការចាប់​អារម្មណ៍​ខ្លាំង​ដែរ ទៅលើព្រឹត្តិការណ៍នេះ ដោយអ្នកខ្លះ បានរលឹកអំពីអតីតកាល កាលពី៤៦ឆ្នាំមុន ដែលសហរដ្ឋអាមេរិក​ បានដោះដៃចេញពី រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ​ ​រួចពួកខ្មែរក្រហមវាយសំរុក ចូលកាន់កាប់អំណាច បានយ៉ាងស្រួល នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

ស្ថានការណ៍ នៅប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះ បានកើតឡើង បន្ទាប់ពីសហរដ្ឋ​អាមេរិក​បាន​សម្រេច​ដក​កង​ទ័ព​ចេញ ក្រោយពីបានដាក់ក្នុងប្រទេសនេះ អស់រយៈពេលប្រមាណ២០​ឆ្នាំមក។ កាលពី​ថ្ងៃអា​ទិ​ត្យកន្លងទៅនេះ ក្រុមតាលីបង់បានប្រកាសអំពី ជ័យជម្នះយ៉ាងឆាប់រហ័សរបស់ខ្លួន ទៅលើរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ហើយលោក Ashraf Ghani ដែលជាប្រធានាធិបតី ក៏បានចាកចេញពីប្រទេសនេះភ្លាមៗដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងអ្នកតាមដានស្ថានការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជា យល់​ឃើ​ញបែបណា ចំពោះព្រឹត្តិការណ៍ ដែលបានកើតឡើង នៅប្រទេសអាហ្វហ្គានីស្ថាននេះ? តើព្រឹត្តិការណ៍ នៅអាហ្វហ្កានីស្ថាន នៅឆ្នាំ២០២១នេះ មានលក្ខណៈដូចគ្នា ឬខុសគ្នាបែបណាដែរ ចំពោះព្រឹត្តិការណ៍ ដែលកើតឡើង​នៅ​កម្ពុ​ជា កាលពី៤៦ឆ្នាំមុន?

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៧ ខែសីហានេះថា ព្រឹត្តិការណ៍ដែលបានកើតឡើង នៅក្នុងប្រទេស​កម្ពុជា កា​ល​​ពីអំឡុងឆ្នាំ១៩៧៥ និងព្រឹត្តិការណ៍ ដែលបានកើតឡើង នៅប្រទេសអាហ្វហ្គានីស្ថាន នាឆ្នាំ២០២១​នេះ គឺជាព្រឹត្តិការណ៍២ផ្សេងគ្នា ប៉ុន្តែមានលក្ខណៈរួមមួយ។ លក្ខណៈរួមនោះ ត្រង់ថា ការចាកចេញ របស់​សហ​រដ្ឋ​អាមេរិក ពីរដ្ឋាភិបាលដែលខ្លួនគាំទ្រ ដែលនៅកម្ពុជាកាលពីអតីតកាល គឺការចាកចេញ របស់សហរដ្ឋអាមេរិក បាន​បោះ​បង់ចោល រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ​ ដឹកនាំដោយលោក​សេនាប្រមុខ លន់​ នល់ ហើយនៅអាហ្វហ្គានីស្ថាន គឺការចាកចេញ របស់សហរដ្ឋអាមេរិក បានបោះបង់ចោល រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដឹកនាំដោយលោក Ashraf Ghani។

ការចាកចេញ របស់សហរដ្ឋអាមេរិកទាំង២ ព្រឹត្តិការណ៍ខាងលើនេះ បានទុកឲ្យប្រជាជន នៃប្រទេសទាំង​ពីរកម្ពុជា-អាហ្វហ្កានីស្ថាន រងទុក្ខវេទនា និងស្លាប់អស់ជាច្រើននាក់ ដោយសារការដឹកនាំប្រទេស ពីពួកខ្មែរក្រហម​ (នៅ​កម្ពុ​ជា) និងពួកតាលីបង់ (នៅអាហ្វហ្គានីស្ថាន)។ លោកថា នេះជាការលក្ខណៈរួម និងទិដ្ឋភាពដូចគ្នា នៅកម្ពុជាកាល​ពី​អតីតកាល និងនៅអាហ្វហ្កានីស្ថាន នាឆ្នាំ២០២១នេះ ដែលសហរដ្ឋ​អាមេរិក បាន​បោះ​​បង់ចោលប្រជាជន និង​ប្រ​ជា​ធិបតេយ្យ ដែលខ្លួនតែងតែអះអាង អំពីលើកស្ទួយ និងការពារនោះ។

ចំណែកលក្ខណៈខុសគ្នាវិញ គឺសង្រ្គាម​​នៅកម្ពុជា កាលពីអតីតកាល ជាសង្រ្គាមមនោគមវិជ្ជា មានន័យថា សហ​រដ្ឋ​អាមេរិក ព្យាយាមប្រើប្រាស់​កម្ពុ​ជា ប្រើប្រាស់វៀតណាមខាងត្បូង ដើម្បីទប់ឥទ្ធិពល នៃការរីកដាលលទ្ធិកុម្មុយនីស្ត តែសហរដ្ឋអាមេរិកបានបរាជ័យ នៅ​ក្នុងសង្រ្គាមឥណ្ឌូចិនលើកទី២នេះ។ រីឯសង្រ្គាមនៅអាហ្វហ្គានីស្ថានវិញ ជា​ស​ង្រ្គាមប្រឆាំងអំពើភេរវកម្ម ​ដែលមានន័យថា ជាការសងសឹករបស់សហរដ្ឋអាមេរិក ទៅលើមេភេរវករអាល់កៃដា គឺ​លោក​ អូសាម៉ា ប៊ីន ឡាឌែន ដែលជាមេគំនិតក្នុងការវាយប្រហារ ទៅលើអគារពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក កាលពីអំឡុងខែកញ្ញា ឆ្នាំ២០០១។

លោកបណ្ឌិត គិន ភា បានលើកឡើងថា អ្វីដែលជាមេរៀន សម្រាប់អ្នកនយោបាយ និងប្រជាពលរដ្ឋខ្មែរ គួរចាំចង ក្នុងព្រឹត្តិការណ៍ទាំងពីរខាងលើនេះ គឺយើងមិនគួរនាំគ្នា ពឹងអាស្រ័យលើកម្លាំងមហាអំណាចខាងក្រៅ ដោយភ្លេច​អំពី​ការពង្រឹងសមត្ថភាពខ្លួនឯង ពង្រឹងការដឹកនាំខ្លួនឯង ពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ របស់ប្រទេស​ដោ​យខ្លួនឯងនោះទេ។

លោកបានថ្លែងយ៉ាងដូច្នេះថា «អញ្ចឹងយើងឃើញ ការចាកចេញ របស់សហរដ្ឋអាមេរិកពី​កម្ពុជា លន់ នល់ ទន់​ជ្រា​យ ដោយសារតែអំពើពុករលួយ បក្សពួកនិយម ទ័ពខ្មោច គឺអត់មានកម្លាំងប្រយុទ្ធពិត​ប្រាកដ ជាមួយនិង​ទាហាន​ខ្មែរក្រហម ដែលធ្វើឲ្យពួកខ្មែរក្រហម ទទួលជោគជ័យ ដោយងាយស្រួលតែម្ដង ហើយ​ក្នុងហ្នឹង មានភាពមិន​ស្មោះ​ត្រង់មួយចំនួនទៀត ក្នុងចំណោមកងទ័ពរបសសាធារណរដ្ឋខ្មែរហ្នឹង គឺគាត់លួចលក់​អាវុធយុទ្ធភណ្ឌ ឲ្យពួកខ្មែរ​ក្រ​ហមទៅទៀត ហើយដូចគ្នានៅអាហ្វហ្គានីស្ថាន ក៏អញ្ចឹងដែរ ពួកឧត្ដមសេនីយ៍យោធាមួយ គឺប្រព្រឹត្តអំពើពុករលួយ ទ័ពខ្មោច គឺខំប្រឹងបំប៉ោងទិន្នន័យ ដើម្បីយកលុយរបស់សហរដ្ឋអាមេរិក ទោះសហរដ្ឋអាមេរិក ជួយ២០ឆ្នាំទៅមុខ​ទៀត បើសិនជាអត់ពង្រឹងសមត្ថភាព គឺក៏អត់ទៅរួចដែរ»។

អ្នកជំនាញនយោបាយរូបនេះ បានលើកឡើងថា «អញ្ចឹងសរុបមកវិញ អ្វីដែលយើងគួរចងចាំ គឺយើងអត់ពឹងបរ​ទេ​ស​​ណាមួយជាខ្នងបង្អែក សម្រាប់ភាពរស់រាន នៃប្រទេសយើង សម្រាប់ការរីកចំរើននៃប្រទេសយើង គឺខំប្រឹងអភិ​វ​ឌ្ឍន៍ដូចខ្លួនឯង ខំប្រឹងអភិវឌ្ឍន៍សមត្ថភាពដោយខ្លួនឯង ពង្រឹងឯកភាពជាតិ ហើយអ្វីដែលដូចរដ្ឋាភិបាលបាន​កំពុ​ង​ធ្វើ គឺយើងខំប្រឹងធ្វើអ្វី ដែលយើងអាចរស់ដោយខ្លួនឯងបាន យើងព្យាយាម ឧទាហរណ៍ដូចករណីEBA អញ្ចឹង ការសម្រេចចិត្ដដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ករណីEBAហ្នឹង គឺចង់បង្ហាញអំពីសមត្ថភាពថា មានEBA ក៏កម្ពុជា​អាចរស់បាន មិនមានEBA ក៏កម្ពុជាអាចរស់បាន មានសហរដ្ឋអាមេរិក ក៏កម្ពុជាអាចរស់បាន មិនមានសហរដ្ឋ​អាមេ​រិក ក៏កម្ពុជាអាចរស់បាន គឺមានតែពង្រឹងភាពខ្លាំងផ្ទៃក្នុង របស់យើងទេ ទើបធ្វើឲ្យយើងរឹងមាំ ហើយមិនក្លាយទៅជា​ចំណា​ប់ខ្មាំង នៃមហាអំណាចណាមួយ បើមិនដូច្នេះទេ គឺយើងហ្នឹងមានភាពទន់ជ្រាយ ចឹងអ្វីដែលយើងត្រូវធ្វើ អ្វី​ដែ​លយើងត្រូវចងចាំ ពីមេរៀនប្រវត្តិសាស្រ្ដនេះ គឺយើងពង្រឹងសមត្ថភាព អាហ្នឹងគឺសំខាន់ណាស់ ឯកភាពជាតិ ហើយយើងត្រូវតែ នៅជុំវិញថ្នាក់ដឹកនាំរបស់យើង គេហៅថា ដើរតាមមាគ៌ាដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ជ្រក​ក្រោម​ម្លប់ព្រះមហាក្សត្រ​ ហើយអនវុត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ ដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ របស់​យើង អាហ្នឹងគឺជាតិយើងរុងរឿង ហើយយើងមិនដើរជាន់ដានប្រវត្តិសាស្រ្ដទៀតទេ ហើយយើងក៏គោរពកោតសរ​សើរ ចំពោះគោលនយោបាយ និងការដឹកនាំដ៏ត្រឹមត្រូវ របស់រដ្ឋាភិបាលយើង ដែលយើងអាចបញ្ជៀសបាន ពីហានិ​ភ័យធំៗជាច្រើន ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ»។

ចំណែកលោក ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ និងជាអ្នកតាមដាន ស្ថានការណ៍នយោបាយ ទាំង​ក្នុង​ប្រទេស និងក្រៅប្រទេស បានថ្លែងថា លោកបានតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើស្ថានការណ៍នៅ​ប្រទេ​សអាហ្វហ្គានីស្ថាន ក្រោយពីសហរដ្ឋអាមេរិក បានសម្រេចចិត្តដកកងទ័ពពីប្រទេសនេះ ដោយលោកបាន​នឹក​ស្រម៉ៃ ដល់អតីតកាលប្រមាណ៤៦ឆ្នាំមុន នៅពេលដែលប្រទេសកម្ពុជា របស់យើង មុនធ្លាក់ចូលក្នុងថ្ងៃ១៧ មេសា ឆ្នាំ១៩​៧៥​​។

លោកកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ នៅប្រទេសអាហ្វហ្គានីស្ថាន មានការ​ប្រយុ​ទ្ធ​គ្នា​ ហើយប្រជាពលរដ្ឋ បានភៀសខ្លួនចេញពីទីតាំងប្រយុទ្ធគ្នាជាដើម ដែលដូចស្ថានភាពនៅប្រទេសកម្ពុជា កាល​ពី​៤៦​ឆ្នាំមុនអញ្ចឹង ហើយកាលពីថ្ងៃម្សិលមិញនេះទៀត ជនជាតិអាហ្វហ្គានីស្ថាន បានដណ្ដើមគ្នា​ឡើងជិះយន្ត​ហោះ របស់​សហរដ្ឋអាមេរិក ដែលនាំឲ្យលោកនឹកឃើញអំឡុងពេល ដែលលោកឈរមើលមុនបែកភ្នំពេញ កាលពី​៤៦​ឆ្នាំមុន ដោយនៅស្ដាតអូឡាំពិកប្រជាជនខ្មែរ បាននាំខ្លួនលោតផ្លោះរបង ដើម្បីឡើងជិះឧទ្ធម្ភាគចក្រ របស់​សហ​រដ្ឋ​អាមេ​រិក ដែលចាកចេញពីប្រទេសកម្ពុជា។

លោក ជា ច័ន្ទ​បរិបូរណ៍ បានលើកឡើងថា «អ្វីមួយដែលខ្ញុំ ចង់និយាយ នេះគឺជាមេរៀនមួយ ដែលដូចទ្រង់សិរីមតៈ និយាយអញ្ចឹងណា៎ អ្វីមួយដែលទ្រង់សិរីមតៈ ខកបំណង គឺថា មកពីជឿជាក់សហរដ្ឋអាមេរិកពេក ដែលទីបំផុតសិរីមតៈ ក៏ត្រូវបានខ្មែរក្រហមសម្លាប់ចោលទៅ…វាជាមេរៀនទូទៅមួយ សម្រាប់យើងទាំងអស់គ្នា ត្រូវយល់ថា គ្មាន​ប្រជាជាតិណាមួយ ស្រលាញ់ជាតិសាសន៍ខ្លួនយើង ជាងខ្លួនយើងទេ ត្រង់កន្លែងហ្នឹងហើយ ដែលយើងទាំងអស់គ្នា ប្រើពាក្យថា អរគុណសន្តិភាព សន្តិភាពនេះ បានមកគឺពុំមែន ដោយសារបរទេសមករកឲ្យទេ វាជាមេរៀន សន្តិភាព បានមកអំពីការលះបង់ របស់ភាគីខ្មែរ ដែលក្ដាប់អំណាចធំជាងគេ រួចហើយបានលះបង់ អំណាចហ្នឹងទៅក្រសោប​យកខ្មែរដទៃទៀត ភាគីដទៃទៀត ឲ្យមករួមរស់ជាមួយ ដោយឲ្យស្មើមុខ ស្មើភាពគ្នា អាហ្នឹងចំណុចសំខាន់»។

មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលរូបនេះ បានលើកឡើងទៀតថា «ទាំងអស់នេះ យើងបានមើលឃើញហើយណា៎ នៅកម្ពុជាអញ្ចឹង សន្តិ​ភាព វាពុំមែនបានមកដោយងាយៗ ហើយក៏មិនអាចបរទេស មករកសន្តិភាព ឲ្យជាតិសាស​ន៍មួយបានដែរ ជាក់ស្ដែងដូចកម្ពុជាអញ្ចឹង មានតែជាតិសាសន៍ខ្លួនឯងទេ ទើបរកសន្តិភាព សម្រាប់ប្រទេសជាតិខ្លួន​ឯងបាន មានតែសន្តិភាពហ្នឹងហើយ ដែលយើងបានមើលឃើញថា កម្ពុជា គឺសន្តិភាពបានមក ដោយជាតិសាសន៍​ខ្លួនឯងរកទី១…ទី២ យើងបានមើលឃើញថា ប្រជាធិបតេយ្យ ដំណើរឆ្ពោះទៅដល់ប្រជាធិបតេយ្យ គឺមិនអាចដូច​គ្នា​បានទេ ត្រូវមានជណ្ដើមឡើងផ្សេងៗគ្នា ខាងបជ្ឈិមប្រទេសផ្សេងទៅ ខាងអាមេរិកហ្នឹងផ្សេងទៅ អាស៊ីផ្សេងទៅ ប្រទេសនីមួយៗ មានរបៀបទៅដល់ខាង ប្រជាធិបតេយ្យហ្នឹងផ្សេងៗគ្នា ទៅវប្បធម៌ សាសនា ទំនៀមទម្លាប់ ប្រពៃ​ណី អរិយធម៌ផ្សេងៗគ្នា អញ្ចឹងទៅ កន្លែងត្រង់ហ្នឹងហើយ យើងបានមើលឃើញថា ពាក្យថា អរគុណសន្តិភាព ឬក៏​សន្តិភាពនេះ ពិតជាមានតំលៃណាស់ នៅពេលដែលយើងបានមើលឃើញ អាហ្វហ្កានីស្ថាន ក្នុងរយៈពេ​លប៉ុន្មាន​ថ្ងៃ​នេះ»។

ទោះបីជាព្រឹត្តិការណ៍ ដែលបានកើតឡើង នៅអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០២១នេះ និងព្រឹត្តិការណ៍ ដែលកើតឡើងនៅកម្ពុជា កាលពី៤៦ឆ្នាំមុន ជាព្រឹត្តិការណ៍២ផ្សេងគ្នាក៏ដោយ តែមានលក្ខណៈរួមដូចគ្នា គឺការចាកចេញ របស់ស​ហ​​រដ្ឋអាមេរិក ពីរដ្ឋាភិបាលដែលខ្លួនគាំទ្រ។ ម្យ៉ាងទៀត ការចាកចេញនេះ ក៏បានធ្វើឲ្យប្រជាជន នៃប្រទេសទាំង​ពីរ​នេះ រងទុក្ខវេទនា និងស្លាប់យ៉ាងច្រើននាក់ដូចគ្នាដែរ។ ដូច្នេះ ដូចដែលអ្នកជំនាញខាងលើ បានលើឡើងហើយថា អ្វីដែលជាមេរៀន សម្រាប់អ្នកនយោបាយ និងប្រជាពលរដ្ឋខ្មែរ គួរចាំចង ក្នុងព្រឹត្តិការណ៍ទាំងពីរខាងលើនេះ គឺយើ​ងមិនគួរនាំគ្នា ពឹងអាស្រ័យលើកម្លាំង មហាអំណាចខាងក្រៅ ដោយភ្លេចអំពីការពង្រឹងសមត្ថភាពខ្លួនឯង ពង្រឹងការដឹកនាំខ្លួនឯង ពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ របស់ប្រទេសដោយខ្លួនឯងនោះទេ។ ចំពោះសន្តិ​ភាព​នៅ​កម្ពុជា ដែលថ្នាក់ដឹកនាំខិតខំ ស្វែងរកដោយលំបាកនោះ ក៏យើងត្រូវតែនាំគ្នា ចូលរួមថែរក្សា ការពារ ឲ្យបានយូរ​អង្វែ​ង​ផងដែរ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣២ នាទីutes មុន

ប្រធានសហគមន៍លើកទឹកចិត្តកសិករឱ្យបង្កើនការដាំបន្លែរួមផ្សំវិលជុំចងក្រងជាបណ្តុំ ដើម្បីឱ្យមានទីផ្សារល្អ

ព័ត៌មានជាតិ១ ម៉ោង មុន

អំណោយ​របស់​សម្ដេចធិបតី ត្រូវ​បាន​ផ្តល់​ជូន​កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា​-ថៃអនុញ្ញាតឱ្យពលរដ្ឋ​ឆ្លង​ព្រំដែនប៉ោយបែត​មុនបិទ​ទាំង​ស្រុង​ចាប់​ពី​ម៉ោង៨យប់​នេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ច្រក​តំបន់​និង​ច្រក​អន្តរជាតិ​សរុប​ចំនួន​៥ទីតាំង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ត្រូវ​បិទ​ជាស្ថាពរ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ “សហព័ន្ធយុវជនបូជាការពារយុត្តិធម៌” គោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ទោ ព្រាប ឧត្តម មេបញ្ជាការរងយោធភូមិភាគទី៥

Sokha Hotels

ព័ត៌មានពេញនិយម