Connect with us

ព័ត៌មានជាតិ

អង្គការ Water Aid ផ្សព្វផ្សាយគម្រោងមូលដ្ឋានគ្រឹះសន្តិសុខទឹក នៅថ្នាក់មូលដ្ឋាន

បានផុស

នៅ

អង្គការ Water Aid Cambodia នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា នេះបានរៀបចំកម្មវិធីផ្សព្វផ្សាយគម្រោងស្ដីពីការពង្រីកមូលដ្ឋានគ្រឹះ សម្រាប់សន្តិសុខទឹកនៅថ្នាក់ស្រុក ដែលកំពុងអនុវត្តនៅខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធយ៉ាងច្រើន ក្នុងនោះក៏មានចូលរួមពីតំណាងរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទផងដែរ។

ថ្លែងក្នុងកម្មវិធី តំណាងអង្គការ Water Aid Cambodia បានអះអាងថា កម្មវិធីនេះធ្វើឡើងដើម្បីលើកកម្ពស់គណនេយ្យភាព និងផ្សព្វផ្សាយគម្រោងគ្រប់គ្រងធនធានទឹក ដែល Water Aid អនុវត្តជាមួយតួអង្គសំខាន់ៗនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ  ហើយក៏ដើម្បីឲ្យមានការយល់ដឹងកាន់តែច្បាស់អំពីបរិបទថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលទាក់ទងនឹងការគ្រប់គ្រងធនធានទឹក និងយេនឌ័រ និងការរួមបញ្ចូលសង្គម ដើម្បីបង្កើតទំនាក់ទំនង និងការតភ្ជាប់ផែនទីតួអង្គវិស័យជាតិ និងថ្នាក់ក្រោមជាតិ (រដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាល) ដែលកំពុងធ្វើការទាក់ទងនឹងការគ្រប់គ្រងធនធានទឹក និងយេនឌ័រ និងការរួមបញ្ចូលសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊្រិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៏ជនបទ តំណាងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ បានលើកឡើងថា ការផ្គត់ផ្គង់ទឹកមានក្រសួង៤ ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលបានអនុវត្តនូវការគ្រប់គ្រង ធនធានទឹកនៅកម្ពុជា។ ចំណែកក្រសួងអភិវឌ្ឍន៍ជនបទ បាទដែលទទួលតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ ក៏ដូចជាផ្គង់ទឹកស្អាតសម្រាប់បរិភោគ និងសម្រាប់ជាប្រព័ន្ធស្រោចស្រពដំណាំ នៅសហគមន៍ជនបទ។ តាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទាក់ទងទៅនឹងទឹកស្អាត និងអនាម័យក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងមួយចំនួនទៀត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិ ឲ្យមានការអភិវឌ្ឍផ្នែកវិស័យទឹក ឱ្យមាននិរន្តរភាព និងប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។

លោក ស៊្រិន ពុទ្ធី ក្រសួងទាំងអស់ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល ធ្វើការក្នុងទិសដៅរួមមួយ កំណត់ថា ឆ្នាំ២០២៥ ទាំងនៅទីក្រុង និងនៅទីប្រជុំជន និងជនបទ ត្រូវតែមានត្រូវតែទទួលបានទឹកស្អាត១០០ ភាគរយ។  លោកថា កម្មវិធីនាថ្ងៃនេះ បានផ្ដល់សារៈប្រយោជន៍យ៉ាងសំខាន់ ដល់ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍន៍ ជាពិសេសអ្នកដែលធ្វើការលើវិស័យទឹកនេះ។  លោកបន្តថា ការគ្រប់គ្រងធនធានទឹកនេះ គឺយើងត្រូវតែមានផែនការ និងយុទ្ធសាស្ត្រគ្រប់គ្រងត្រឹមត្រូវ ហើយនៅពេលយើងនិយាយពីធនធានទឹក គឺយើងត្រូវនិយាយអំពីប្រភពទឹក ទាំងលើដី និងក្នុងដី។ ដូច្នេះដើម្បីជួយលើកកម្ពស់ការអភិវឌ្ឍធនធានទឹក ឱ្យមាននិរន្តរភាព និងការថែទាំឲ្យគង់វង្សទៅថ្ងៃខាងមុខ គឺយើងត្រូវចាប់ផ្ដើមពីពេលបច្ចុប្បន្ននេះ។

លោក ស៊្រិន ពុទ្ធី អះអាងថា នៅពេលដែលយើងមានធនធានទឹកគ្រប់គ្រាន់ គឺយើងត្រូវតែថែរក្សាគ្រប់គ្រង និងប្រើប្រាស់ឲ្យមានកម្រិត និងមានយន្តការ នៃការប្រើប្រាស់ត្រឹមត្រូវ ហើយប្រសិនបើគ្មានជាការត្រឹមត្រូវ ក្នុងការប្រើប្រាស់ធនធានទឹកទេ ទោះបីជាយើងមានទឹកប៉ុន្មានក៏អស់ដែរ។ យើងត្រូវគិតថា ប្រភពធនធានទឹក គឺជាប្រភពមួយដ៏សំខាន់ មិនអាចកាត់ថ្លៃបាន ហើយកន្លងមក ក្រសួងក៏បានផ្ទេរមុខងារការងារគ្រប់គ្រងនេះ នៅតាមបណ្ដាខេត្តចំនួន៤ មានខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំៗ នៅការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក៏ដូចជាការគ្រប់គ្រងធនធានទឹកផងដែរ ដូច្នេះថ្ងៃក្រោយរដ្ឋបាលថ្នាក់ក្រោមជាតិនិងធ្វើការងារនេះដោយផ្ទាល់ ហើយថ្នាក់ជាតិ គ្រាន់តែធ្វើគោលនយោបាយ ឬធ្វើការណែនាំបច្ចេកទេសតែប៉ុណ្ណោះ។

ដើម្បីឲ្យមានភាពកាន់តែប្រសើរ ដែលមានការទទួលខុសត្រូវខ្ពស់ លោកបានផ្ដល់អនុសាសន៍ចំនួន​៣ ទាក់ទងទៅនឹងការផ្សព្វផ្សាយគម្រោងនេះ  គឺទី១, ត្រូវគិតពីកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នពាក់ព័ន្ធទាំងអស់ ទី២, ត្រូវបន្តគិតអំពីប្រើប្រាស់បរិមាណធនធានទឹក និងការថែទាំថែរក្សាធនធានទឹក ទី៣, ត្រូវគិតអំពីគុណភាពទឹក គឺការប្រើប្រាស់ទឹកសម្រាប់បរិភោគទាំងនៅទីប្រជុំជន នៅទីក្រុង ក៏ដូចជាជនបទ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម