ព័ត៌មានជាតិ
៩៥ បណ្តឹងរបស់គណបក្ស LDP ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបដិសេធ និងតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប
នៅថ្ងៃនេះទី២៥ ខែធ្នូ ឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលលិខិតពីក្រុមប្រឹក្សាធម្មនុញ្ញដោយជូនដំណឹងថា បណ្តឹងចំនួន ៩៥ របស់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់ គ.ជ.ប ដោយសុំលុបឈ្មោះប្រជាពលរដ្ឋចេញពីបញ្ជីបោះឆ្នោតដំបូង ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរ ដោយតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ទុកជាបានការពេញទាំងមូល។

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប តំណាង គ.ជ.ប ១រូប ដែលបានចូលរួមឆ្លើយបំភ្លឺ ក្នុងសវនាការនៃក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញបានមានប្រសាសន៍ថា ការចេញសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ទុកជាបានការពេញទាំងមូលនេះមានន័យថា រាល់សេចក្តីសម្រេចរបស់ គ.ជ.ប ទាក់ទងនឹងបណ្តឹងពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង គឺជាសេចក្តីសម្រេចត្រឹមត្រូវតាមទម្រង់ និងគតិច្បាប់។
ទន្ទឹមនឹងនេះ ក្រុមការងារ គ.ជ.ប ដឹកនាំដោយលោក ហ៉ីង ធីឫទ្ធិ សមាជិក គ.ជ.ប បានចូលរួមបំភ្លឺនៅគ្រប់ដំណាក់កាលនៃការកោះហៅរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។

ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនេះ នាំឲ្យ គ.ជ.ប មានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០ និងផ្សព្វផ្សាយជាផ្លូវការ។
បញ្ជីបោះឆ្នោតផ្លូវការនឹងត្រូវផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក ហើយ គ.ជ.ប នឹងអញ្ជើញភាគីពាក់ព័ន្ធចូលរួមជាសាក្សី នៃការផ្សព្វផ្សាយបញ្ជីបោះឆ្នោតផ្លូវការនេះ។
សូមបញ្ជាក់ថា ក្នុងសំណុំរឿងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទាំង ៩៥ បណ្តឹង ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញបើកសវនាការជាសាធារណៈ និងចេញសេចក្តីសម្រេចដាច់ដោយឡែកពីគ្នាជាបីដំណាក់កាលគឺទី១, នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ក្រុមប្រឹក្សាធម្មនុញ្ញបានជំនុំជម្រះចំនួន២៨ បណ្តឹង ហើយចេញសេចក្តីសម្រេច ទទួលពាក្យបណ្តឹងទាំង ២៨ សំណុំរឿងទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់តម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ទុកជាបានការពេញទាំងមូល។

ទី២, នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ក្រុមប្រឹក្សាធម្មនុញ្ញបានជំនុំជម្រះចំនួន ២៣ បណ្តឹង ហើយចេញសេចក្តីសម្រេចច្រានចោលបណ្តឹងទាំង ២៣នេះ ដោយហេតុថា អ្នកប្តឹងបានបង្ហាញឆន្ទៈបោះបង់បណ្តឹងរបស់ខ្លួន ដោយការមិនចូលរួមសវនាការ។
ទី៣, នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ក្រុមប្រឹក្សាធម្មនុញ្ញបានជំនុំជម្រះចំនួន ៤៤ បណ្តឹង ហើយចេញសេចក្តីសម្រេចច្រានចោលបណ្តឹងទាំង៤៤នេះ ដោយហេតុថា អ្នកប្តឹងបានបង្ហាញឆន្ទៈបោះបង់បណ្តឹងរបស់ខ្លួន ដោយការមិនចូលរួមសវនាការ។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្តទៅលើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


