Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ បវេសនកាលឆ្នាំ​២០២២ នឹងចាប់ផ្តើមបើកនៅថ្ងៃទី​១០ខែមករា តទៅ

បានផុស

នៅ

គិតត្រឹមថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២២នេះ នៅសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងនៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ថ្លែងចេញពីវិមានសន្តិភាព ព្រឹកថ្ងៃទី ០៥ ខែ មករា ថា រហូតមកដល់ពេលនេះ ដោយសារតែរាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំយុវជន និងកីឡា ធ្វើសកម្មភាពរហ័ស ទំនងជាក្រុមគ្រួសារ ឬអាណាព្យាបាលខ្លះ មិនទាន់បានដឹងថា ក្រសួងបើកបវេសនកាលនៅថ្ងៃទី ១០ ខែមករា ខាងមុខនេះទេ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ បានជូនដំណឹងដល់អាណាព្យាបាលទូទាំងប្រទេសថា ចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ ជាមួយនឹងការបើកមតេយ្យសិក្សា ដែលមានអាយុ ចាប់ពី ៣ឆ្នាំដល់ ៥ឆ្នាំ។

ទន្ទឹមនឹងការប្រកាសបើកបវេសនកាលឆ្នាំថ្មីនេះ សម្តេចតេជោ ក៏បានក្រើនរំលឹកដល់ឪពុកម្តាយ ឬអាណាព្យាបាលសិស្សទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់នឹងជំងឺកូវីដបំប្លែងខ្លួនថ្មី អូមីក្រុង ដែលកំពុងរីករាលដាលខ្លាំង និងបានឆ្លងចូលកម្ពុជាច្រើនករណីហើយដែរ។

«ខ្ញុំស្នើថា ឲ្យប្រយ័ត្នមែនទែន រឿងអូមីក្រុង…ជួនកាលយើងនៅក្នុងផ្ទះ វាចម្លងទៅកូន ដល់កូនទៅមតេយ្យវាជាភ្នាក់ងារចម្លងទៅកុមារដទៃទៀត អ៊ីញ្ចឹងទេ ឪឬម្តាយដែលកើតអូមីក្រុង ត្រូវទៅពេទ្យ ដើម្បីកុំឲ្យឆ្លងទៅកូន ហើយកូនឆ្លងទៅសាលារៀន»។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចសង្កត់ធ្ងន់ថា បច្ចុប្បន្នមានសិស្សានុសិស្សចំនួនជាង ៣លាននាក់ ដែលកំពុងសិក្សា នៅកម្ពុជា ដូច្នេះត្រូវចូលរួមការពារទាំងអស់គ្នា មិនចំពោះតែសិស្សសាលាមតេយ្យនោះទេ៕ ដោយ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម