ព័ត៌មានអន្ដរជាតិ
អាមេរិកព្រមានថា ចិន អាចបាញ់មីស៊ីល ជិតកោះតៃវ៉ាន់ ឬធ្វើសកម្មភាពយោធាទ្រង់ទ្រាយធំ បើលោកស្រី Pelosi បំពេញទស្សនកិច្ច (មានវីដេអូ)
សេតវិមានបានព្រមានថា ប្រទេសចិន អាចនឹងឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ជាមួយនឹងការបង្កហេតុខាងយោធា។
អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយថា នេះអាចរាប់បញ្ចូលទាំងការបាញ់មីស៊ីលនៅជិតកោះតៃវ៉ាន់ ឬសកម្មភាពជើងអាកាស ឬជើងទឹកទ្រង់ទ្រាយធំផងដែរ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់តៃវ៉ាន់ និងសហរដ្ឋអាមេរិក, លោកស្រី Pelosi មានគម្រោងទៅទស្សនកិច្ចទីក្រុងតៃប៉ិ ប៉ុន្តែរឿងនេះមិនត្រូវបានបញ្ជាក់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកឡើយ។
លោក Kirby លើកឡើងថា សកម្មភាពរបស់ចិននាថ្ងៃខាងមុខ អាចរួមបញ្ចូលទាំងការទាមទារផ្លូវច្បាប់ផងដែរ ឧទាហរណ៍ ដូចជាការអះអាងថា ច្រកសមុទ្រតៃវ៉ាន់មិនមែនជាផ្លូវទឹកអន្តរជាតិនោះទេ។
សញ្ញាផ្សេងទៀតបង្ហាញថា ទីក្រុងប៉េកាំងអាចនឹងបញ្ជូនយន្តហោះទៅកាន់កោះនេះ ដែលជាផ្នែកមួយនៃការលុកលុយ ចូលទៅក្នុងដែនអាកាសរបស់តៃវ៉ាន់តែម្តង។
តៃវ៉ាន់គឺជាកោះគ្រប់គ្រងដោយខ្លួនឯង ប៉ុន្តែចិនអះអាងថា នឹងមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើលោកស្រី Pelosi ទៅទីនោះ។
កាលពីថ្ងៃចន្ទ បេសកជនអង្គការសហប្រជាជាតិរបស់ប្រទេសចិន លោក Zhang Jun បានព្រមានថា ដំណើរទស្សនកិច្ចនេះ នឹងធ្វើឲ្យខូចដល់ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន។
លោកស្រី Pelosi ដែលជាឥស្សរជនជាន់ខ្ពស់នៅក្នុងគណបក្សប្រជាធិបតេយ្យ បានរិះគន់យ៉ាងចាស់ដៃទៅលើការដឹកនាំរបស់ប្រទេសចិន ដោយបានបរិហារកំណត់ត្រាសិទ្ធិមនុស្សរបស់ទីក្រុងប៉េកាំង។ លោកស្រី ធ្លាប់ជួបអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ និងបានទៅទស្សនាទីលាន Tiananmen ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃការសម្លាប់រង្គាលឆ្នាំ ១៩៨៩។
ប្រធានសភាអាមេរិករូបនេះ បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅអាស៊ី កាលពីថ្ងៃអាទិត្យទី៣១ខែកក្កដា ដោយនឹងឈប់នៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន។
ដើមឡើយ លោកស្រីមានគម្រោងទៅកោះតៃវ៉ាន់នៅក្នុងខែមេសា ប៉ុន្តែបានពន្យារពេលការធ្វើដំណើរនោះវិញ បន្ទាប់ពីឆ្លងជំងឺកូវីដ១៩៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចិន ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ជិតកោះតៃវ៉ាន់ ចំពេលប្រធានសភាអាមេរិក បំពេញទស្សនកិច្ច អាស៊ី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


