Connect with us

សន្តិសុខសង្គម

បង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធOnline Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិចិន៥នាក់ និងដកហូតទូរសព្ទ១៥០គ្រឿង

បានផុស

នៅ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលលើទីតាំងស្នាក់នៅរបស់ជនបរទេសចំនួន ៣ទីតាំង ក្នុងមូលដ្ឋានខណ្ឌសែនសុខ ដោយបានរកឃើញជនជាតិចិនមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបានដកហូតសម្ភារបម្រើសកម្មភាពបទល្មើសជាច្រើន។ ប្រតិបត្តិការនេះធ្វើឡើងនៅ បុរីឡាសែនសុខ II ស្ថិតក្នុងភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាលទ្ធផល នៅពេលចុះត្រួតពិនិត្យផ្ទះលេខ៣៨ ផ្លូវលេខ៤A ក្នុងបុរីឡាសែនសុខ II សមត្ថកិច្ចបានរកឃើញជនជាតិចិនចំនួន ៥នាក់ ជាបុរសទាំងអស់ ក្នុងនោះមាន ២នាក់មិនមានលិខិតឆ្លងដែន។ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានដកហូតសម្ភារមួយចំនួន ដែលសង្ស័យថាប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា រួមមាន កុំព្យូទ័រយួរដៃ (Laptop) ចំនួន ៧គ្រឿង និងទូរសព្ទដៃចំនួន ១៥០គ្រឿង។

បន្ទាប់ពីការត្រួតពិនិត្យ និងវិភាគដោយមន្ត្រីជំនាញនៃផ្នែកប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសន្និដ្ឋានថា ទីតាំងខាងលើជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពល្បែងស៊ីសងតាមប្រព័ន្ធ អនឡាញក្លែងក្លាយ។

ក្រោយបញ្ចប់ប្រតិបត្តិការ ជនជាតិចិនចំនួន ៥នាក់ ដែលជាប់សង្ស័យពាក់ព័ន្ធករណី Online Scams ត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តនីតិវិធីបន្ត។ ចំណែកសម្ភារវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តការស្រាវជ្រាវ និងស្វែងរកបណ្តាញពាក់ព័ន្ធផ្សេងទៀត។

សម្រាប់ទីតាំងផ្ទះដែលត្រូវបានរកឃើញថាជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ត្រូវបានសមត្ថកិច្ចសម្រេចបិទឃ្លុំជាបណ្តោះអាសន្ន ខណៈជនជាតិចិនម្នាក់ដែលមិនមានលិខិតឆ្លងដែន ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាបន្តទៀត៕ អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម