ព័ត៌មានជាតិ
អ្វីជាបញ្ហាប្រឈមសម្រាប់វិស័យអាកាសចរក្នុងដំណាក់កាលកូវីដ ? ស្តាប់មន្ត្រីជាន់ខ្ពស់និយាយ!
វិស័យអាកាសចរណ៍នៅកម្ពុជា បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែការរីករាលដាល នៃជំងឺកូវីដ-១៩ នៅលើពិភពលោក ធ្វើឲ្យក្រុមហ៊ុនអាកាសចរជាច្រើនស្ទើរតែដាច់ខ្យល់ទៅហើយ ដោយសារតែមិនមានភ្ញៀវធ្វើដំណើរ ក្រោមលក្ខខណ្ឌតឹងតែង ជាពិសេសការធ្វើចត្តាឡីស័កនៅ តាមបណ្តាប្រទេសមួយចំនួន ក៏ដូចជាប្រទេសជាដៃគូ ដែលតម្រូវឲ្យភ្ញៀវចំណាយពេល ក៏ដូចជាថវិកា នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានថ្លែងប្រាប់កម្ពុជាថ្មី នៅថ្ងៃទី២២ ខែកញ្ញា នេះថា ជាទូទៅយើងគាំទ្រគោលនយោបាយ និងសេចក្តីសម្រេច ឬទស្សនវិស័យ របស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងទេសចរណ៍ ដែលបានខិតខំស្វែងយល់ និងរៀបចំយុទ្ធសាស្ត្រ ដើម្បីបើកដំណើរការទេសចរណ៍ឡើងវិញ និងគោលនយោបាយចាក់ស្រោចចាក់សាំងរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតភាពសាំនៅក្នុងសហគមន៍។

លោកថា ក្រសួងទេសចរណ៍បានរៀបចំយុទ្ធសាស្ត្រ និងទិសដៅជាច្រើនសម្រាប់ទាក់ទាញ ក៏ដូចជាទទួលបានភ្ញៀវទេសចរសុវត្ថិភាព សំដៅដល់ភ្ញៀវទេសចរ ដែលចាក់វ៉ាក់សាំងរួច ដើម្បីចូលមកធ្វើទស្សនកិច្ច ក៏ដូចជាធ្វើទេសចរណ៍នៅកម្ពុជា។

បើតាមលោក ស៊ិន ចាន់សិរីវុត្ថា “ការបើកជើងហោះហើរឡើងវិញ វាអាស្រ័យទៅលើតម្រូវការរបស់ភ្ញៀវ ហើយសព្វថ្ងៃនេះ ក្រុមហ៊ុនអាកាសចរណ៍រង់ចាំតែមានភ្ញៀវប៉ុណ្ណោះ រាល់ថ្ងៃនេះគាត់ស្ទើរតែដាច់ខ្យល់ទៅហើយ ដោយសារតែមិនមានភ្ញៀវធ្វើដំណើរ ហើយប្រសិនបើមានអ្នកដំណើរ គឺមិនមានបញ្ហានោះទេ ខាងក្រុមហ៊ុនអាកាសចរណ៍ គឺត្រៀមចាំជានិច្ច ដើម្បីដឹកជញ្ជូន ប៉ុន្តែអ្វីដែលយើងសង្ឃឹមទុក គឺការហោះហើរនៅក្នុងតំបន់… ពិសេសគឺទីផ្សារប្រទេសចិន”។
លោកថា ប្រទេសចិននេះ ទោះបីយើងបើកយ៉ាងណាក៏ដោយ ក៏ពិបាកនឹងហោះហើរដែរ ដោយសារលក្ខខណ្ឌរបស់គាត់តឹងតែង គឺទីមួយ មុននឹងធ្វើដំណើរទៅប្រទេសចិន អ្នកដំណើរទាំងអស់ ទាំងជនជាតិចិន ទាំងអ្នកធ្វើដំណើរចូលទៅប្រទេសចិន គឺត្រូវធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារ ដែលកំណត់ដោយស្ថានទូតចិនរយៈពេល២សប្តាហ៍។ ដូច្នេះភ្ញៀវត្រូវចំណាយពេលអស់ពីរសប្តាហ៍ទៅហើយ។ ចំណែកនៅតាមខេត្ត នៅតាមតំបន់មួយចំនួន ក្នុងប្រទេសចិន មានតម្រូវការលក្ខខណ្ឌផ្សេងៗគ្នាថែមទៀត ដែលកន្លែងខ្លះត្រូវធ្វើចត្តាឡីស័ករយៈពេល២សប្តាហ៍ ខ្លះ៣សប្តាហ៍ ដែលបញ្ហានេះ ធ្វើឱ្យពិបាកសម្រាប់ភ្ញៀវ។

ដោយឡែកការធ្វើដំណើរចូលមកកម្ពុជា និងប្រទេសបណ្តាផ្សេងៗមួយចំនួនទៀតស្រួលទេ ពីព្រោះមិនសូវតឹងតែង ហើយការធ្វើចត្តាឡីស័កក៏ស្រួលដែរ មានតែរយៈពេល៧ថ្ងៃ នេះបើតាមមន្ត្រីដដែល។ លោកថា ភ្ញៀវដែលចូលប្រទេសកម្ពុជា មានពីប្រទេសចិន, មកពីប្រទេសផ្សេងៗតាមរយៈកូរ៉េ, មកពីប្រទេសផ្សេងៗទៀតតាមរយៈសាំងហ្គាពួរ និងមកពីប្រទេសផ្សេងៗទៀតតាមមជ្ឈិមបូព៌ា។ លោកអះអាងថា បញ្ហាសំខាន់ គឺប្រទេសដៃគូ ដែលគាត់រឹតបន្តឹង ដូច្នេះទោះបីជាយើងបើកយ៉ាងម៉េចក៏ដោយ នេះគឺជាបញ្ហាប្រឈម។

លោក ស៊ិន ចាន់សិរីវុត្ថា បានឲ្យដឹងដែរថា ចំពោះអ្នកដំណើរដែលចេញចូលកម្ពុជាភាគច្រើន គឺភ្ញៀវដែលមកលេងបងប្អូន ជាសិស្ស ជានិស្សិត និងអ្នកនៅក្រៅប្រទេស ដែលមកលេងបងប្អូន ហើយទីពីរទៀត គឺអ្នកធ្វើធុរកិច្ច អ្នកធ្វើពាណិជ្ជកម្មនៅកម្ពុជា និងអ្នកការទូតរដ្ឋបាលផ្សេងៗ។

ចំពោះអ្នកដែលមកលេងជាភ្ញៀវទេសចរណ៍តែម្ដង គឺតិចណាស់ បើទោះបីជាមិនមានតួលេខក្នុងដៃក៏ដោយ។ លោកថា ភ្ញៀវមិនទាន់ដើរលេងទេ ដោយសារតំបន់របស់យើងមិនទាន់បើកទូលាយ ជាពិសេសការធ្វើចត្តាឡីស័ក ដែលត្រូវចំណាយទាំងថវិកា និងពេលវេលា ដូច្នេះគាត់ត្រូវរង់ចាំឱកាសមួយសមរម្យ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


