ព័ត៌មានជាតិ
លោកស្រី ឆាយ ស៊ីវលីន៖ ការដោះចេញរបាំងរិតត្បិតនានា អាចទាក់ទាញភ្ញៀវទេសចរបរទេសឡើងវិញ
ក្រសួងទេសចរណ៍ បានសម្រេចលុបចោលលក្ខខណ្ឌតម្រូវឲ្យបង្ហាញលទ្ធផល PCR តេស្តអវិជ្ជមានរយៈពេល ៧២ម៉ោងមុនពេលមកដល់ សម្រាប់ប្រតិបត្តិករទេសចរណ៍ ទេសចរជាតិ អន្តរជាតិ និងអ្នកដំណើរទាំងអស់ ចាប់ពីថ្ងៃទី ១៧ ខែមីនា នេះតទៅ។ លើសពីនេះទៀត ក្រសួងក៏សម្រេចលុបលក្ខខណ្ឌតម្រូវឲ្យធ្វើតេស្តរហ័សពេលមកដល់ និងដាក់ឲ្យដំណើរការឡើងវិញ នូវការផ្តល់ទិដ្ឋាការពេលមកដល់ នៅគ្រប់ច្រកទ្វារអន្តរជាតិទាំងអស់ តាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ដោយបំពេញលក្ខខណ្ឌនានា ដូចធ្លាប់បានអនុវត្តមុនពេលកូវីដ-១៩។

ការលុបចោលលក្ខខណ្ឌទាំងអស់នេះ បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរដែលមានបំណងចូលកម្ពុជា។ កន្លងមកបើទោះបីយើងបានប្រកាសបើកប្រទេសតាំពីពីរបីខែមកហើយក្តី តែនៅ ត្រូវការឯកសារនានា ដែលជារបាំងមួយ ធ្វើឲ្យភ្ញៀវទេសចរ មានការលំបាក និងស្មុគស្មាញ។ នេះបើតាមការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។
លោកស្រី បញ្ជាក់ប្រាប់កម្ពុជាថ្មី នៅល្ងាចថ្ងៃទី ១៧ ខែមីនាថា «ការដោះចេញលក្ខខណ្ឌទាំងអស់នេះ ធ្វើឲ្យភ្ញៀវមិនលំបាក និងមានសម្ពាធអ្វីឡើយ»។
បើតាមអ្នកជំនាញវិស័យទេសចរណ៍រូបនេះ បច្ចុប្បន្នមានការកើនឡើងភ្ញៀវទេសចរបរទេស ប៉ុន្តែក្នុងកម្រិតមិនច្រើន កើនឡើងយឺត ដោយសាររបាំងនៃការធ្វើដំណើរ ដូចជាកម្រូវការឯកសារជាដើម។ ការដោះចេញនៃការរិតត្បិត អាចនឹងកើនឡើងវិញ នូវវិស័យដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូននឹងពិចារណា ក្នុងការបើកជើងហោះហើរ និងមធ្យោបាយធ្វើដំណើរកាន់តែសម្បូរបែប ជំរុញឲ្យភ្ញៀវទេសចរចង់មកកម្ពុជា កាន់តែច្រើន។

លោកស្រី ស៊ីវលីន បានឲ្យដឹងថា ទីផ្សារធំសម្រាប់វិស័យទេសចរកម្ពុជា មានប្រទេសថៃ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងឥណ្ឌា ជាដើម។ ការហោះហើរចូលកម្ពុជា បានចាប់ផ្តើមកើនឡើងវិញ មានដូចជា ជើងហោះហើរពីបាងកកមករាជធានីភ្នំពេញ មានមកពីហ្វីលីពីន តៃវ៉ាន់ និងកូរ៉េ។ ចំណែកប្រទេសជប៉ុន និងម៉ាឡេស៊ី កំពុងពិចារណារៀបចំហោះចូលមកកម្ពុជាផងដែរ។
សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា កំពុងធ្វើយុទ្ធសាស្រ្ត និងផែនការ ដើម្បីចាប់យកទីផ្សារដែលមានសក្កានុពល មានដូចជា ប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសភីលីពីនជាដើម។
ខណៈដែលវិស័យទេសចរណ៍ ចាប់ផ្តើមងើបឡើងវិញបន្តិចម្តងៗ លោកស្រី ឆាយ ស៊ីវលីន ព្រួយបារម្ភថា សង្រ្គាមនៅអ៊ុយក្រែន និងរុស្ស៊ី ចាប់ផ្តើមប៉ះពាល់ដល់វិស័យទេសចរណ៍ ជាពិសេសការឡើងថ្លៃប្រេង បានប៉ះពាល់ដល់កញ្ចប់ទស្សនៈកិច្ច។ មានន័យថា «ការចាប់ផ្តើមបើកប្រទេស យើងបានដាក់ចេញកញ្ចប់តម្លៃទៅឲ្យដៃគូលក់នៅក្រៅប្រទេស បើប្រេងឡើងថ្លៃភ្លាមៗដូច្នេះ ប្រាកដណាស់ថា នឹងប៉ះពាល់ដល់តម្លៃនៃកញ្ចប់ទស្សនៈកិច្ចដែលយើងបានដាក់ចេញទៅ ហើយយើងលក់អត់កើតព្រោះអ្នកផ្គត់ផ្គង់សេវាដឹកជញ្ជូនក៏ដំឡើងថ្លៃទៅតាមប្រេងនេះដែរ»។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា កាលចុងសប្តាហ៍កន្លងទៅ កម្ពុជាទទួលបានភ្ញៀវជាង ២៥ម៉ឺននាក់ កើនឡើងប្រមាណ ២៧.៣០% ធៀបនឹងចុងសប្តាហ៍កន្លងទៅមួយ ក្នុងនោះភ្ញៀវជាតិមានជាង ២៤ម៉ឺននាក់ និងភ្ញៀវបរទេសផ្ទៃក្នុងជាង១ម៉ឺននាក់៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


